មន្ត្រីដែលកំពុងបម្រើការនៅតាមស្ថាប័នរបស់រដ្ឋ រួមមានមន្ត្រីនៅតាមបណ្ដាខេត្ត មន្ទីរ ក្រសួង រួមនឹងយោធាផង បានធ្វើញត្តិគាំទ្ររដ្ឋាភិបាលព្រមៗគ្នាជាហូរហែ ប្រឆាំងចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ការចេញញត្តិគាំទ្ររដ្ឋាភិបាលនេះកើតមានក្រោយពីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងមេដឹកនាំបក្សសង្គ្រោះជាតិ ដោយចោទថា បានប្រមាថដល់អង្គព្រះមហាក្សត្រតាមរយៈពេលលិខិតឯកជនរបស់លោកថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២ មេសា។
ញត្តិគាំទ្ររដ្ឋាភិបាលបានប្រកាសផ្សាយជាបន្តបន្ទាប់ ដែលបានបង្ហាញភក្ដីភាពមកលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក្នុងខ្លឹមសារនេះញត្តិទាំងនោះបានចាត់ទុកលិខិតរបស់មេដឹកនាំបក្សប្រឆាំងទូលថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២ មេសា ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ ដែលការពារដោយរដ្ឋធម្មនុញ្ញហើយនោះ។
ញត្តិទាំងនោះរួមមានចាប់ពីថ្នាក់អភិបាលខេត្តជាអាទិ៍ អភិបាលខេត្តកណ្ដាលលោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស និងនាយឧត្ដមសេនីយ៍ គន់ គីម អង្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនាយឧត្ដមសេនីយ៍ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ព្រឹទ្ធសភា និងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ។ល។
ចំណែកខ្លឹមសារនៃញត្តិនីមួយៗ ដែលបង្ហាញពីការគាំទ្រនេះ សុទ្ធតែបានអះអាងថា ជាតំណាងឲ្យមន្ត្រីរាជការទាំងមូល ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ហើយប្រឆាំងដាច់ខាតលិខិតរបស់លោក សម រង្ស៊ី និងគាំទ្រឥតងាករេចំពោះសេចក្ដីសម្រេចទាំងឡាយរបស់រដ្ឋសភា និងរដ្ឋាភិបាល ដែលបានព្រមាន និងថ្កោលទោសមេដឹកនាំប្រឆាំងកាលពីថ្ងៃទី៤ និងថ្ងៃទី៥ កន្លងទៅនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង បានទេ ដោយលោកអះអាងយ៉ាងខ្លីថា ទូរស័ព្ទមិនអាចស្ដាប់បានមុនដាក់ទូរស័ព្ទចុះ ហើយព្យាយាមបន្តបន្ទាប់ទៀត ទូរស័ព្ទរបស់លោកបានកាត់ផ្ដាច់រហូត។
ក្នុងចំណោមអ្នកចេញញត្តិគាំទ្រពីជំហររដ្ឋាភិបាលទាំងនោះ លោក ថៅ វាសនា អះអាងថា លោកមានការខកចិត្តជាខ្លាំងចំពោះសកម្មភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ។ទោះជាបែបណាលោកពុំបានបង្ហាញពីជំហរផ្លូវច្បាប់ប្រឆាំងលោក សម រង្ស៊ី នៅឡើយទេ នៅពេលនេះ។
លោក ថៅ វាសនា៖ «ខ្ញុំបាទគឺគ្រាន់តែចង់ថា សំដែងនៅការសោកស្ដាយចំពោះលិខិតរបស់លោក សម រង្ស៊ី ដែលលោកជាប្រធានគណបក្សប្រឆាំងមួយ ដែលលោកមិនបានគោរពសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានសម្រេចនូវភាពត្រឹមត្រូវ និងភាពស្របច្បាប់។ ចំពោះការបើកសម័យប្រជុំសភាជាលើកដំបូងនោះ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហៅការប្រមូលផ្ដុំថ្កោលទោសប្រឆាំងរូបលោកនៅពេលនេះថា ជាល្បែងនយោបាយមួយដែលគណបក្សប្រជាជនកម្ពុជា ចង់គាបស៊ីលោកប៉ុណ្ណោះ ហើយក៏ជាឆាកល្ខោនដែលរដ្ឋាភិបាលរៀបចំថែមទៀតផង។ លោកបន្តថា បញ្ហានេះពុំមានអ្វីដែលគួរឲ្យភ័យខ្លាច និងជាការចាប់អារម្មណសោះឡើយ ព្រោះថា អ្វីដែលលោកបានទូលថ្វាយព្រះមហាក្សត្រនៅគ្រានោះ គឺជារឿងដែលមនុស្សទូទៅបានដឹងរួចជាស្រេចអស់មកហើយ។
