ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​ចាប់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ កំពុង​ផ្ដោត​ទៅ​លើ​ព្រឹត្តិការណ៍​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​ផ្ទុះ​អំពើ​ហិង្សា​ដោយ​ប៉ះ​ទង្គិច​គ្នា រវាង​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​នឹង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

ពលរដ្ឋ​ភាគ​ច្រើន​បាន​រិះគន់​ចំពោះ​ការ​ចាប់​តំណាង​រាស្ត្រ​ដាក់​ខ្នោះ ហើយ​ចោទ​ថា ជា​មេ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប ថ្លែង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​២ គួរ​បន្ទន់​ឥរិយាបថ​ដើម្បី​កសាង​ជាតិ​ជា​ការ​ប្រសើរ។

ពលរដ្ឋ​ភាគ​ច្រើន​មាន​ទស្សនៈ​ថា ការ​ចាប់​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ៥​រូប​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​ការ​ដុត​កម្ដៅ​ឲ្យ​មាន​អំពើ​ហិង្សា និង​នាំ​ឲ្យ​ភាព​ជាប់​គាំង​នយោបាយ​កាន់​តែ​អូស​បន្លាយ​យូរ​ថែម​ទៀត។

អ្នក​រកស៊ី​លក់​ផលិតផល​គ្រឿង​បន្លាស់​រថយន្ត នៅ​សង្កាត់​វត្ត​ភ្នំ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ថា គាត់​ជា​អ្នក​រក​ស៊ី​មិន​ប្រកាន់​គណបក្ស​នយោបាយ​ទេ។ ប៉ុន្តែ​មុខ​របរ​គាត់​លក់​ដាច់​បាន​ច្រើន ដោយសារ​តែ​ស្ថិរភាព​នយោបាយ​ដំណើរ​ការ​ល្អ​ដែរ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ បាន​ធ្វើ​ឲ្យ​គាត់​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ការ​ជាប់​គាំង​នយោបាយ​បន្ត​ទៀត៖ «ការ​ចាប់​ហ្នឹង គឺ​បន្ត​ការ​ជាប់​គាំង​ខ្លាំង​មែន​ទែន​តែ​ម្តង។ បើ​ដោះ​លែង​អាច​បន្ធូរបន្ថយ​បាន​ច្រើន ដោយ​និយាយ​បែប​សន្តិវិធី​វិញ ព្រោះ​ការ​ចាប់​ហ្នឹង​មិន​អាច​ទេ ធ្វើ​ឲ្យ​តែ​ប្រជាជន​ក្តៅ​ក្រហាយ»

អ្នក​លក់​ខោ​អាវ​នៅ​ផ្សារ​ចាស់ លោកស្រី លី សុខា ថ្លែង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​នោះ​មិន​ត្រឹមត្រូវ​ទេ។ លោកស្រី​បន្ត​ថា គាត់​បាន​ឃើញ​ផ្ទាល់​ភ្នែក ក្រុម​សន្តិសុខ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​មក​ចូលរួម​មើល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ទាមទារ​បើក​ទីលាន​ប្រជាធិបតេយ្យ ស្រាប់​ក្រុម​សន្តិសុខ​យក​ដំបង​រឹង រុំ​ក្រដាស​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ ទៅ​វាយ​ក្រុម​អ្នក​តវ៉ា​ដូច​សត្វ។ នៅ​ពេល​ពលរដ្ឋ​ឈឺ គេ​មិន​ត​ដៃ ព្រោះ​គេ​មិន​មែន​គណបក្ស​ប្រឆាំង​ផង គេ​គ្រាន់​តែ​អ្នក​ឈរ​មើល ហើយ​រដ្ឋាភិបាល​ទៅ​ចាប់​តំណាង​រាស្ត្រ​ទាំង​នោះ ចោទ​ថា​បង្ក​បញ្ហា​ទៅ​វិញ។ លោកស្រី​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នេះ ជា​លេស​បង្ខំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​ប្រជុំ​សភា៖ «រដ្ឋាភិបាល​ហ្នឹង​ខុស​ច្បាប់ មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ ព្រោះ​អី​គាត់​ធ្វើ​អ៊ីចឹង ដើម្បី​អំណាច​របស់​គាត់ គាត់​ធ្វើ​អ៊ីចឹង​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​សភា។ តែ​ខ្ញុំ​ថា​ល្បិច​រដ្ឋាភិបាល​មិន​អាច​ត្រឹមត្រូវ ខ្ញុំ​មិន​ទទួល​ស្គាល់»

