គណបក្សនយោបាយដែលត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ ព្រួយបារម្ភចំពោះការវិវត្តន៍ចុងក្រោយនៃស្ថានការណ៍នយោបាយនៅកម្ពុជា ដូចជាការបញ្ឈប់សកម្មភាពអង្គការអន្តរជាតិ បិទស្ថាប័នកាសែតបរទេស ការហាមផ្សាយបន្តឲ្យវិទ្យុបរទេស ការចាប់ខ្លួនមេដឹកនាំគណបក្សនានា និងមេបក្សប្រឆាំងជាដើម។
តើគណបក្សទាំងនោះយល់ឃើញយ៉ាងណាដែរ?
គណបក្សមួយចំនួនចាត់ទុកថា បរិយាកាសនយោបាយបច្ចុប្បន្នគួរឲ្យព្រួយបារម្ភដែលអាចជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតជាតិ និងប៉ះពាល់សេរីភាពសារព័ត៌មាន និងសេរីបញ្ចេញមតិនៅកម្ពុជា។
នៅថ្ងៃទី៨ ខែកញ្ញា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញការវិវត្តន៍នៃស្ថានការណ៍ចុងក្រោយដែលរួមមាន ការបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ការបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការហាមមិនឲ្យស្ថានីយវិទ្យុនៅស្រុកផ្សាយបន្តឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក អាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ ជាដើម ព្រមទាំងការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលថ្មីៗនេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត សាម អ៊ីន ស្នើឲ្យគណបក្សកាន់អំណាចក៏ដូចជារដ្ឋាភិបាលសម្រួលស្ថានការណ៍នាដំណាក់កាលចុងក្រោយឡើងវិញ ជាពិសេសបន្តលើកស្ទួយសេរីភាពបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មានសម្រាប់ពលរដ្ឋ។ លោកក៏សំណូមពរឲ្យដោះលែងមេដឹកនាំគណបក្សដែលអាជ្ញាធរចាប់ខ្លួនបន្តបន្ទាប់ ដើម្បីស្ដារស្ថានការណ៍នេះឡើងវិញ។
លោកថា បញ្ហាទាំងអស់នេះបានធ្វើឲ្យចោទជាសំណួរថា តើដំណើរការបោះឆ្នោតជាតិ អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ អាចនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ដែរ ឬទេ?៖ «អំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយអត់ឱនចំពោះខ្មែរគ្នាឯង ដោយដោះលែងមេដឹកនាំគណបក្សទាំងនោះដើម្បីឲ្យពួកគាត់មានលទ្ធភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ»។
ទាក់ទងបញ្ហានេះដែរ ប្រធានគណបក្សអំណាចខ្មែរដែលទើបចូលកាន់តំណែងថ្មី លោក សួង សុភ័ណ្ឌ យល់ថា ស្ថានការណ៍បច្ចុប្បន្នគឺមិនមែនជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនោះទេ គឺជារឿងបុគ្គលដែលយកច្បាប់ជាឈ្នាន់ជាលេសដើម្បីតម្រូវចិត្តអ្នកនយោបាយ រួមទាំងការដាក់ទោសទណ្ឌដល់អ្នកនយោបាយផ្សេងទៀត គឺហាក់ដូចជាការរំលោភសិទ្ធិមនុស្សច្រើនជាងការអនុវត្តច្បាប់។ លោកបារម្ភថា នឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ ល្គឹកណាគ្មានស្ថាប័នអង្គការឯករាជ្យចូលរួមឃ្លាំមើលដំណើរការនេះដែលអាចផ្ដល់ការជឿទុកចិត្តបាន៖ «បើយើងពិនិត្យតាមដានមើលទៅឃើញថា គ.ជ.ប មានភាពយុត្តិធម៌ អព្យាក្រឹត និងសុក្រឹតភាពនោះយើងចូលរួមការបោះឆ្នោត។ តែបើក្នុងករណីគេធ្វើអីស្រេចតែចិត្ត គ.ជ.ប ចង់ដាក់នរណាដាក់ទៅ បើគេរៀបចំការិយាល័យ ឬក៏មណ្ឌលនោះបែបសម្ងាត់បែបលំអៀង ឬក៏គ្មានអង្គការអន្តរជាតិមកចូលរួមពិនិត្យតាមដានយើងយល់ថា អានេះស៊ីឆៅតែម្ដង យើងនឹងមិនចូលរួមបោះឆ្នោតទេ»។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិចប៉ិច លោក ញ៉េប ប៊ុនជិន មិនយល់ដូច្នេះឡើយ។ លោកថា បញ្ហាទាំងនេះគ្មានឥទ្ធិពលអ្វីដល់ការបោះឆ្នោតនោះទេ ហើយបើប៉ះពាល់គឺវិនិយោគិនទៅវិញ។ ប៉ុន្តែលោកចង់ឲ្យអ្នកនយោបាយទាំងអស់ត្រូវជជែកដោះស្រាយគ្នា ត្បិតអីបញ្ហាខ្លះលោកចាត់ទុកថា ជារឿងនយោបាយ និងបញ្ហាខ្លះទៀតអាចជារឿងរបស់ស្ថាប័ននីមួយៗ ពាក់ព័ន្ធនឹងរឿងច្បាប់៖ «គណបក្សនីមួយៗត្រូវគោរពតាមច្បាប់ ប៉ុន្តែពាក់ព័ន្ធរឿងខ្លះមិនមែនជារឿងច្បាប់ វាជារឿងនយោបាយ។ រឿងនយោបាយយើងគួរជជែក គួរអធ្យាស្រ័យគ្នាជជែកវែកញែកទៅដោះស្រាយបញ្ហាជារួមទៅ។ ប៉ុន្តែខ្ញុំស្នើសុំឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសូមអញ្ជើញទៅបោះឆ្នោត កុំដោយសារដោយសាររឿងមនោសញ្ចេតនាយើងមិនបានទៅបោះឆ្នោត យើងខាតអស់៥ឆ្នាំទៀត»។
ទោះបីជាមានការយល់ឃើញផ្សេងគ្នាក្ដី ស្ថាប័នជាតិអន្តរជាតិ និងបណ្ដុំអង្គការអន្តរជាតិឃ្លាំមើលការបោះឆ្នោត បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ថារំលោភបំពាន និងថាបញ្ហាទាំងនេះជាការគំរាមកំហែងដល់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។ ពួកគេយល់ថា រដ្ឋាភិបាលបានធ្វើសកម្មភាពគាបសង្កត់ទាំងនេះមិនត្រឹមតែធ្វើឱ្យការបោះឆ្នោតពុំមានលក្ខណៈសេរី និងត្រឹមត្រូវនោះទេ ប៉ុន្តែវារឹតតែធ្វើឲ្យស្ថានភាពប្រទេសកម្ពុជា កាន់តែដើរថយក្រោយថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។