គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ប្រតិកម្មរឿងអាជ្ញាធរបិទផ្លូវរារាំងមិនឲ្យគណបក្សសង្គ្រោះជាតិ ជួបជុំដង្ហែញត្តិដាក់ជូនស្ថានទូតប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី៥ ខែកញ្ញា។ រីឯសាលាក្រុងភ្នំពេញពន្យល់ថា ការបិទផ្លូវនេះព្រោះបក្សប្រឆាំងមិនបានសុំច្បាប់អនុញ្ញាត។
គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ចាត់ទុកការដាក់កងកម្លាំងចម្រុះព្រោងព្រាត និងដាក់រនាំងបិទផ្លូវជាតិលេខ២ នៅម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា គឺជាការរំលោភសិទ្ធិដើរហើររបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងទាញឲ្យស្ថានការណ៍ប្រទេសទៅជារបបផ្ដាច់ការ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីទៅដល់ទីស្នាក់ការកណ្ដាលគណបក្សនៅសង្កាត់ចាក់អង្រែលើ យ៉ាងលំបាកថា ទង្វើរបស់អាជ្ញាធរបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាច ព្រមទាំងបង្កផលលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរ និងជនបរទេស៖ « រដ្ឋាភិបាលតែងអះអាងថា ប្រទេសសន្តិភាព ហើយបើមើលទៅព្រឹកមិញ គឺប្រទេសកម្ពុជា អត់មានសន្តិភាពទេ »។
លោក សុន ឆ័យ បញ្ជាក់បន្ថែមថា គណបក្សសង្គ្រោះជាតិ គ្មានបំណងធ្វើបាតុកម្មនោះទេ ដូច្នេះលោកមិនយល់អំពីមូលហេតុនៃការបិទផ្លូវឡើយ៖ « ការនាំលិខិតទៅស្ថានទូត គឺមិនមែនជាការអ្វីដែលខុសច្បាប់ទេ »។
តាំងពីព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា សមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ បានដាក់ពង្រាយកម្លាំងរាប់សិបនាក់ និងដាក់រនាំងបិទកំណាត់ផ្លូវលេខ២ ប្រមាណ ៥ដំណាក់ ចាប់ពីស្ពានអាកាសក្បាលថ្នល់ រហូតដល់ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ដើម្បីរារាំងការដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូតនានាដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការដាក់ញត្តិនេះ ក្នុងបំណងប្រាប់ពីស្ថានភាពនយោបាយនៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត និងការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
ចំពោះស្ថានភាពដាក់រនាំងបិទផ្លូវនេះ បានធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកដំណើរខឹងសម្បា ដ្បិតពួកគេត្រូវខកខានទៅធ្វើការ និងបំពេញភារកិច្ចផ្សេងៗ រួមទាំងសិស្សនិស្សិត ពិសេសអ្នកជំងឺត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ពលរដ្ឋម្នាក់បានរៀបរាប់ទាំងហួសចិត្តថា អាជ្ញាធរមិនគួរបិទផ្លូវបែបនេះទេ ព្រោះធ្វើឲ្យប៉ះពាល់ពលរដ្ឋយ៉ាងខ្លាំង៖ « សោកស្ដាយ អាជ្ញាធរមិនដឹងយល់ឃើញបែបម៉េច បានជាធ្វើដូចជាការយល់សប្ដិអ៊ីចឹង ធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋ ជាពិសេសនៅភ្នំពេញ ព្រោះតែដើរគេមិនឲ្យឆ្លងកាត់ផង »។
រីឯអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ ក៏ត្អូញត្អែរថា ការបិទផ្លូវនេះបានធ្វើឲ្យគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ចិញ្ចឹមគ្រួសារ៖ « ព្រឹកឡើងទៅដឹកម៉ូយដើម្បីចិញ្ចឹមជីវភាព តែឥឡូវទៅអត់រួច »។
លើសពីនេះ មានការិះគន់ជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Laneth lana បានសរសេរសារបង្ហោះអមដោយរូបភាពបុរសចំណាស់ម្នាក់កំពុងដេកលើឡានថា «ពិតជាឈឺចាប់ណាស់ ទោះអង្វរសុំបើកផ្លូវឡានមួយចូល ដើម្បីយកប៉ាខ្ញុំទៅពេទ្យ ខណៈដែលគាត់កំពុងថ្ងូរឈឺចាប់ក្នុងឡានត្រូវការព្យាបាល។ ហេតុអីឃោរឃៅដាច់ធម៌មេត្តាម្ល៉េះ ! ខ្ញុំគ្មានអាវុធគ្មានកាំភ្លើង ហេតុអីខ្លាចដល់ថ្នាក់ហ្នឹង ? ទាំងដែលពួកអស់លោកប្រដាប់ដោយអាវុធគ្រប់ៗដៃ »។
ចំពោះការដាក់រនាំងបិទផ្លូវជាច្រើនម៉ោងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ទទួលស្គាល់ថាមានការរំខានដល់ពលរដ្ឋ តែលោកពន្យល់ថា ការបិទផ្លូវនេះគឺដើម្បីទប់ស្កាត់ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលមិនបានសុំច្បាប់អនុញ្ញាត៖ « ការហែក្បួនរបស់គាត់ គឺអត់បានសុំច្បាប់ពីសាលារាជធានីរបស់យើងទេ ដូច្នេះគឺយើងត្រូវតែធ្វើការទប់ស្កាត់ហើយបាទ »។
អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ស្ថានភាពនៅព្រឹកមិញនេះ មិនគួរអាជ្ញាធរបិទផ្លូវជាច្រើនម៉ោងដែលនាំឲ្យស្ទះស្ទើរមួយចំហៀងទីក្រុងភ្នំពេញ ក្រោមហេតុផលរក្សាសណ្ដាប់ធ្នាប់ឡើយ៖ « អ្នកនយោបាយខ្មែរឥឡូវនេះ មិនសូវជាគិតគូរឲ្យបានស៊ីជម្រៅទេ ពេលណាគាត់ចង់ធ្វើអីមួយក៏ធ្វើទៅ ឲ្យតែមានប្រៀបលើគ្នាទៅវិញទៅមក គឺគាត់ធ្វើតែម្តង។ នេះជាចំណុចខ្សោយមួយដែលខ្ញុំមើលឃើញ »។
យ៉ាងណាក៏ដោយចុះ អាជ្ញាធរក្រុងភ្នំពេញបានសម្រេចបើកផ្លូវជាតិលេខ២ ឲ្យពលរដ្ឋធ្វើដំណើរឡើងវិញនៅម៉ោងជិត ១២ថ្ងៃត្រង់។
អង្គការសង្គមស៊ីវិលសង្កេតឃើញថា ថ្វីត្បិតតែសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិផ្សេងៗដែលកម្ពុជា ទទួលស្គាល់ជាច្បាប់កម្ពុជាក្តី ក៏ប៉ុន្តែគេសង្កេតឃើញថា នៅពេលពលរដ្ឋក្រីក្ររងគ្រោះដីធ្លី និងគណបក្សប្រឆាំងប្រមូលផ្តុំជាមួយអ្នកគាំទ្រដោយអហិង្សានោះ តែងតែត្រូវបានអាជ្ញាធរបង្ក្រាប និងរារាំងស្ទើរគ្រប់ពេល។
ផ្ទុយទៅវិញ ប្រសិនបើក្រុមមនុស្សដែលមាននិន្នាការស្របរដ្ឋាភិបាល តែងតែទទួលបាននូវការសម្របសម្រួលពីអាជ្ញាធរ ទោះបីជាក្រុមនោះជាក្រុមងាយផ្ទុះហិង្សា និងជេរប្រមាថលើតំណាងរាស្ត្របក្សប្រឆាំងកប់ៗមាត់ក្តី។ ការអនុវត្តការងាររបស់អាជ្ញាធរនេះ ត្រូវបានគេរិះគន់ថាមានស្តង់ដារពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។