មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង ប្រតិកម្មនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ដែលបង្ខំឲ្យរុះរើស្លាកគណបក្សសង្គ្រោះជាតិ ចំនួន ៤ផ្ទាំងចេញពីសួនច្បារសាធារណៈ។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរក្រុងស្ទឹងត្រែង ផ្ញើលិខិតជូនគណបក្សសង្គ្រោះជាតិ កាលពីដើមខែសីហា បង្គាប់ឲ្យរុះរើស្លាកគណបក្សសង្គ្រោះជាតិ ចេញពីសួនច្បារ និងដីចំណីផ្លូវមុខស្ថាប័នរដ្ឋជាកំហិត។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ពួកគេប្រកាន់ជំហរមិនរុះរើស្លាកគណបក្សដាច់ខាត ប្រសិនបើការបង្គាប់នោះធ្វើឡើងមិនស្មើភាព និងផ្ទុយពីក្របខ័ណ្ឌច្បាប់។ លើសពីនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការបង្ខំឲ្យរុះរើនេះជាចេតនារើសអើងនិន្នាការនយោបាយ។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក សាត ស៊ិន កត់សម្គាល់ថា ស្លាកគណបក្សសង្គ្រោះជាតិ ៤ផ្ទាំង ក្នុងនោះមួយផ្ទាំងឋិតនៅសួនច្បាររង្វង់មូលអូរពងមាន់ និងបីផ្ទាំងទៀតឋិតនៅខាងក្រោយមន្ទីរវប្បធម៌ខេត្ត និងនៅរង្វង់មូលចាស់មាត់ទន្លេ ត្រូវអាជ្ញាធរក្រុងស្ទឹងត្រែង បង្គាប់ឲ្យរុះរើចេញឲ្យបានមុនថ្ងៃទី៥ ខែកញ្ញា នេះ។
លោកកត់សម្គាល់ថា ស្លាកគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរបង្គាប់ឲ្យរុះរើនោះ បានលើកតាំងពីឆ្នាំ២០១៣ ដោយមានការសម្របសម្រួលពីអាជ្ញាធរដែនដី។ លោកថា អាជ្ញាធរខេត្តស្ទឹងត្រែង បញ្ជាក់ថា ស្លាកសញ្ញាគណបក្សកាន់អំណាចអាចដាក់នៅលើសួនច្បារបាន ដោយផ្ញើជាមួយស្លាកសញ្ញាក្រុមហ៊ុនឯកជនបង់ពន្ធជូនរដ្ឋ ហើយស្លាករបស់ក្រុមហ៊ុនឯកជន ក៏ពុំឃើញអាជ្ញាធរបង្គាប់ឲ្យរុះរើដែរ៖ « ខ្ញុំគិតថា ស្លាកសញ្ញាគណបក្សអន់ជាងក្រុមហ៊ុនឯកជនទៀត។ ទូទៅគណបក្សមានន័យថា កំណត់ដោយច្បាប់ កំណត់ដោយរដ្ឋធម្មនុញ្ញសេរីពហុបក្ស។ រឿងអីគណបក្សនយោបាយតូចជាងស្លាកក្រុមហ៊ុនចឹង។ ទីតាំងណាដែលដាក់ស្លាកក្រុមហ៊ុនបាន ខ្ញុំជឿថាទីតាំងនោះក៏ត្រូវគណបក្សមានសិទ្ធិឈរស្លាកបានដែរ »។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី មានប្រសាសន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែង មានគម្រោងអភិវឌ្ឍន៍សួនច្បារ ហើយតម្រូវឲ្យស្លាកសញ្ញាគ្រប់បក្សនយោបាយទាំងអស់រុះរើចេញ ដើម្បីយកទីតាំងនោះសម្រាប់តាំងពិព័រណ៍ផ្សេងៗ ហើយអាចផ្លាស់ប្ដូរទៅរកទីតាំងណាដែលសមស្រប និងអាចទទួលយកបាន។ លោកបញ្ជាក់ថា វិធានការនេះបង្គាប់ឲ្យរុះរើគ្រប់ស្លាករបស់បក្សនយោបាយទាំងអស់ មិនមែនតែគណបក្សសង្គ្រោះជាតិ នោះទេ៖ « បីគណបក្សហ្នឹងខ្ញុំជូនដំណឹងទាំងអស់ តាមគោលការណ៍ណែនាំរបស់ខេត្ត។ អភិបាលខេត្តគាត់ឲ្យរុះរើចេញលើសួនច្បារ គាត់ថាមិនឲ្យមានស្លាកគណបក្ស សូម្បីតែគណបក្សណាក៏មិនឲ្យមានដែរ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា ប្រសិនបើការបង្ខំឲ្យរុះរើនោះធ្វើឡើងពុំមានតម្លាភាព វាជាចេតនារើសអើងបក្សនយោបាយ ដែលអាចប៉ះពាល់ដំណើរការឃោសនាបោះឆ្នោត។ លោករកឃើញថា សកម្មជនគណបក្សសង្គ្រោះជាតិ បានលើកស្លាកសញ្ញានោះជាង ៣ឆ្នាំមកហើយ ត្រូវអាជ្ញាធរដាក់ឱសានវាទឲ្យរុះរើអំឡុងពេលចុះឈ្មោះបោះឆ្នោត។ ករណីនេះហាក់ដូចជាសញ្ញាបង្ហាញពីឥទ្ធិពលរបស់គណបក្សកាន់អំណាច គាបសង្កត់គណបក្សសំឡេងភាគតិច៖ « ប្រសិនជាអាជ្ញាធរខេត្តមានគោលការណ៍ត្រូវដកចេញ ត្រូវដកទាំងអស់គ្នា។ បើដកតែគណបក្សសង្គ្រោះជាតិ ហើយគណបក្សផ្សេងនៅ ហ្នឹងជាការរើសអើងនយោបាយហើយ »។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត រាជធានី មាត្រា៦៩ថ្មី ចែងថា រាល់ការលើកស្លាកគណបក្សនយោបាយមានការសម្របសម្រួលពីអាជ្ញាធរដែនដី ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ និងសោភ័ណភាពសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។