លោក សម រង្ស៊ី៖ «ខ្ញុំសរសេរទូលថ្វាយព្រះមហាក្សត្រ គឺសុទ្ធតែជាការពិតទាំងអស់ ហើយដូចដែលខ្ញុំបានធ្លាប់និយាយ ហើយមិនមែនតែខ្ញុំទេ អ្នកសង្កេតជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ឯករាជ្យ គេបានលើករឿងដែលខ្ញុំបានលើកទូលថ្វាយព្រះមហាក្សត្រហ្នឹង គេបានលើកជាច្រើនលើកច្រើនសាទៅហើយ។ ខ្ញុំគ្រាន់តែនិយាយសាជាថ្មីម្ដងទៀត ក្នុងឱកាសបើកសម័យប្រជុំលើកទីពីរនៃរដ្ឋសភាថ្មីៗនេះ»។
ទំនាស់រវាងគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅក្នុងរដ្ឋសភា បានកើតឡើងតាំងពីប្រកាសលទ្ធផលបោះឆ្នោត ហើយការកើតឡើងពេលនេះ នៅចំពេលដែលការចរចាម្ដងជាពីរដងរបស់តំណាងគណបក្សនយោបាយ និងមេដឹកនាំកំពូលទាំងពីរបានបរាជ័យ ជាបន្តបន្ទាប់មកហើយ។ ការមិនអាចរកចំណុចរួមបាននេះរហូតកិច្ចប្រជុំលើកចុងក្រោយ គូភាគីទាំងពីរពុំអាចចេញសេចក្ដីថ្លែងការណ៍រួមបាន។
ប្រតិកម្មភ្លាមៗរបស់រដ្ឋសភា និងរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីលិខិតទូលថ្វាយព្រះមហាក្សត្ររបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២ មេសា មានខ្លឹមសារថា រដ្ឋសភាបច្ចុប្បន្នដែលបានបង្កើតឡើងកាលពីថ្ងៃទី២៣ កញ្ញា គឺជាសភាឯកបក្ស ដែលមានតែតំណាងមកពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ពុំមែនជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ លិខិតទូលថ្វាយព្រះមហាក្សត្ររបស់លោក សម រង្ស៊ី នៅពេលនោះ គឺជាការឆ្លើយតបនឹងព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភា នាសម័យប្រជុំលើកទី២ កាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ។
លោក កែម ឡី អ្នកវិភាគសង្គមថ្លែងថា នេះជាវិធីកម្ទេចចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ កាលណាមធ្យោបាយការទូតប្រើប្រាស់អស់លទ្ធភាពនេះជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលតែងបានអនុវត្ត ដើម្បីធ្វើដៃគូត្រូវចុះខ្សោយ ឬកម្ទេចចោលតែម្ដង ក្នុងករណីហ្នឹងមិនអាចចំណេញដល់ការចរចានោះទេ។ លោកបន្តថា ការបន្តចេញញត្តិគាំទ្រពីគោលជំហររដ្ឋាភិបាលពីសមាជិករបស់ខ្លួន គឺមិនខុសពីដើមឈើរេតាមកម្លាំងខ្យល់នោះដែរ។
លោក កែម ឡី៖ «វាគ្រាន់តែជាការប្រើប្រាស់នូវគេហៅថា ជាប្រព័ន្ធចុងក្រោយ ឬក៏ក្បាច់ចុងក្រោយ។ បើសិនមិនឈ្នះហើយ គេកម្ទេចចោលតែម្ដង»។
ញត្តិគាំទ្រស្ថាប័នរដ្ឋាភិបាល មានមន្ទីរ ក្រសួង និងអភិបាលខេត្តផង ព្រមទាំងស្ថាប័នត្រួតពិនិត្យការអនុវត្តច្បាប់ គឺរដ្ឋសភា និងព្រឹទ្ធសភា ជាពិសេសគឺទីបញ្ជាការយោធាចាត់ទុកថា លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ និងថ្កោលទោសយ៉ាងដាច់អហង្ការប្រឆាំងនឹងលិខិតរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ។ ចំណែកលោក កែម ឡី វិញ ចាត់ទុកថា វាមិនទាស់ខុសឡើយ និងថែមទាំងមិនផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញទៀតផង ដោយគ្រាន់តែលិខិតទូលថ្វាយ ដែលវាពុំមែនជាឧបករណ៍ក្នុងចេតនាបំផ្លាញ ឬបង្កចលាចលនោះ។
ចំណែកក្រសួងយុត្តិធម៌ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការចំពោះមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ តាមរយៈលិខិតរបស់លោក ដែលចុះថ្ងៃទី២ ខែមេសា តបទៅនឹងព្រះរាជសារបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភា នីតិកាលទី៥ កាលពីថ្ងៃទី១ ខែមេសា។
ក្រសួងយុត្តិធម៌បានចាត់ទុកលិខិតរបស់លោក សម រង្ស៊ី ដែលថា សភាឯកបក្សមិនឆ្លុះបង្ហាញពីឆន្ទៈប្រជាពលរដ្ឋ ដោយគ្មានអ្នកតំណាងរាស្ត្រ ១២០រូបចូលរួមប្រជុំនោះថា គឺជាការអះអាងផ្ទុយពីរដ្ឋធម្មនុញ្ញ និងមិនអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
