ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាប់រយនាក់ មិនអាចទៅចុះឈ្មោះបោះឆ្នោតបាន ដោយសារអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិដែលពួកគាត់រស់នៅមិនចេញលិខិតបញ្ជាក់សៀវភៅស្នាក់នៅជូនពួកគាត់។ ប៉ុន្តែមេភូមិបដិសេធចំពោះការចោទប្រកាន់នេះ។
ពលរដ្ឋដែលពុំបានចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែត ប្រមាណ ៤០នាក់ ដោយអ្នកខ្លះមានកាន់ឯកសារមកជាមួយផងនោះ បានទៅជួបជុំគ្នានៅខាងមុខផ្ទះរបស់អ្នកភូមិមួយកន្លែង ចម្ងាយប្រមាណ ២០០ម៉ែត្រពីអូរព្រំដែនកម្ពុជា-ថៃ ហើយបានរៀបរាប់ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ថា ពួកគាត់មិនអាចទៅចុះឈ្មោះបោះឆ្នោតបាននោះទេ។
អ្នកភូមិបញ្ជាក់ថា មូលហេតុដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន ដោយសារប៉ូលិសសង្កាត់ប៉ោយប៉ែត និងមេភូមិទំនប់កប្រាំ សង្កាត់នេះ មិនព្រមធ្វើសៀវភៅស្នាក់នៅជូនពួកគាត់៖ «អាជ្ញាធរអត់ធ្វើលិខិតស្នាមឲ្យពួកខ្ញុំទេ តើឲ្យខ្ញុំទៅរំពឹងអ្នកណា? ពួកខ្ញុំជាពលរដ្ឋក្រីក្ររកបានព្រឹកខ្លះល្ងាចគ្មានលទ្ធភាពធ្វើលិខិតស្នាមទេ។ ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែរ ហេតុអីបានជាខ្ញុំចុះឈ្មោះបោះឆ្នោតមិនបានដូចគេ? ព្រឹកមិញខ្ញុំបញ្ជាក់ពីប៉ូលិសគាត់ដេញខ្ញុំឲ្យទៅធ្វើពីមេភូមិ ប៉ុន្តែមេភូមិមិនធ្វើលិខិតបញ្ជាក់សៀវភៅស្នាក់នៅឲ្យខ្ញុំទេ»។
ពលរដ្ឋដែលបានយកឯកសារមកបង្ហាញនៅកន្លែងជួបជុំគ្នានោះ ឃើញមានឈ្មោះអ្នកដែលមិនអាចទៅចុះឈ្មោះបោះឆ្នោតនៅក្នុងភូមិទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ប្រមាណ ១០០នាក់។ ក្នុងនោះអ្នកខ្លះមកតាំងទីលំនៅប្រមាណពី ៥ខែ ទៅ ១៥ឆ្នាំ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិទំនប់កប្រាំ លោក ឈុន ស្រ៊ាង មានប្រសាសន៍ថា លោកពុំមានចេតនាគេចវេះរឿងការបញ្ជាក់សៀវភៅស្នាក់របស់ប្រជាពលរដ្ឋដូចការចោទប្រកាន់នោះឡើយ។ លោកអះអាងថា រហូតមកលោកយកចិត្តទុកដាក់ធ្វើការងារនេះជូនពលរដ្ឋជាប្រចាំ៖ «ខ្ញុំមិនដែលប្រើភាសាបែបនេះជាមួយប្រជាពលរដ្ឋទេ កុំនិយាយបង្ខូចឈ្មោះខ្ញុំអី។ ជាទូទៅខ្ញុំឲ្យប្រជាពលរដ្ឋមកធ្វើលិខិតស្នាម គឺខ្ញុំធ្វើឲ្យពួកគាត់មិនដែលគិតរឿងលុយកាក់ទេ ហើយថែមទាំងប្រាប់ពួកគាត់ប្រញាប់មកយកទៀត»។
ទោះជាយ៉ាងនេះក្ដីចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត គណបក្ស សម រង្ស៊ី លោក ចៅ វាសនា មានប្រសាសន៍ថា ពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ដែលពុំមានឯកសារគ្រប់គ្រាន់ដើម្បីយកទៅចុះឈ្មោះឆ្នោតមានប្រមាណ ២ពាន់នាក់។ លោកបញ្ជាក់ថា ពលរដ្ឋទាំងនោះជួបការលំបាក ដោយសារអាជ្ញាធរសង្កាត់បង្កការលំបាកទៅលើការធ្វើលិខិតស្នាមជូនពួកគាត់៖ «សួរទៅខាងណាក៏ឆ្លើយមូលហេតុអ៊ីចេះមូលហេតុអ៊ីចុះ រហូតធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ ហើយក៏សម្រេចចិត្តបោះបង់ធ្វើឯកសារចុះឈ្មោះបោះឆ្នោតទៅ»។
មន្ត្រីផ្នែកស៊ើបអង្កេត និងតស៊ូមតិអង្គការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បញ្ជាក់ថា ករណីដែលអាជ្ញាធរមិនបានបញ្ជាក់ឯកសារជូនពលរដ្ឋដើម្បីយកទៅចុះឈ្មោះបោះឆ្នោត នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ៖ «ដើម្បីជាដំណោះស្រាយក្នុងករណីនេះ អាជ្ញាធរគួរសម្របសម្រួលធ្វើណាឲ្យពលរដ្ឋធ្វើលិខិតបញ្ជាក់ផ្សេងៗបាន ដើម្បីពួកគាត់យកទៅតាមបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោតបាន»។
ច្បាប់បោះឆ្នោតមាត្រាទី៤៦ សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតថ្មីចែងថា ដើម្បីបោះឆ្នោតបាន ពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតមានទីលំនៅឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវដកសិទ្ធិបោះឆ្នោត ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។