អ្នកវិភាគនយោបាយថា រដ្ឋាភិបាលកំពុងប្រែក្លាយមន្ត្រីនគរបាលការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមទៅជាកម្លាំងប្រយុទ្ធ។ ការលើកឡើងនេះ បន្ទាប់ពីកងកម្លាំងអន្តរាគមន៍ពិសេសក្មេងៗចំនួន ១៥០នាក់ ហ្វឹកហាត់បាញ់សាកល្បងគ្រាប់កាំភ្លើងពិត ដើម្បីត្រៀមចេញប្រតិបត្តិការក្នុងការការពារសន្តិសុខសង្គម និងការពាររដ្ឋាភិបាលស្របច្បាប់ និងស្របពេលមន្ត្រីរដ្ឋាភិបាលព្រមានកម្ទេចក្រុមណាដែលហ៊ានចេញមុខតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០១៨។
ទោះបីជាយ៉ាងណា អ្នកវិភាគនយោបាយលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាមានទំនោរក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ជាឧបករណ៍ ឬជាអាវុធសម្រាប់ធានាការពាររបបដឹកនាំប្រទេសសព្វថ្ងៃនេះ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការឱ្យកងកម្លាំងប្រដាប់អាវុធក្លាយទៅជាយោធា និងស្លៀកពាក់ជាយោធា ដើម្បីប្រើប្រាស់អាវុធសម្រាប់ប្រយុទ្ធ ហើយមិនមែនជាអាវុធការពារខ្លួនក្នុងនាមជាមន្ត្រីភ្នាក់ងារនគរបាលនោះ គឺហាក់ដើរបញ្ច្រាសពីតម្រូវការរបស់ភ្នាក់ងារសន្តិសុខ ឬកងកម្លាំងសន្តិសុខ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងប្រទេសដែលមានសេរីភាព សន្តិភាព និងសន្តិសុខ។
លោកបន្តថា កិច្ចការការពារសន្តិសុខនៅក្នុងប្រទេសគឺជាដែនសមត្ថកិច្ចរបស់នគរបាលក្រសួងមហាផ្ទៃ រីឯយោធា ឬកងទ័ព គឺមានភារកិច្ចការពារជាតិនៅតាមព្រំដែន៖ «កងកម្លាំងប្រដាប់អាវុធ ជាឧបករណ៍ ជាអាវុធសម្រាប់ធានាការពាររបបដឹកនាំសព្វថ្ងៃនេះ ហើយការហ្វឹកហ្វឺនកាលពីថ្ងៃម្សិលមិញនេះ ក៏ស្ថិតក្នុងក្របខ័ណ្ឌហ្នឹងដែរ»។
នៅថ្ងៃទី៧ សីហា កងកម្លាំងអង្គភាពអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៥០នាក់ បានទទួលការណែនាំពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីហ្វឹកហាត់បាញ់សាកល្បងគ្រាប់កាំភ្លើងពិត តាមរយៈការក្រាបបាញ់ចម្ងាយ ១០០ម៉ែត្រ លុតជង្គង់បាញ់ចម្ងាយ ៥០ម៉ែត្រ និងឈរបាញ់ចម្ងាយ ៣០ម៉ែត្រ ក្នុងអង្គភាពតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គេហទំព័រហ្វេសប៊ុក (Facebook) របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា ការបាញ់គ្រាប់កាំភ្លើងពិតនេះ គឺដើម្បីពង្រឹងសមត្ថភាពនៅពេលចេញប្រតិបត្តិការពង្រឹងការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការពាររដ្ឋាភិបាលស្របច្បាប់។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ជាការល្អ គួរឱ្យមានស្ថាប័នឯករាជ្យ ឬស្ថាប័នរបស់រដ្ឋសភាបង្កើតយន្តការតាមដាន ឬត្រួតពិនិត្យសកម្មភាពរបស់យោធា និងកងកម្លាំងនគរបាល ហើយនិងរង់ចាំទទួលពាក្យបណ្ដឹងពីសាធារណជនទូទៅជុំវិញសកម្មភាពមិនប្រក្រតីរបស់មន្ត្រីយោធា និងមន្ត្រីនគរបាលទាំងនោះ។
ជាមួយគ្នានេះ មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា រដ្ឋាភិបាលមានសិទ្ធិធ្វើសកម្មភាពផ្សេងៗ ក្នុងភារកិច្ចរបស់ខ្លួនដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខរបស់ប្រទេសជាតិ ប៉ុន្តែលោកឆ្ងល់ថា ការបាញ់សាកល្បងគ្រាប់ពិតរបស់កងកម្លាំងអន្តរាគមន៍ ពិសេសនៅពេលនេះ កើតឡើងចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់ដែលកំពុងធ្វើឱ្យមានភាពតាងតឹងខាងផ្នែកនយោបាយ។
មន្ត្រីសិទ្ធិមនុស្សដដែលនេះបន្តថា សកម្មភាពបាញ់សាកល្បងគ្រាប់ពិតបែបនេះ គឺធ្វើឱ្យប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសង្គមកាន់លទ្ធិប្រជាធិបតេយ្យ៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ នៅពេលគណបក្សនយោបាយណាមួយ ឈ្នះឆ្នោតដោយសេរី និងត្រឹមត្រូវ យុត្តិធម៌ នឹងមិនមានការតវ៉ាអីទេ»។
ថ្វីត្បិតយ៉ាងនេះក្ដី មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានប្រតិកម្មតាមសារទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី៨ ខែសីហា ថាកងកម្លាំងប្រដាប់អាវុធ គឺជាកូនចៅរបស់ប្រជាជន និងកើតចេញពីប្រជាជន ហើយមិនមែនជាខ្មាំងសត្រូវនឹងគ្នានោះទេ។ លោកបន្ថែមថា រាល់ការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ គឺជាតួនាទី និងជាទម្លាប់ធម្មតា ទោះបីប្រទេសស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ លើសពីនេះ លោក សុខ ឥសាន បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ នឹងការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាជនតាមរយៈទប់ស្កាត់សកម្មភាពធ្វើឱ្យរង្គោះរង្គើដល់សន្តិភាព ជាពិសេសបង្ក្រាបឱ្យបានដាច់ខាតរាល់សកម្មភាពកុប្បកម្ម និងបាតុកម្មអនាធិបតេយ្យ វិទ្ធង្សនានយោបាយ និងបដិវត្តន៍ពណ៌ផ្សេងៗ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសេចក្ដីសុខរបស់ពលរដ្ឋ។
ទោះជាយ៉ាងនេះក្ដី ការបាញ់សាកល្បងគ្រាប់ពិតរបស់កងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលនេះ កើតឡើងស្របពេលមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានដូចជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានព្រមានវាយនឹងគល់ឫស្សី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ព្រមានវាយបំបែកធ្មេញ ចំពោះអ្នកណាដែលហ៊ានតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ ចំណែកលោក ហ៊ុន សែន វិញ ក៏បានព្រមានត្រៀមប្រើកាំភ្លើង និងគុក សម្រាប់អ្នកតវ៉ាលទ្ធផលបោះឆ្នោត ខណៈលោកអះអាងថា សង្គ្រាមនឹងផ្ទុះឡើងវិញ ប្រសិនបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោតឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។