“តម្លៃ​អគ្គិសនី​ពី​បណ្ដាញ​វារីអគ្គិសនី​ស្ទឹង​អាតៃ​អាច​នឹង​ធ្លាក់​ចុះ”

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា មាន​ប្រសាសន៍​ថា តម្លៃ​ប្រើប្រាស់​អគ្គិសនី​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​បណ្ដាញ​វារីអគ្គិសនី​ស្ទឹង​អាតៃ ទៅ​ដល់ អាច​នឹង​ធ្លាក់​ចុះ​នៅ​ប្រហែល ១​ពាន់​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង ខណៈ​ដែល​កន្លែង​ខ្លះ​មាន​តម្លៃ​រហូត​ដល់ ២​ពាន់ ទៅ ៣​ពាន់​រៀល ក្នុង​១​គីឡូវ៉ាត់​ម៉ោង នៅ​ពេល​បច្ចុប្បន្ន។

ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វារីអគ្គិសនី​ស្ទឹង​អាតៃ របស់​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ឆាណា ដាថាំង ខបផូរ៉េសិន (China Datang Corporation) នៅ​ខេត្ត​ពោធិ៍សាត់ មាន​កម្លាំង ១២០​មេហ្គាវ៉ាត់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​នេះ​ទៅ​កាន់​តំបន់​ដែល​ពលរដ្ឋ​កំពុង​ប្រើប្រាស់​ថាមពល​អគ្គិសនី​ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន ក្នុង​គោល​បំណង​ឲ្យ​តម្លៃ​អគ្គិសនី​នៅ​តំបន់​ទាំង​នោះ​មាន​ការ​ធ្លាក់​ចុះ បើ​ទោះ​បី​ជា​វា​មិន​ទាន់​បាន​តាម​បំណង​ដែល​ប្រជាពលរដ្ឋ​ចង់​បាន។

ស្ថានីយ​ផលិត​អគ្គិសនី​ស្ទឹង​អាតៃ មាន​លទ្ធភាព​ផលិត​ថាមពល​បាន ១២០​មេហ្គាវ៉ាត់ ដែល​មាន​ខ្សែ​បញ្ជូន​អគ្គិសនី​ចម្ងាយ ១៧៥​គីឡូម៉ែត្រ ពី​អនុ​ស្ថានីយ​អូរសោម មក​កាន់​អនុ​ស្ថានីយ​ពោធិ៍សាត់។ អនុ​ស្ថានីយ​នេះ នឹង​ត​ភ្ជាប់​បណ្ដាញ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ទៅ​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង ចម្ងាយ ៣០២​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។