សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ឆែកឆេរ​តាម​ផ្លូវ​ចូល​ភ្នំពេញ​មួយ​ចំនួន

ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​សមាជ​មហា​ជន​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​តុលា នេះ ផ្លូវ​ចូល​រាជធានី​ភ្នំពេញ សំខាន់ៗ​មួយ​ចំនួន ដូចជា​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​ជាតិ​លេខ​៣ ជាដើម ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ទៅ​លើ​អ្នក​ដំណើរ។

0:00 / 0:00

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​វិញ បាន​ត្អូញត្អែរ​អំពី​ការ​រារាំង​របស់​អាជ្ញាធរ​ចម្រុះ ជា​ពិសេស ពី​កង​កម្លាំង​ប៉ូលិស​ និង​កង​សន្តិសុខ ឬ​ហៅ​ថា កង​រក្សា​សណ្ដាប់​ធ្នាប់​រាជធានី​ភ្នំពេញ ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ និង​ឆែកឆេរ​គ្រប់​ច្រក​ចូល។

តាម​របាយការណ៍​ពី​អ្នក​ធ្វើ​ដំណើរ និង​ការ​សង្កេត​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី គឺ​នៅ​ច្រក​ចូល តាម​ផ្លូវ​ជាតិ​លេខ​១ រហូត​ដល់​លេខ​៦ មិន​សូវ​ជា​តឹង​តែង​ប៉ុន្មាន​ទេ ដោយ​នគរបាល និង​កង​សន្តិសុខ​ទាំង​នោះ អើត​មើល​ក្នុង​រថយន្ត និង​ជួនកាល​ឆែក​មើល​បន្តិចបន្តួច​លើ​ឥវ៉ាន់​ដែល​ដឹក​ជាមួយ​អ្នក​ដំណើរ​ប៉ុណ្ណោះ។

កង​សន្តិសុខ​ផ្ដល់​ហេតុផល​ថា ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំង​នេះ គឺ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា តាម​ការ​សង្កេត​របស់​អ្នក​​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ឃើញ​ថា បើ​រថយន្ត​ដឹក​ឥវ៉ាន់​តែម្ដង គឺ​អត់​មាន​ការ​ឆែក​ទេ។ ជា​ទូទៅ​ ច្រក​ចូល​ជា​ច្រើន​ដែល​នៅ​ជាយ​ក្រុង​ភ្នំពេញ មិន​សូវ​តឹងតែង​ទេ។ ប៉ុន្តែ​ច្រក​ចូល​ ៣ ដែល​តឹងតែង​ជាង​គេ គឺ​ច្រក​ផ្លូវ​ជាតិ​លេខ ២ លេខ ៣ និង ៥។ ច្រក​ទាំង​នេះ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​រាយការណ៍​មក​ថា បាន​បិទ​ពី​ចម្ងាយ នៅ​តាម​បណ្ដា​ខេត្ត ដែល​អ្នក​ដំណើរ​ទាំង​នោះ​ចេញ​មក។

នៅ​ផ្លូវ​ជាតិ ៣ កង​សន្តិសុខ​បាន​បិទ​នៅ​តំបន់​ត្រាំ​ខ្នារ ដែល​កាល​ពី​ព្រឹក​ថា បាន​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ខ្លាំង ព្រោះ​តែ​ប៉ូលិស​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​អ្នក​ដំណើរ​ចូល​មក​ក្រុង​ភ្នំពេញ។
នៅ​ច្រក​ផ្លូវ​ជាតិ​លេខ ២ វិញ គឺ​មាន​អ្នក​ដំណើរ​រាយ​ការណ៍​មក​ថា ប៉ូលិស​តាំង​ពី​ខេត្ត​តាកែវ បាន​រារាំង​ខ្លាំង​ជាង​គេ ដោយ​មិន​អនុញ្ញាត​រថយន្ត​ដឹក​អ្នក​ដំណើរ​មក​ទេ ដូច​ជា រថយន្ត​ទេសចរណ៍ ១២ កៅអី រថយន្ត​កូរ៉េ ដែល​តែង​ដឹក​កម្ម​រោងចក្រ​កាត់​ដេរ ពី​ខេត្ត​មក​ក្រុង​ភ្នំពេញ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ដែរ។

តាម​លិខិត​បទបញ្ជា​ដែល​យើង​ទទួល​បាន​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​៥ ខែ​តុលា បាន​បង្ហាញ​ថា នគរបាល​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ឃុំ​ពុធស ស្រុក​បាទី ខេត្ត​តាកែវ បាន​ដាក់​បញ្ជា​ហាម​​យានយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ មិន​ឱ្យ​ដឹក​អ្នក​ចេញ​ពី​ភូមិ​ឃុំ​ជា​ដាច់​ខាត ពេញ​មួយ​ថ្ងៃ​ទី​៦ តុលា គឺ​រហូត​ដល់​ម៉ោង ៥​ល្ងាច។ យានយន្ត​ដែល​នគរបាល​ហាម​ឃាត់​នោះ មាន​ប្រភេទ​រថយន្ត​កូរ៉េ​ទ្រុង រថយន្ត​ទួរីស ១២​កៅអី​ឡើង​ទៅ រថយន្ត​ទេសចរណ៍​ដទៃ​ទៀត ឬ​គោយន្ត ។ល។ ជាក់​ស្ដែង​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ពីរ​នាក់ គឺ​អាច​ចូល​មក​ជា​ធម្មតា។ ចំពោះ​រ៉ឺម៉ក​ម៉ូតូ​សណ្ដោង ដែល​មាន​ដឹក​មនុស្ស​ច្រើន ក៏​មិន​អនុញ្ញាត​ឱ្យ​ចូល​មក​ដែរ។

ទោះ​ជា​យ៉ាង​ណា អធិការ​ស្រុក​បាទី គឺ​លោក ង៉ាន់ សារី ថ្លែង​ថា មិន​មាន​ការ​បិទ​ឃាត់​អ្នក​ដំណើរ​ទេ គឺ​មាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មែន គឺ​ពិនិត្យ​រក​អាវុធ​ជាតិ​ផ្ទុះ ក្នុង​គោល​បំណង​រក្សា​សន្តិសុខ។ លោក​បដិសេធ​ថា ខាង​លោក​មិន​បាន​ចេញ​បទបញ្ជា​យានយន្ត​ដឹក​អ្នក​ដំណើរ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។