សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ប្រកាន់ជំហរជាថ្មីថា ពួកគាត់មិនចុះចូលធ្វើជាសមាជិកគណបក្សកាន់អំណាចជាដាច់ខាត បើទោះបីជា គណបក្សរបស់ខ្លួនត្រូវគេរំលាយចោលនៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខក្ដី។ ពួកគាត់អះអាងថា មូលហេតុដែលមិនទៅជ្រកក្រោមទង់ទេវតា ដោយសារពួកគេមើលថា មានតែគណបក្សប្រឆាំងទេ ដែលអាចស្រោចស្រង់នាវាកម្ពុជាឆ្ពោះរកប្រជាធិបតេយ្យបាន។
មន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន អះអាងថា ពួកគាត់បានសម្រេចចិត្តរួចជាស្រេចហើយ គឺនៅតែសកម្មការងាររបស់គណបក្សខ្លួនទៅមុខទៀត ដោយមិនក្បត់ឆន្ទៈរបស់ម្ចាស់ឆ្នោតឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន អ្នកស្រី វ៉ែន ដារា ឲ្យដឹងនៅថ្ងៃទី៩ វិច្ឆិកា ថា ថ្វីបើមួយរយៈចុងក្រោយនេះ មានអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មានទាំងថ្នាក់ឃុំ ស្រុក រហូតដល់អភិបាលខេត្តប៉ៃលិន បានមកបញ្ចុះបញ្ចូលអ្នកស្រី ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សខ្លួន ឲ្យទៅរួមរស់ក្រោមដំបូលទេវតាជាច្រើនលើកមកហើយក្ដី ក៏មិនអាចទិញទឹកចិត្តអ្នកស្រី។
អ្នកស្រីអះអាងថា មូលហេតុដែលមិនចុះចូលជាមួយបក្សកាន់អំណាច ព្រោះបានស្គាល់ក្រយៅច្បាស់ហើយថា គណបក្សមួយនេះមិនអាចធ្វើប្រទេសជាតិរីកចំរើនបានទេ៖ «ខ្ញុំអត់មានចាប់អារម្មណ៍បញ្ហាចុះចូលទេ គឺថាជំហរខ្ញុំនៅតែរឹងដដែល ហើយមិនមែនទើបតែអាណត្តិនេះទេ គ្រប់អាណត្តិមកហើយតែងតែគេអូសទាញខ្ញុំ។ កាលគ្រួសារខ្ញុំគេចាប់ដាក់គុក ១៣ឆ្នាំ ខ្ញុំមិនទៅផង ទម្រាំមកដល់ថ្ងៃនេះគឺដាច់ខាតហើយ សុខចិត្តធ្វើដើម្បីជាតិដើម្បីប្រជាពលរដ្ឋ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ វិច្ឆិកា បានថ្លែងសាជាថ្មីថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ នៅថ្ងៃទី១៦ វិច្ឆិកាជាពុំខាន។
ជាងនេះទៅទៀត លោក ហ៊ុន សែន បបួលមហាជនទូទៅភ្នាល់គ្នាថា ១០០ ស៊ីតែ ១ទេ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនរលាយនោះ។
អតីតកម្មាភិបាលខ្មែរក្រហមរូបនេះក៏បានដាក់ទំនាយដល់ក្រុមប្រឆាំងផងដែរថា ពួកគេទៅចុះនរកឯណាក៏ទៅៗប្រសិនបើមិនជឿលោកនោះ។
ទោះជាយ៉ាងនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន អះអាងថា បើទោះជាមានសារបែបគំរាមកំហែង របស់លោកនាយករដ្ឋមន្ត្រីយ៉ាងនេះក្ដី ក៏លោកនិងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តប៉ៃលិន មិនចុះចូលគណបក្សកាន់អំណាចជាដាច់ខាត ព្រោះលោកថា មានតែគណបក្សប្រឆាំងតែមួយគត់ ដែលអាចដឹកនាវាកម្ពុជាឆ្ពោះទៅសង្គមប្រជាធិបតេយ្យបាន៖ «ព្រោះទាំងគ្នាយើងគិតថា ការងារហ្នឹងមិនមែនជារបស់យើង ជារបស់ប្រជាពលរដ្ឋបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិ ហើយយើងមកឈរតំណាងបក្សដើម្បីបម្រើប្រជាពលរដ្ឋ ហើយដល់ពេលយើងលក់យកប្រយោជន៍ខ្លួនឯង វាផ្ទុយនឹងឆន្ទៈយើងផង និងផ្ទុយពីផលប្រយោជន៍ពលរដ្ឋផង។ដូច្នេះពួកយើងមិនអាចធ្វើជាមនុស្សងប់ងុលគិតចង់បានតែប្រយោជន៍ខ្លួនឯងទេ»។
អ្នកវិភាគស្ថានការណ៍នយោបាយលោកបណ្ឌិត មាស នី លើកឡើងថា ការរួមគ្នាស្មោះស្ម័គ្ររបស់មន្ត្រីថ្នាក់ក្រោម នៃគណបក្សសង្គ្រោះជាតិ នេះ គឺជាសញ្ញាមួយបញ្ជាក់ឲ្យឃើញថា គណបក្សមួយនេះចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។ លោក មាស នី ចាត់ទុកសកម្មភាពនេះថា ជាភាពខ្លាំងរបស់គណបក្សប្រឆាំង ដែលមិនអាចបំបែកបាន ដោយងាយឡើយ៖«អ៊ីចឹងទេខ្ញុំគិតនេះជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សសង្គ្រោះជាតិ ព្រោះគណបក្សនេះមិនមានប្រព័ន្ធផ្សព្វផ្សាយដូចគូបដិបក្ខរបស់ខ្លួនទេ ដូច្នេះមានតែផ្លូវបង្ហាញសាមគ្គីភាពមួយទេ។ រឿងនេះក៏ជាផ្នែកមួយបង្ហាញជាសញ្ញាទៅកាន់គួរបដិបក្ខរបស់ខ្លួនថា កម្លាំងនៅក្នុងមូលដ្ឋានមិនថមថយទេ ហើយមកដល់ពេលនេះ សង្គ្រោះជាតិនៅរក្សាកម្លាំងបានល្អ ព្រោះការចុះចូលមានចំនួនតិច»។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន អះអាងថា បើទោះជាមានអាជ្ញាធរគណបក្សកាន់អំណាចមកចែចូវសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សលោកជាច្រើនលើកមកហើយក៏ដោយចុះ ប៉ុន្តែលោកថា រហូតមកទល់ពេលនេះ ពុំមានសកម្មជនរបស់គណបក្សណាម្នាក់ទៅជ្រកក្រោមទង់ទេវតានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។