ជាក់ស្ដែងការជួបជុំអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ កាលពីរសៀលថ្ងៃទី២៦ ខែសីហា មានពលរដ្ឋចូលរួមមកពីតាមបណ្ដាខេត្តនានា និងមានចំនួនច្រើនលើសពីការកំណត់ដែលតម្រូវដោយសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ក្រើនរំលឹកប្រធានគណបក្សសង្គ្រោះជាតិ ឲ្យគ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តតាមការព្រមព្រៀងគ្នា និងតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ប្រសិនបើមានការជួបជុំសំដែងមតិណាមួយជាមួយអ្នកគាំទ្រ។
ក្នុងលិខិតមួយផ្ញើជូនទៅប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែសីហា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សំដែងការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនបានគោរពតាមការព្រមព្រៀងគ្នាចំពោះការរៀបចំពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហា។
ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ តម្រូវឲ្យគណបក្សសង្គ្រោះជាតិ ព្រមព្រៀងគោរពនូវលក្ខខណ្ឌមួយចំនួនជាថ្នូរអនុញ្ញាតឲ្យមានការជួបជុំក្នុងលក្ខខណ្ឌហាមមិនឲ្យអ្នកចូលរួមមកពីបណ្ដាខេត្តនានា មិនអនុញ្ញាតឲ្យដង្ហែជាក្បួន និងមានអ្នកចូលរួមប្រមាណត្រឹម ៥ពាន់នាក់។ ប៉ុន្តែជាក់ស្ដែងសាលារាជធានីភ្នំពេញ កត់សំគាល់ឃើញថា ពេលជួបជុំនោះមានពលរដ្ឋតាមបណ្ដាខេត្តនានាចូលរួម និងមានចំនួនកើនលើសការកំណត់រហូតដល់ជិត ២ម៉ឺននាក់។
លោក ប៉ា សុជាតិវង្ស សរសេរក្នុងលិខិតរបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតព្រឹត្តិការណ៍ជួបជុំសមាជិកគាំទ្រ។ ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រង និងកម្រិតចំនួនអ្នកចូលរួមបានឡើយដែលអាចនាំឲ្យក្តីបារម្ភដល់ពលរដ្ឋអំពីស្ថានភាពអាក្រក់កើតឡើងក្នុងពេលជួបជុំលើកក្រោយៗទៀត និងឈានទៅប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងធ្ងន់។
អភិបាលរាជធានីភ្នំពេញ ដែលទើបឡើងថ្មីរូបនេះ បានស្នើសុំឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវពិនិត្យឡើងវិញរាល់ចំណាត់ការរបស់ខ្លួនឲ្យច្បាស់ និងត្រូវទទួលខុសត្រូវខ្ពស់ឲ្យការជួបជុំសំដែងមតិនៅលើកក្រោយអនុវត្តស្របតាមច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី និងគោលការណ៍រក្សាសណ្ដាប់ធ្នាប់សាធារណៈ។
ជុំវិញបញ្ហានេះ អគ្គនាយកទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា អភិបាលសាលារាជធានីភ្នំពេញ គប្បីសរសើរគោលដៅដែលគណបក្សសង្គ្រោះជាតិ ដែលបានយកទីលានសាធារណៈទៅលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ដើម្បីប្រើសម្រាប់ការបញ្ចេញមតិតាមបែបប្រជាធិបតេយ្យដោយសន្តិវិធី អហិង្សា និងមានការចូលរួមពីពលរដ្ឋយ៉ាងគគ្រឹកគគ្រេង។
អ្នកស្រី មូរ សុខហួរ៖ «យើងនិយាយអំពីវេទិកា យើងនិយាយអំពីការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋគាត់ចេះគ្រប់គ្រងខ្លួនឯងហើយ។ តើរហូតមកដល់ពេលនេះ ដែលមានអសន្តិសុខ មានអស្ថិរភាព មានការច្របូកច្របល់នៅពេលណាទេ ផ្ទុយទៅវិញ គឺជាតួនាទីរបស់រដ្ឋអំណាចនៅក្នុងការផ្ដល់នូវសុវត្ថិភាព និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ»។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សយល់ឃើញថា លិខិតក្រើនរំលឹករបស់សាលារាជធានីភ្នំពេញ ទៅគណបក្សសង្គ្រោះជាតិ អាចជាសារមួយគំរាមទុកមុន ខណៈដែលគណបក្សប្រឆាំងគ្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ ដោយរំពឹងថា នឹងមានពលរដ្ឋប្រមាណជា ២ម៉ឺននាក់ចូលរួមបាតុកម្មនៅថ្ងៃដំបូង ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
