ការិយាល័យ​បោះឆ្នោត​នៅ​​កំពង់ឆ្នាំង​មួយ​ចំនួន​រូតរះ​រៀបចំ​ឲ្យ​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​៣ មិថុនា

0:00 / 0:00

ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង រូតរះ​រៀបចំ​តុ​កៅអី និង​សម្ភារៈ​ចូល​ការិយាល័យ​ឲ្យ​បាន​រួចរាល់​តាំង​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ដើម្បី​ដំណើរការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា។

កម្លាំង​គណៈកម្មការ​ឃុំ-សង្កាត់ រៀបចំ​ការ​បោះឆ្នោត​អម​ដោយ​កម្លាំង​នគរបាល​ចន្លោះ​ពី ២ ទៅ ៣​នាក់ ក្នុង​មួយ​ការិយាល័យ កំពុង​ប្រញាប់ប្រញាល់​បិទ​ខណ្ឌប័ណ្ណ​​ និង​ចង​កៅស៊ូ​តង់​បាំង​បន្ទប់​បោះ​ឆ្នោត។

ប្រធាន​គណៈកម្មការ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​បី​ដែល​លោក​គ្រប់គ្រង ត្រូវ​បញ្ចប់​រៀបចំ​តុ កៅអី និង​បំពាក់​ភ្លើង​អំពូល​ឲ្យ​បាន​រួច​រាល់​នៅ​ត្រឹម​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ដើម្បី​ដល់​​ព្រឹក​ថ្ងៃ​ទី​៤ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដំណើរការ​ទៅ​បាន​ដោយ​រលូន ពុំ​មាន​បញ្ហា​ខ្វះខាត​សម្ភារៈ​អ្វី​ទាំង​អស់។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី ថ្លែង​ថា គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទាំង ៧៨១ ការិយាល័យ​ក្នុង​ខេត្ត បាន​ទទួល​ឯកសារ និង​សម្ភារៈ​បោះ​ឆ្នោត​គ្រប់​ចំនួន​ដែល គ.ជ.ប បាន​ផ្ដល់។ គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ភាគច្រើន​បាន​រៀបចំ​ទីតាំង​ការិយាល័យ​របស់​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ដំណើរការ​បោះឆ្នោត៖ «សម្ភារៈ​អី​គេ​បាន​ត្រួត​ពិនិត្យ​តាំង​ពី​ពេល​ព្រឹក​នៅ​ពេល​ដែល CEC យក​ទៅ​ប្រគល់​ជូន ឬ​គេ​ទៅ​យក​ពី​ទីស្នាក់ការ CEC ដែល​បាន​បិទ​ឡាំង​ប្រគល់​ជូន​ឲ្យ​គេ​ហ្នឹង គឺ​គេ​បាន​ផ្ទៀង​ផ្ទាត់​នៅ​ពេល​ព្រឹក​ហ្នឹង​ហើយ។ បើ​សិន​ជា​មាន​ការ​ខ្វះខាត​អី គឺ​គេ​នឹង​តេ (ទូរស័ព្ទ) មក​ប្រាប់ PEC ហើយ តែ​អត់​មាន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាំង​អស់ អ៊ីចឹង​បាន​ន័យ​ថា សម្ភារៈ​បាន​គ្រប់គ្រាន់​អស់​ហើយ»

អ្នកស្រី​បញ្ជាក់​ថា នៅ​តាម​ការិយាល័យ​មាន​កម្លាំង​នគរបាល​យាមកាម​កន្លែង​ដាក់​សន្លឹកឆ្នោត និង​ទុក​សម្ភារៈ​បោះឆ្នោត ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​ពុំ​មាន​ដោយ​ទីតាំង​ដាក់​ខ្លះ​នៅ​ជិត​គ្នា និង​មាន​សុវត្ថិភាព។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៤ ខែ​មិថុនា។ នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ការិយាល័យ​សរុប ៧៨១ ការិយាល័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។