ការសម្រេចចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងរបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី៥ ខែសីហា ត្រូវប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញខ្លះ បង្ហាញទស្សនៈខុសៗគ្នា។ ប៉ុន្តែ ទន្ទឹមនឹងគ្នានេះ ក៏មានពលរដ្ឋមួយចំនួន មិនបញ្ចេញមតិចំពោះការចូលសច្ចាប្រណិធាននេះដែរ។
ពលរដ្ឋមួយចំនួនដែលបានតាមដានស្ថានការណ៍នយោបាយ បានសម្ដែងក្ដីសង្ឃឹមចំពោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ ដែលបានសម្រេចចិត្តស្បថចូលកាន់តំណែងក្នុងសភានេះ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ លោក សាមុត វ័យ ៤៤ឆ្នាំ ថ្លែងគាំទ្រថា ការចូលខ្លួនធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងរបស់បេក្ខជនជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ នៅពេលនេះ គឺជាការល្អ ដើម្បីធ្វើការជួយជាតិទាំងអស់នេះ និងដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ។ ប៉ុន្តែនៅពេលដែលសួរ តើពួកគាត់អាចធ្វើការជាមួយគ្នា ដើម្បីជួយជាតិមែនដែរឬទេនោះ? លោករាងដំអក់បន្តិច ហើយថាអស់យោបល់តែម្ដង៖ «សំឡេង»។
ចំណែកអាជីវករលក់ដូងមួយរូបនៅផ្សារដើមគ គឺលោក យឿន សង្ឃឹមថា គណបក្សប្រឆាំងចូលខ្លួនធ្វើការនៅសភានៅពេលនេះ លោកជឿថាមានយុទ្ធសាស្ត្ររួចហើយ ដើម្បីទប់ទល់ និងធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ពលរដ្ឋ៖ «សំឡេង»។
ចំណែក កញ្ញា ពុទ្ធិនាថ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្ដែងការមិនទុកចិត្តចំពោះគណបក្សទាំងពីរ ថាអាចធ្វើការជាមួយគ្នានោះ។ ការមិនទុកចិត្តរបស់នាងនៅត្រង់ថា កន្លងមកនាងមើលឃើញថា គណបក្សទាំងពីរឈ្លោះតែគ្នា ដើម្បីដណ្ដើមអំណាច៖ «សំឡេង»។
ពិសិដ្ឋ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា ការចូលខ្លួនរបស់បក្សប្រឆាំងនៅពេលនេះ អាចនឹងបញ្ចប់ការតវ៉ា ឬបាតុកម្មនៅថ្ងៃខាងមុខ ហើយខិតខំធ្វើការដើម្បីប្រយោជន៍ជាតិ៖ «សំឡេង»។
ថ្វីត្បិតតែមានការបញ្ចេញទស្សនៈផ្សេងៗគ្នាយ៉ាងនេះក្ដី ទន្ទឹមនឹងគ្នានេះ ក៏មានពលរដ្ឋមួយចំនួនបានគ្រវីក្បាលមិនផ្ដល់សម្ភាស និងអ្នកខ្លះថ្លែងថា គាត់មិនចង់និយាយរឿងនយោបាយ ហើយអ្នកនយោបាយដូចតែគ្នា គ្មាននរណាល្អជាងនរណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។