នៅ​ក្នុង​ថ្លៃ​ទី​១៦ ខែ​កក្កដា នេះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​ថា បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន បាន​ដឹក​នាំ​បាតុកម្ម​ដោយ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ ដើម្បី​សម្រុក​ចូល​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ពាក្យ​ស្លោក ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ ដោយ​ប្រើ​ហិង្សា​ដ៏​កាច​សាហាវ បាន​បណ្ដាល​ឲ្យ​កង​រក្សា​សន្តិសុខ​អាជ្ញាធរ​មូលដ្ឋាន​ចំនួន ៣៨​នាក់ រង​របួស ក្នុង​នោះ ២២​នាក់​របួស​ធ្ងន់ និង ៣​នាក់​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់។

ក្រុម​អ្នក​រក​ស៊ី​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ទាំងអស់​គ្នា​ថា ក្រុម​សន្តិសុខ​បាន​ដឹក​ដំបង​មាន​រុំ​ក្រដាស​ចំនួន​មួយ​រថយន្ត ទៅ​ទម្លាក់​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​ដំបង​នោះ​វាយ​ទៅ​លើ​បាតុករ ហើយ​ក៏​មាន​ការ​ត​ដៃ​គ្នា។ ក្រុម​អ្នក​លក់​ដូរ​អះអាង​ថា សន្តិសុខ​ដែល​វាយ​បាតុករ និង​អ្នក​ឈរ​មើល​បាតុកម្ម​កាល​ពី​លើក​មុន គឺ​សាលា​រាជធានី​ភ្នំពេញ មិន​ទទួល​ស្គាល់​ថា​ជា​មន្ត្រី​របស់​គេ​ឡើយ។ ដូច្នេះ ទើប​លើក​នេះ បាតុករ និង​អ្នក​ឈរ​មើល​ឃើញ​សន្តិសុខ​យក​ដំបង​វាយ​គេ គេ​ត​ដៃ​វិញ៖ «ចាប់​អ្នក​តំណាង​រាស្ត្រ​ទាំងអស់​ហ្នឹង​អត់​ត្រឹមត្រូវ​ទេ មូលហេតុ​មក​ពី​សន្តិសុខ​វ៉ៃ​គេ​មុន ហើយ​គេ​ការពារ​ខ្លួន​ទៅ​ចាប់​គាត់ ចាប់​ម៉េច​ត្រូវ គាត់​មាន​ទៅ​ដឹង​អី​គាត់ គាត់​ដឹក​នាំ​បាតុករ​មក​គ្រាន់​តែ​មក​រក​យុត្តិធម៌​នៅ​កន្លែង​នេះ​ហ្នឹង ហើយ​ទៅ​ចាប់​គាត់​យក​ទៅ​ដាក់​អ៊ីចឹង​ម៉េច​កើត»

