គណបក្សនយោបាយចំនួន៦ ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ បានធ្វើសកម្មភាពឃោសនានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ មិថុនា ដែលជាថ្ងៃចាប់ផ្ដើមឃោសនាលើកដំបូងនោះ។
ប៉ុន្តែក្នុងចំណោមគណបក្សទាំង៦ នោះ មានតែគណបក្សធំពីរទេដែលមានសកម្មភាពបើកយុទ្ធនាការឃោសនាខ្លាំងក្លាជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
គណបក្សប្រជាជនកម្ពុជា បានកំណត់យកទីតាំងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ជាទីជួបជុំគ្នា និងបើកយុទ្ធនាការហែក្បួនឃោសនាដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ ដែលចេញដំណើរពីកោះពេជ្រ ដង្ហែជុំវិញក្រុងភ្នំពេញ។
ចំណែកឯគណបក្សសង្គ្រោះជាតិ វិញ បានយកទីតាំងទីលានប្រជាធិបតេយ្យ ជាទីជួបជុំគ្នា និងរៀបជាក្បួនឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងដង្ហែជុំវិញក្រុងភ្នំពេញ មានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។
ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ ដង្ហែនៅជុំវិញក្រុងភ្នំពេញ រីឯគណបក្សដទៃទៀតមិនសូវមានសកម្មភាពខ្លាំងទេនៅថ្ងៃបើកឆាកឃោសនាដំបូងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសិទ្ធិមនុស្សឃ្លាំមើលការបោះឆ្នោត បានលើកឡើងថា ការឃោសនាបោះឆ្នោតក្នុងអាណត្តិនេះរបស់គណបក្សនយោបាយ ហាក់បីដូចជាខុសប្លែកពីពេលមុន។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច វិញ បានធ្វើសកម្មភាពឃោសនាជាទ្រង់ទ្រាយធំនៅខេត្តកំពង់ចាម។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មានប្រសាសន៍ថា ការបើកឆាកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ គ្មានបញ្ហាអ្វីកើតឡើងធំដុំទេ។ ប៉ុន្តែ កញ្ញាបានបញ្ជាក់ថា គណបក្សកាន់អំណាចបានប្រើប្រាស់ធនធានរដ្ឋច្រើននៅក្នុងការឃោសនា មានទាំងសម្ភារៈ ដូចជារថយន្ត និងមន្ត្រីរាជការស៊ីវិលជាដើម។
ក្រៅពីនេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតសង្កេតឃើញថា គណបក្សនយោបាយធំពីរបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការឃោសនា គឺគណបក្សប្រជាជនកម្ពុជា បានកៀងគរយុវជនជាច្រើនដើម្បីឃោសនា។ រីឯគណបក្សសង្គ្រោះជាតិ វិញ បានប្រើកម្មវិធីនយោបាយថ្មីរបស់ខ្លួនក្នុងការឃោសនា គឺគោលនយោបាយចំនួន ៧ចំណុច។
កញ្ញា គង់ រ៉ាវីន បន្ថែមថា គណបក្សសង្គ្រោះជាតិ ហាក់ដូចជាមានគោលនយោបាយច្បាស់លាស់ចងភ្ជាប់ទៅនឹងរថយន្តនីមួយៗ ហើយមេដឹកនាំគណបក្សបានចុះជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីពន្យល់អំពីគោលនយោបាយជូនម្ចាស់ឆ្នោត។
លោក ហេង សំរិន ប្រធានកិត្តិយស និងជាសមាជិកគណៈកម្មការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងពិធីរំលឹកខួបលើកទី៦២ នៃថ្ងៃបង្កើតគណបក្សនៅកោះពេជ្រ នៅព្រឹកថ្ងៃទី២៧ មិថុនា ថា បើសិនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គណបក្សប្រជាជន នឹងបន្តដឹកនាំកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ លើសពីនេះទៀត លោក ហេង សំរិន អះអាងថា គណបក្សប្រជាជន ធានាលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងយុត្តិធម៌សង្គមត្រូវបានការពារ ពង្រឹង និងលើកស្ទួយជានិច្ច។
បន្ថែមពីលើនេះទៀត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង បានអះអាងថា គណបក្សប្រជាជនមានអ្នកគាំទ្រច្រើន ហើយលោករំពឹងថានឹងទទួលជ័យជម្នះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើលការបោះឆ្នោត បានពន្យល់ថា ការឃោសនារបស់គណបក្សប្រជាជន លើកនេះ គឺបានប្រើប្រាស់ថវិកាជាច្រើនក្នុងការបើកក្បួនឃោសនារបស់ខ្លួន។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានចំណាយលុយទៅលើការជួលរោងទីតាំងច្បាស់លាស់ និងជួលរថយន្តជាច្រើន ក្នុងការដឹកអ្នកគាំទ្ររបស់ខ្លួនឃោសនា ខុសពីគណបក្សដទៃ។ ក្រៅពីនេះ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់មន្ត្រីរាជការស៊ីវិល ក្នុងការជួយឲ្យឃោសនា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូរ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានប្រើរថយន្តគ្មានស្លាកលេខ ហើយបានបិទស្លាកសញ្ញាគណបក្សនៅកន្លែងស្លាកលេខនោះ។
គណបក្សដែលបើកយុទ្ធនាការឃោសនានៅថ្ងៃទី២៧ មិថុនា នេះ មាន ៦គណបក្ស គឺគណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ដោយឡែកគណបក្សពីរទៀត គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សខ្មែរឈប់ក្រ មិនបានធ្វើសកម្មភាពឃោសនានៅទីក្រុងភ្នំពេញទេ នៅថ្ងៃដំបូងនេះ។
ប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន ថ្លែងថា គណបក្សរបស់លោកមិនទាន់មានគម្រោងឃោសនានៅឡើយទេ ដោយលោកបានលើកពីហេតុផលការធ្វើចរាចរណ៍ពិបាកពេក។
រីឯតំណាងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក លីម សំណាង ថ្លែងថា ពេលវេលានៃការឃោសនារបស់គណបក្សលោកមិនទាន់ចាប់ផ្ដើមដូចគណបក្សដទៃទេ។
ចំពោះគណបក្សធំពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ វិធីដែលស្រដៀងគ្នាក្នុងការឃោសនា គឺគណបក្សទាំងពីរបានបញ្ចាំងវីដេអូនៅតាមរថយន្ត។ គណបក្សប្រជាជនបញ្ចាំងអំពីសកម្មភាពអភិវឌ្ឍន៍របស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសរបស់ខ្លួនកន្លងមក។ គណបក្សសង្គ្រោះជាតិ បានបញ្ចាំងដូចគ្នា គឺបញ្ចាំងនូវអំពើអយុត្តិធម៌នៅក្នុងសង្គម រួមទាំងការបណ្ដេញចេញ ការកាប់បំផ្លាញព្រៃឈើ និងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។