ពលរដ្ឋ​ជាង​៣០០នាក់​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​១៧​នាក់

0:00 / 0:00

សកម្មជន​ការពារ​ដីធ្លី ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ ប្រមាណ៣០០នាក់ និង​អង្គ បាន​ប្រមូលផ្ដុំ​គ្នា នៅ​ខាងមុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា។ ការ​ជួបជុំ​នេះ គឺ​​ដើម្បី​ទាមទារ​ឲ្យ​មាន​ដោះលែង សកម្មជន​គណបក្ស​នយោបាយ ព្រះ​សង្ឃ និង​សកម្មជន​ការពារ​ដីធ្លី​ចំនួន ១៧​នាក់។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការ​វិវត្ត​នៃ​ការ​ឃុំ​ខ្លួន​នេះ យល់​ឃើញ​ថា ដោយ​សារ​ការ​ផ្ដល់​យុត្តិធម៌​មាន​ភាព​លម្អៀង មិន​អាច​ទទួល​យក​បាន និង​ជា​សេចក្ដី​សម្រេច មិន​ផ្អែក​លើ​ភស្តុតាង​ក្នុង​ការ​ដាក់​បន្ទុក​ឲ្យ​បាន​ត្រឹមត្រូវ នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា រហូត​ដល់​មុខ​ពន្ធនាគារ​ដូច្នេះ។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho)ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ វិច្ឆិកា ថា ប្រទេស​នៅ​លើ​ពិភព​លោក​នេះ ស្ទើរ​តែ​មិន​មាន​ទាល់តែ​សោះ ដែល​មាន​ពលរដ្ឋ​តវ៉ា​ក្រោយ​សេចក្ដី​សម្រេច​ជា​ស្ថាពរ​របស់​តុលាការ រហូត​ស្ទើរ​ដល់​បន្ទប់​ពន្ធនាគារដូច្នេះ។ លោក យល់​ឃើញ​ថា ដោយ​សារ​តែ​ការ​កាត់​ក្ដី​នេះ មិន​បាន​ដំណើរ​ការ​ទៅ​ដោយ​ភាព​ស្មោះត្រង់ ហេតុ​នេះ​គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន ទាមទារ​ឲ្យ​ដោះ​លែង​រហូត​ដល់​មុខ​ពន្ធនាគារ។ សំឡេង

យុទ្ធនាការ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី ១៦ វិច្ឆិកា នៅ​មុខ​ពន្ធនាគារ​ព្រៃស មាន​អ្នក​ចូលរួម​ប្រមាណ ៣០០នាក់។ សកម្មភាព​នេះ​គឺ​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​ស្ត្រី​ការពារ​ដីធ្លី ១០នាក់ ព្រះ​សង្ឃ៣អង្គ និង សកម្មជន​គណបក្ស​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ៤នាក់​ផង។

សកម្មភាព​នៅ​ពេល​នោះ គឺ​ព្រះសង្ឃ​​សូត្រ​កំណាព្យ​ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល ប្រឆាំង​មក​លើ​អ្នក​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព។ ដោយ​ឡែក​អ្នក​ចូលរួម​បាន​អង្គុយ​សមាធិ ដោយ​មាន​ផ្កាឈូក​ក្នុង​ដៃ និង​មាន​ពិធី​រាប់បាត្រ​ព្រះ​សង្ឃ​ផង។ ក្រៅ​ពី​នេះ ក្រុម​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី ដោយ​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​ច្រៀង​ចម្រៀង​ជា​ច្រើន​បទ។ ជាពិសេស​បទ​ទាំង​នោះ គឺ​បាន​រៀបរាប់​យ៉ាង​ពិស្ដារ​ពី​ការ​គាបសង្កត់ និង​បំបិទ​សិទ្ធ​សេរីភាព​របស់​ពួក​គេ។

នៅ​នាទី​ចុងក្រោយ មុន​នឹង​រំសាយ​ក្បួន​ម៉ោង​ជិត ១១ ថ្ងៃ​ត្រង់ ក្រុម​អ្នក​តវ៉ា​បាន​ហែ​ចេញ​ពី​មុខ​មណ្ឌល​អប់រំ​កែប្រែ​ម២ ជាទី​សម្រាប់​ឃុំ​ខ្លួន​ស្ត្រី មក​កាន់​មណ្ឌល​អប់រំ​កែប្រែម១​វិញ ដែល​យុទ្ធនាការ​នេះ គឺ​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​ដូច​គ្នា។

បើ​ទោះ​បី​ជា​ការ​តវ៉ា​របស់​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស និង​ព្រះ​សង្ឃ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ព្រម​ទាំង​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ហើយ​មាន​ពេល​ខ្លះ​ដៀមដាម បញ្ឆិតបញ្ឆៀង​ទៅ​រដ្ឋាភិបាល និង អម​ដោយ​បទ​ចម្រៀង ជាពិសេស​ការ​សូត្រ​ធម៌​ក្ដី ក៏​ពុំ​មាន​ការ​ចេញ​មុខ​ទទួល​ខុសត្រូវ ឬ​ថា សម្របសម្រួល​ពី​ខាង​ពន្ធនាគារ​ដែរ រហូត​ដល់​ពិធី​ត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​ជិត ១១ ថ្ងៃ​ត្រង់។

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា នេះ​ជា​សេចក្ដី​សម្រេច​របស់​តុលាការ។ ជាង​នេះ​ទៀត​ពុំ​មាន​បុគ្គល​ណា​មួយ ដោយ​រួម​ទាំង​រដ្ឋាភិបាល​ផង អាច​នៅ​ពី​លើ​តុលាការ​បាន​ទេ។ ហេតុ​នេះ​ក្រុម​អ្នក​តវ៉ា​គប្បី​ចូលរួម​ពង្រឹង​នីតិរដ្ឋ ឬ​ថា ការ​គោរព​ច្បាប់​វិញ​ល្អ​ជាង។ សំឡេង

ដោយ​ឡែក ក្រុម​អ្នក​តវ៉ា​បាន​ព្រមាន​ទៅ​បើ​រដ្ឋាភិបាល​វិញ​ថា បើ​អ្នក​ជាប់​ឃុំ នៅ​តែ​មិន​ត្រូវ​បាន​ដោះលែង​ទេ ពួក​គេ​នឹង​មុខ​ក្រាស់​តវ៉ា​ដូច​នេះ​ទៀត រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​មុខ​ពន្ធនាគារ លុះ​ត្រា​មាន​ដំណោះស្រាយ។ សំឡេង

យ៉ាង​ណា​ការ​ប្រមូលផ្ដុំ​របស់​ក្រុម​អ្នក​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ វិច្ឆិកា ពុំ​មាន​អំពើ​​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។ ក្រៅ​ពី​នេះ​វិញ គេ​សង្កេត​ឃើញ​ថា កម្លាំង​នគរបាល​មួយ​ចំនួន ត្រូវ​គេ​ដាក់​ល្បាត ដើម្បី​ការពារ​សុវត្ថិភាព និង ប្រើប្រាស់​របាំង​ការពារ​ច្រក​ចូល​មុខ​ពន្ធនាគារ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។