អាជីវករ​នៅ​វត្ត​ភ្នំ ឲ្យ​ដឹង​ថា ពលរដ្ឋ​ស្ទើរ​គ្រប់​ស្រទាប់​មាន​ទូរស័ព្ទ​ប្រើ​តាំង​ពី​អ្នក​រើស​អេតចាយ អ្នក​លក់​ត្រកួន​អី​ទៅ គេ​បាន​ដឹង​ច្បាស់​ថា អ្នក​ណា​ដឹក​នាំ​ល្អ និង​អ្នក​ដឹក​នាំ​អាក្រក់ ព្រោះ​ការ​យក​រឿង​ដែល​គេ​ដឹង​ឮ​ជា​សាធារណៈ​ទៅ​កាឡៃ ហាក់​ដូច​ជា​កាន់​តែ​ចុះ​នូវ​ឥទ្ធិពល​អ្នក​ដឹក​នាំ៖ «សូម្បី​តែ​អ្នក​លក់​ត្រកួន​ក៏​មាន​អ៊ីនធឺណិត​មើល​ដែរ ហើយ​គេ​ចេះ​បែង​ចែក​ទាំងអស់​ហើយ អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ គេ​ទទួល​យក​អស់​ហើយ ហើយ​ខ្ញុំ​ក៏​មិន​មែន​តួនាទី​បក្ស​ប្រឆាំង​អី​ដែរ គ្រាន់​តែ​អ្នក​គាំទ្រ​សន្លឹក​ឆ្នោត​ទេ»

ស្ត្រី​មួយ​រូប​ទៀត​ថ្លែង​ថា នយោបាយ​កំពុង​តែ​ស្ងប់ បែរ​ជា​ទៅ​បង្ក​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​៥​រូប ដែល​ជា​ទង្វើ​ដូច​ជា​ដុត​ឲ្យ​ក្តៅ​ទៅ​វិញ៖ «ខ្ញុំ​ធ្វើ​ថា​ការ​ធ្វើ​របៀប​នេះ គឺ​ការ​ដុត​កម្ដៅ​នយោបាយ​ឲ្យ​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ»

មន្ត្រី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា គាត់​មិន​សូវ​យល់​អំពី​ការ​ចាប់​អ្នក​តំណាង​រាស្ត្រ​ដាក់​ខ្នោះ​បែប​នេះ​សោះ មិន​ដឹង​ថា​គេ​ប្រើ​ច្បាប់​អី​ទេ៖ «ព្រោះ​ការ​ចាប់​នេះ​មិន​ធម្មតា​ទេ តំណាង​រាស្ត្រ​មួយៗ​សុទ្ធ​តែ​មាន​អភ័យ​ឯកសិទ្ធិ​គេ​រៀងៗ​ខ្លួន យើង​មិន​អាច​ចាប់​គេ​ដាក់​ខ្នោះ​អី​ទេ អា​ចាប់​ដាក់​ខ្នោះ​បាន​តែ​ប្រជារាស្ត្រ​យើង​តែ​ប៉ុណ្ណឹង​ទេ បើ​តំណាង​រាស្ត្រ​ទាល់​តែ​មក​ពី​ព្រះមហាក្សត្រ នោះ​បាន​យើង​ហ៊ាន​ចាប់​បាន»

មន្ត្រី​ប៉ូលិស​មួយ​រូប​ថ្លែង​ថា ធម្មតា​អ្នក​វាយ​គេ ហើយ​ចាប់​គេ​ចោទ​ថា​គេ​ខុស វា​មិន​ទំនង​ទេ៖ «កាល​វឹក​វ៉ៃ​បាញ់​បោះ​គេ​ហ្នឹង​មាន​កាកបាទ​ក្រហម​ឯណា​ជួយ​ផង ស្រាប់​ដល់​ពេល​នេះ​វ៉ៃ​គេ គេ​វ៉ៃ​វិញ ស្រាប់​តែ​មាន​កាកបាទ​ក្រហម​មក​ជួយ​ព្រោងព្រាត អា​ហ្នឹង​វា​មិន​ត្រឹមត្រូវ​ដែរ»

លោក សឹម ថាច រស់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កំពុង​ជិះ​ម៉ូតូ​ទៅ​កាន់​សាលា​ដំបូង ថ្លែង​ថា អ្នក​ដើរ​វាយ​គេ រដ្ឋាភិបាល​មិន​ចាប់ ទៅ​ចាប់​តំណាង​រាស្ត្រ​ដើរ​ឃាត់​គេ​ទៅ​វិញ៖ «តែ​មិន​អាច​គួរ​ចាប់​ទេ ព្រោះ​នេះ​មិន​មែន​យើង​ទៅ​វ៉ៃ​គេ​ឯណា គេ​វ៉ៃ​យើង​មុន​ទេ យើង​មាន​ការ​ទប់ទល់ គេ​ចោទ​ថា​យើង​ថា​ជា​អ្នក​បង្ក​ទៅ​វិញ អ៊ីចឹង​គួរ​តែ​រដ្ឋាភិបាល​លើក​លែង​ទោស​វិញ»

