បក្ស​សង្គ្រោះ​ជាតិ​ចង់​ដាក់​ថ្ងៃ​បាត់បង់​ដី​កម្ពុជា​ក្រោម​ជា​ថ្ងៃ​បុណ្យ​ជាតិ

0:00 / 0:00

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ថ្មី​ថា បក្ស​នេះ​គាំទ្រ​សកម្មភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី​នៅ​ក្នុង​ដែនដី​ដែល​គ្រប់គ្រង​ដោយ​វៀតណាម។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​មាន​បំណង​ស្នើ​ច្បាប់​ដាក់​ថ្ងៃ​ដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម ជា​ថ្ងៃ​រំលឹក​ការ​ឈឺ​ចាប់​របស់​ជាតិ​ខ្មែរ​ទាំង​មូល​ទៀត​ផង។

​លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រដ្ឋាភិបាល នោះ​គណបក្ស​នេះ​នឹង​ចាត់​ទុក​ដែនដី​កម្ពុជា​ក្រោម ជា​ខេត្ត​របស់​ខ្មែរ។ ម្យ៉ាង​ទៀត លោក​នឹង​ស្នើ​ច្បាប់​ដាក់​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ ហើយ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ចេញចូល​ប្រទេស​កម្ពុជា ដោយ​សេរី មិន​ចាំបាច់​ប្រើ​លិខិត​ឆ្លង​ដែន និង​ទទួល​ស្គាល់​សញ្ញាប័ត្រ​របស់​យុវជន​ខ្មែរ​ក្រោម ដើម្បី​ងាយស្រួល​រក​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​ជាដើម។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី វិញ បាន​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ព្រម​តាម​វៀតណាម ចំនួន ៣​ចំណុច​រួម​មាន ព្រម​ឲ្យ​វៀតណាម បង្ខិត​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត ព្រម​ឲ្យ​និគម​ជាតិ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សេរី និង​ព្រម​រួម​ដៃ​គ្នា​ជាមួយ​វៀតណាម ដើម្បី​គាបសង្កត់​ខ្មែរ​ក្រោម។

លោក​បន្ត​ថា បារាំង​កាត់​ដី​ខ្មែរ​ឲ្យ​វៀតណាម មក​ពី​វៀតណាម ប្រើ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​គឺ​ប្រើ​វិធី​បញ្ជូន​ពលរដ្ឋ​គេ​ឲ្យ​មក​រស់​នៅ​មុន​រហូត​ដល់​ពលរដ្ឋ​វៀតណាម ច្រើន​ជាង​ខ្មែរ។ លោក សម រង្ស៉ី បន្ត​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត នោះ​ពលរដ្ឋ​កម្ពុជា​ក្រោម នឹង​ត្រូវ​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​ជាតិ​ខ្មែរ​ទាំង​អស់៖ «អ្វី​ដែល​កំពុង​ធ្វើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​វៀតណាម នៅ​ទូទាំង​ប្រទេស ជា​ការ​បើក​ផ្លូវ​ឲ្យ​វៀតណាម ទន្ទ្រាន​យក​ដីធ្លី​ប្រទេស​ខ្មែរ»

ព្រះរាជតំណាងព្រះបរម​រាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូលរួម​ពិធី​រំលឹក​ខួប​ទី ៦៥ នៃ​ការ​បាត់​បង់​កម្ពុជា​ក្រោម នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៤។
ព្រះរាជតំណាងព្រះបរម​រាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូលរួម​ពិធី​រំលឹក​ខួប​ទី ៦៥ នៃ​ការ​បាត់​បង់​កម្ពុជា​ក្រោម នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៤។ (RFA/Uon Chhin)

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​មិន​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៉ី ឡើយ ព្រោះ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​ដើម្បី​តែ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា លោក កឹម សុខា អាច​ស្នើ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យជាតិ​បាន ដ៏​រាប​ណា​បក្ស​នេះ​ជាប់​ឆ្នោត​ជា​មុន​សិន៖ «សោកស្ដាយ​មែនទែន ដោយសារ​ខ្មែរ​ក្រោម​ក្លាយ​ជា​ជនជាតិ​ភាគ​តិច យើង​មិន​អាច​បង្វិល​ប្រវត្តិសាស្ត្រ​ឲ្យ​ថយ​ក្រោយ​ទេ»

