ក្រោយការប្រកាសលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលយកលទ្ធផលនោះ និងបានស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយបញ្ហាទាំងឡាយ។ សំណើនេះ មិនទាន់បានទទួលការឆ្លើយតបពីខាង គ.ជ.ប នៅឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បើសិនជា គ.ជ.ប ពិនិត្យឃើញថា ជាការចាំបាច់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីជំហគាំទ្រឱ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីទាំងឡាយដែលកើតមានទាក់ទងនឹងការបោះឆ្នោត។
ថ្លែងនៅក្នុងទស្សនកិច្ចពិនិត្យការដ្ឋានសង់ស្ពានអាកាសស្ទឹងមានជ័យ នៅរសៀលថ្ងៃទី៣១ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកសូមស្វាគមន៍ចំពោះយន្តការដោះស្រាយបញ្ហាទាំងឡាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យមានការចូលរួមពីគណបក្សនយោបាយ និងសង្គមស៊ីវិល បើសិនជា គ.ជ.ប គិតថា ជារឿងចាំបាច់៖ «ទាក់ទងនឹងវិវាទនៃការបោះឆ្នោត គឺគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ មានភារកិច្ចដោះស្រាយ។ ប៉ុន្តែបើសិនជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត យល់ឃើញថា មានការចាំបាច់ឱ្យគណបក្សនយោបាយចូលរួម សង្គមស៊ីវិលចូលរួម សម្រាប់ខាងរាជរដ្ឋាភិបាល និងគណបក្សប្រជាជន សូមស្វាគមន៍នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញពីតម្លាភាព និងដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការពិភាក្សានយោបាយក្នុងចំណោមគណបក្សដែលមានអាសនៈក្នុងសភា ហើយលោកបានសង្កត់ធ្ងន់ថា រាល់បញ្ហាទាំងឡាយដែលមាន គឺត្រូវតែមានការដោះស្រាយដោយភាគីខ្មែរគ្នាឯង មិនអាចឱ្យសហគមន៍អន្តរជាតិណាមកចូលរួមនៅក្នុងរឿងនេះទេ។
លោក ហ៊ុន សែន៖ «ចំណុចនានាពាក់ព័ន្ធជាមួយនឹងការសម្របសម្រួលរវាងគណបក្សនយោបាយ គណបក្សប្រជាជនសូមជម្រាបថា បានប្រជុំអចិន្ត្រៃយ៍របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា កន្លងផុតទៅនេះ។ ក្នុងនោះ គឺយើងបានត្រៀមខ្លួនដើម្បីបើកចំហពិភាក្សានយោបាយរវាងបក្សនយោបាយដែលមានអាសនៈក្នុងសភា ដើម្បីពិភាក្សាគ្នារៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋ។ ខ្ញុំគិតថា នេះជាដំណើរដែលគ្មានអ្នកណាដោះស្រាយជំនួសខ្មែរនឹងខ្មែរគ្នាឯងបានទេ មិនអាចយកបរទេសមកដោះស្រាយជំនួសយើង ហើយបរទេសមានតែការលើកទឹកចិត្តយើងឱ្យមានការសន្ទនាគ្នា»។
ជាមួយគ្នានេះដែរ វេទិកាសិទ្ធិមនុស្ស និងការអភិវឌ្ឍអាស៊ី (FORUM-ASIA) ដែលជាក្រុមសិទ្ធិមនុស្សមាន ៤៧អង្គការ សមាជិកពី ១៦ ប្រទេសផ្សេងគ្នានៅតំបន់អាស៊ី នៅថ្ងៃទី៣១ កក្កដា នេះដែរ បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញក្តីព្រួយបារម្ភចំពោះភាពមិនស្របច្បាប់ជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការបោះឆ្នោតរាប់ទាំងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាព រហូតដល់ការបន្លំបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិនាពេលកន្លងមក។
វេទិកានេះបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានទាត់ចោលការអំពាវនាវជាអាទិភាពដែលស្នើដោយសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមបញ្ចូលទាំងការទាមទារ ៥យ៉ាងរបស់វេទិកាអាស៊ី និងសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA ដើម្បីឱ្យរដ្ឋាភិបាលធានាបាននូវការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សមួយនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យចំពោះរាល់បញ្ហាដែលខ្លួនបានលើកឡើង និងទទូចឱ្យអាជ្ញាធរបើកទូលាយចំពោះការប្រកួតប្រជែងដោយសន្តិភាព រហូតដល់លទ្ធផលបោះឆ្នោត រួមបញ្ចូលទាំងការតវ៉ា និងការជួបប្រជុំជាសាធារណៈផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។