ចំណែក​អ្នក​រង់ចាំ​លទ្ធផល​ស៊ើបសួរ​អ្នក​តំណាង​រាស្ត្រ​ទាំង ៥​រូប នៅ​ក្រៅ​របង​សាលា​ដំបូង ថ្លែង​ថា សូម​ឲ្យ​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី មិន​គួរ​ចាប់​គេ​ដាក់​ខ្នោះ​ដូច​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ៖ «ហើយ​ខ្ញុំ​យល់​ទៀត​ថា កាល​ណា​ខ្មែរ និង​ខ្មែរ​វ៉ៃ​គ្នា អាច​ចង់​យក​ទឹក​ដី​នោះ​វា​ឈរ​មើល​វា​សប្បាយ​វា»

ផ្ទុយ​ពី​អ្នក​ទាំង​នោះ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ថា គណបក្ស​នយោបាយ​ទាំង​២​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ឲ្យ​ឈ្នះ​ឆ្នោត​ច្រើន​ជាង​គេ ក្នុង​ការ​ជ្រើស​រើស​សភា​អាណត្តិ​ទី​៥ មិន​ត្រូវ​ដណ្ដើម​កៅអី​គ្នា​អង្គុយ​តែ​មួយ​នោះ​ទេ ត្រូវ​មាន​ការ​ចែក​រំលែក​ទើប​ល្អ។ លោក​ថា អ្នក​ដឹក​នាំ​សម័យ​មុន ព្រោះ​តែ​គិត​ពី​អំណាច បាន​ធ្វើ​ឲ្យ​ដែន​ដី​កម្ពុជា ប្រែ​ពី​ធំ​ធេង មក​នៅ​តូច​ដូច​បច្ចុប្បន្ន៖ «មើល​ទៅ​ដណ្ដើម​ត្រូវ​រៀង​ខ្លួន គាត់​មាន​ទស្សនៈ​ត្រូវ​រៀង​ខ្លួន អត់​គិត​រឿង​ប្រជាជន និង​ប្រទេស​ជាតិ​ទេ​ពួក​គាត់ គាត់​គិត​តែ​ពី​អញ គឺ​អញ​និយម មេ​អញ​ល្អ អា​នេះ​មេ​អញ​ល្អ អត់​គិត​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​តម្រូវ​គ្នា ព្រោះ​ប្រជាជន​គ្នា​ខំ​ទៅ​បោះ​ឆ្នោត​ឲ្យ​ហើយ អត់​គិត​ពី​រឿង ថា​តើ​គេ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាជន​ចំណេញ ស្វែងរក​ភាព​នៃ​សេចក្តី​សុខ​សម្រាប់​ប្រជាជន អត់​ឃើញ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ពាក្យ​ថា បក្ស​ឈ្លោះ​គ្នា អា​មេ​មិន​គិត​រឿង​កូន​ចៅ ប្រជាពលរដ្ឋ​ដែល​គេ​ខំ​ទៅ​បោះ​ឆ្នោត​គាំទ្រ​ទាំង​សង​ខាង​ហ្នឹង»

ស្រដៀង​គ្នា​ដែរ មន្ត្រី​រាជការ​មួយ​រូប​កំពុង​ទិញ​ខោ​អាវ​ជជុះ​នៅ​ផ្សារ​ចាស់ ថ្លែង​ថា ថ្នាក់​ដឹក​នាំ​ត្រូវ​គិត​ពី​ប្រទេស​ជាតិ​ឲ្យ​ធំ​ជាង​អំណាច​របស់​ខ្លួន ទើប​ពលរដ្ឋ​គាំទ្រ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។