សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១​កក្កដា

0:00 / 0:00

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា នេះ​ប្រាប់​សារព័ត៌មាន​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ឈ្មោះ ជួប សម្លាប់ គឺ​អ្នក​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ពិត​ប្រាកដ​មែន។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ដោយ​ដេញប្រផាប់ចាប់ប្រភីង​ពី​កន្លែង​កើត​ហេតុ​នៅ​ក្នុង​ហាង​លក់​ទំនិញ​នៃ​ស្ថានីយ​ប្រេង​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ជិត​វត្ត​ស្វាយពពែ។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ នឹង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ហើយ​នៅ​យប់​នេះ ជន​សង្ស័យ​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ប្រាប់​ថា បន្ទាប់​ពី​ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី គេ​រត់​ទាំង​ដៃ​កាន់​អាវុធ។ លោក​ថា ដោយសារ​ពលរដ្ឋ​ស្រែក​សុំ​ឲ្យ​ជួយៗ ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​កែង​ភ្លើង​ស្តុប​បូកគោ​ក្បែរ​កន្លែង​កើត​ហេតុ អន្តរាគមន៍​ភ្លាមៗ​រហូត​សមត្ថកិច្ច​បំផ្ទុះ​អាវុធ​ពីរ​គ្រាប់ ដើម្បី​បង្អាក់​ដំណើរ​ជន​សង្ស័យ ប៉ុន្តែ​គេ​នៅ​តែ​បន្ត​រត់​គេច​ខ្លួន៖ « តាម​រយៈ​កម្លាំង​ល្បាត​យើង​ឃើញ​ថា ប្រសិទ្ធភាព​យើង​អាច​ចាប់​ជន​ល្មើស​បាន​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ជិត​វត្ត​ស្វាយពពែ។ យើង​ពិនិត្យ​ឃើញ​ថា ទាំង​ការ​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​កោសល្យវិច័យ​ទាំង​វត្ថុ​តាង​ដែល​បាន​រឹប​អូស​ពី​ជន​ល្មើស បញ្ជាក់​ថា ជន​សង្ស័យ​នេះ គឺ​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី»

លោក​បន្ត​ថា ជន​សង្ស័យ​មាន​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​ជីឡុក និង​មាន​គ្រាប់​កាំភ្លើង​មួយ​ចំនួន។ លោក​ស្នងការ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​លម្អិត​ទាក់ទង​ការ​ស៊ើប​អង្កេត​ដំណើរ​រឿង​នេះ។ លោក​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​បន្ត​ទៀត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ ឬ​អ្នក​ពាក់ព័ន្ធ ឬ​ក៏​បក្ខពួក​របស់​ជន​សង្ស័យ « ដូច​ខ្ញុំ​បាន​បញ្ជាក់​អំបាញ់មិញ​ចឹង គឺ​កិច្ច​ការងារ​នេះ ខ្ញុំ​សុំ​អធ្យាស្រ័យ​បំផុត​ចំពោះ​បណ្ដាញ​សារព័ត៌មាន​យើង ព្រោះ​ជំនាញ​របស់​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​រាយការណ៍​អំពី​ចម្លើយ​ដែល​ជា​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​ទេ »

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​មាន​រយៈពេល​ជាង ១០​នាទី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មិន​ប្រាប់​លម្អិត​ទាក់ទង​ចម្លើយ​ពី​ជន​សង្ស័យ​នៅ​ឡើយ​ទេ សូម្បី​តែ​ឈ្មោះ​ពិត ទី​លំនៅឋាន អាយុ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់ ក៏​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ដែរ៖ « តាម​រយៈ​ចម្លើយ​សារភាព យើង​មាន​ពន្លឺ​ជាច្រើន​ដែល​យើង​ឈាន​ទៅ​ដល់​កិច្ចការ​ស្រាវជ្រាវ​នេះ»

ទោះ​យ៉ាង​ណា​ក្តី លោក​ស្នងការ​ប្រាប់​ថា ឃាតក​បាញ់​លោក កែម ឡី ចំនួន ២​គ្រាប់ ចំ​ក្បាល និង​ចំ​ដើម​ដៃ​ធ្លាយ​ដល់​ក្រោម​ដោះ ហើយ​សមត្ថកិច្ច​ធ្វើ​ការ​វះ​កាត់​យក​បាន​ក្បាល​គ្រាប់​មួយ។ លោក​ថា ឃាតក​នៅ​ចម្ងាយ​ពីរ​ជំហាន​ពី​លោក កែម ឡី នៅ​ពេល​គេ​បាញ់​សម្លាប់។

លោក ជួន សុវណ្ណ មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​ឡើយ​ទេ ប៉ុន្តែ​វីដេអូ​ដែល​បែក​ធ្លាយ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាក់ទង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ប្រាប់​ថា មូលហេតុ​ដែល​បាញ់​សម្លាប់​លោក កែម ឡី ព្រោះ​លោក កែម ឡី ជំពាក់​លុយ​លោក​មួយ​ឆ្នាំ​មក​ហើយ​មិន​សង៖ «គាត់​ជំពាក់​លុយ​មួយ​ឆ្នាំ​ហើយ​មិន​បាន​សង​ទេ ហើយ​កុហក​ទៀត ថា​យក​ទៅ​ជួយ​ស្រុក​ទេស ជួយ​ប្រជាជន អត់​ឃើញ​ជួយ​ទេ។ ខ្ញុំ​ទិញ​កាំភ្លើង​មក​ពី​ថៃ»

លោក ជួន សុវណ្ណ ថា​ភស្តុតាង​ទាំងអស់​អាច​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ ដើម្បី​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ទៅ​មុខ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។