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ខ្មែរ​ក្រោម​មិនមែន​ទាមទារ​ទឹក​ដី​ដែល​បាត់​មក​វិញ​ទេ ប៉ុន្តែ​គ្រាន់តែ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ។ រឿង​ទាមទារ​ដី​ខ្មែរ​មក​វិញ ឬ​អត់​នោះ ជា​រឿង​របស់​រាជរដ្ឋាភិបាល​របស់​ព្រះមហាក្សត្រ និង​ពលរដ្ឋ​ទូទាំង​ប្រទេស៖ «រឿង​ទាមទារ​ដី​ខ្មែរ​មក​វិញ​ឬ​អត់​នោះ ជា​រឿង​របស់​រាជរដ្ឋាភិបាល​របស់​ព្រះមហាក្សត្រ និង​ពលរដ្ឋ​ទូទាំង​ប្រទេស»។​

​ទោះ​ជា​បែប​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​គាំទ្រ​គំនិត​ចង់​ដាក់​ថ្ងៃ​នេះ ជា​ថ្ងៃ​បុណ្យ​ជាតិ​ទេ។ លោក​បន្ត​ថា ខ្មែរ​ក្រោម​អាច​តវ៉ា​សុំ​សិទ្ធិ​ជា​ម្ចាស់​ស្រុក​នៅ​ក្នុង​វៀតណាម ហើយ​ខ្មែរ​សុរិន្ទ​ក៏​ដូចគ្នា​ដែរ ចំណែក​រដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ចាំ​ការពារ និង​គាំទ្រ​ជា​ការ​ស្រេច។

ក្នុង​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឆ្នាំ​នេះ មាន​ព្រះសង្ឃ​ជាង ១​ពាន់​អង្គ និង​ពុទ្ធបរិស័ទ​ជា​ច្រើន​រយ​នាក់​ទៀត​ចូល​រួម​ច្រើន​កុះករ​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ។ យុវជន​ខ្មែរ​ក្រោម និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តុបតែង​គូរ​មុខ និង​លើក​ទង់​ចង​បដា​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​ដី​កម្ពុជា​ក្រោម។ ចំណែក​ឯ​អាជ្ញាធរ​រដ្ឋាភិបាល​វិញ បាន​បញ្ជូន​កម្លាំង​សម្ងាត់​ឲ្យ​តាមដាន​ព្រឹត្តិការណ៍​នេះ។ តំណាង​សហគមន៍​ខ្មែរ​ក្រោម ក៏បាន​អញ្ជើញ​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ចូលរួម​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​វត្តមាន​គណបក្ស​ទាំង​ពីរ​ចូល​រួម​ឡើយ។

​ទោះ​ជា​បែប​ណា​ក្តី ព្រះមហាក្សត្រ​បាន​បញ្ជូន​ព្រះរាជតំណាង​មួយ​ព្រះអង្គ​ឲ្យ​យាង​ជា​កិត្តិយស​ក្នុង​ពិធី​នេះ។ ព្រះរាជតំណាង​ព្រះមហាក្សត្រ សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស មិន​មាន​សវនីយ៍​ពី​ថ្ងៃ​ខួប​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ឡើយ ដោយ​ព្រះអង្គ​គ្រាន់តែ​មាន​បន្ទូល​ថា នេះ​ជា​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ជាង ១​ពាន់​អង្គ​ប៉ុណ្ណោះ។ លើស​ពី​នេះ អ្នក​អង្គម្ចាស់​បាន​នាំ​យក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​ព្រះ​មាតា ជា​ទឹក​ប្រាក់​ចំនួន ៣​ពាន់​ដុល្លារ មក​ឧបត្ថម្ភ​ដល់​ខ្មែរ​កម្ពុជា ដើម្បី​រៀបចំ​ពិធី​នេះ។ ​​នៅ​ពេល​ដែល​យាង​ដំណើរ​ត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ ម៉ូតូ​នាំ​ក្បួន​ព្រះទីន័ង​ព្រះរាជតំណាង​ព្រះមហាក្សត្រ ក៏​ធាក់​មិន​ឆេះ​ទៀត នាំ​ឲ្យ​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​នោះ​នាំ​គ្នា​រុញ​ម៉ូតូ​នោះ​មួយ​សន្ទុះ​ទើប​អាច​បន្ត​ដំណើរ​ទៅ​មុខ​រួច។

​គោល​បំណង​នៃ​ការ​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​កាន់ទុក្ខ​របស់​ជាតិ​ខ្មែរ​នោះ មក​ពី​ចង់​ឲ្យ​កូន​ខ្មែរ​ចងចាំ​ប្រវត្តិសាស្ត្រ សំដែង​ការ​ដឹង​គុណ​ចំពោះ​បុព្វបុរស​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។