ប្រធានគណបក្សប្រឆាំងថ្លែងពីនាយសមុទ្រថា លោកគាំទ្រសកម្មភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវជនដែលចូលរួមប្រើប្រព័ន្ធហ្វេសប៊ុក (Faccebook) ដើម្បីតាមដានព័ត៌មានសកម្មភាពអ្នកនយោបាយ និងបញ្ហាផ្សេងៗដែលកើតមានក្នុងសង្គម។ លោកអះអាងថា នៅពេលពលរដ្ឋ និងយុវជនទទួលបានព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានតម្លាភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក៏អាចនឹងទុកចិត្តបានជាងស្ថាប័នមុន ហើយប្រការនេះអាចនឹងជំរុញឲ្យមានការផ្លាស់ប្តូរមេដឹកនាំប្រទេសបានទៅថ្ងៃអនាគត។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ចង់ឲ្យនាយករដ្ឋមន្ត្រីក្នុងតំណែងធ្វើការងារជាអ្នកដឹកនាំប្រទេសពិតប្រាកដ មានគោលនយោបាយដោះស្រាយបញ្ហាជាតិច្បាស់លាស់ ប្រសើរជាងការតាំងខ្លួនធ្វើជាយករដ្ឋមន្ត្រីហ្វេសប៊ុក។
មេគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន ថ្លែងពីសហរដ្ឋអាមេរិកថា បញ្ហាក្នុងប្រទេសកម្ពុជា មានច្រើនណាស់ ដែលថ្នាក់ដឹកនាំប្រទេសត្រូវដោះស្រាយជូនពលរដ្ឋ ដូចជាបញ្ហាព្រំដែន ការហិនហោចព្រៃឈើ បញ្ហាបាត់បង់ដីធ្លី និងផ្ទះសម្បែងជាដើម។
នាយករដ្ឋមន្ត្រីមិនត្រូវបង្វែរសាច់រឿងដែលត្រូវដោះស្រាយមានការទទួលខុសត្រូវ ទៅជាការស្វែងរកប្រជាប្រិយភាពតាមរយៈជាការថតរូប ចែកលុយ បង្ហាញតែរូបភាពកាយវិការឲ្យតែល្អមើលតាមបណ្តាញសង្គមហ្វេសប៊ុក នោះទេ៖ «អ្នកណាចង់ដណ្ដើមតំណែងហ្វេសប៊ុក យកទៅ សំខាន់នាយករដ្ឋមន្ត្រីមែនទែន គឺត្រូវតែធ្វើជានាយករដ្ឋមន្ត្រីមែនទែន កុំផ្តោតអារម្មរណ៍ធ្វើជានាយករដ្ឋមន្ត្រីហ្វេសប៊ុក»។
លោក សម រង្ស៊ី លើកឡើងបែបនេះក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៥ កុម្ភៈ ពីរដ្ឋធានីធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។
ស្របពេលគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្អួតប្រជាប្រិយភាពហ្វេសប៊ុក របស់លោកថា មានអ្នកចុចចូលចិត្ត (Like) ជាង ២លាននាក់ក្នុងរយៈពេលប្រមាណ ៤ខែកន្លងនេះ។
លោក ហ៊ុន សែន បង្អាប់ថា នៅពេលនេះ នាយករដ្ឋមន្ត្រីហ្វេសប៊ុក ធ្លាក់ពីតំណែងហើយ។ ទោះបីជាលោកថ្លែងមិនចេញឈ្មោះ ក៏ប៉ុន្តែអ្នកដែលលោកចំអកឲ្យនោះទំនងជាសំដៅទៅលើលោក សម រង្ស៊ី ខណៈដែលហ្វេសប៊ុក លោក សម រង្ស៊ី នៅពេលនេះ មានអ្នកចុច Like តិចជាងហ្វេសប៊ុក របស់លោក ហ៊ុន សែន។
មកដល់ពេលនេះ ហ្វេសប៊ុក លោក សម រង្ស៊ី មានអ្នកចុច Like ប្រមាណ ២,១លាននាក់ ចំណែកលោក លោក ហ៊ុន សែន មានអ្នក Like ប្រមាណ ២,២លាននាក់។
លោក សម រង្ស៊ី ក៏បានបញ្ជាក់ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៥ កុម្ភៈ នោះដែរថា ការបោះឆ្នោតនៅអាណត្តិក្រោយ នឹងមិនមានបាតុកម្មតវ៉ាពីលទ្ធផលឆ្នោតដូចអាណត្តិទី៥ នេះទៀតទេ។
ការបង្ហាញទំនុកចិត្តបែបនេះ ដោយសារលោកទុកចិត្តលើប្រព័ន្ធគ្រប់គ្រងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ថាអាចទុកចិត្តបានច្រើនជាងបណ្តាអាណត្តិមុនៗ៖ «ដរាបណា គ.ជ.ប ធ្វើការបានល្អ អត់ត្រូវមានការតវ៉ាស្អីទេ ហើយជាពិសេសសូមឲ្យគណបក្សដែលកំពុងកាន់អំណាចសព្វថ្ងៃកុំឡាំប៉ា សូមកុំឲ្យរារាំង សូមឲ្យយល់ព្រមផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោតដោយសន្តិវិធី»។
លោក សម រង្ស៊ី នៅពេលនេះ កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយដៃគូប្រកួតប្រជែងនយោបាយរបស់លោក គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដែរ នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន-អាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។