ក្រសួង​មហាផ្ទៃ​ប្រកាស​តែងតាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី

0:00 / 0:00

អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ និង​អភិបាល​ខេត្ត​ព្រះសីហនុ បាន​លើក​ទឹក​ចិត្ត​ដល់​ស្នងការ​នគរបាល​ខេត្ត​ទើប​ប្រកាស​តែងតាំង​ថ្មី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មេសា ឲ្យ​បន្ត​សហការ​​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ចោរ​លួច ឆក់ ប្លន់ ឬ​គ្រឿងញៀន ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន។

​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ មាន​ជំនឿ​ថា វត្តមាន​លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី នឹង​ជួយ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​កំពុង​កើត​មាន​ធ្ងន់ធ្ងរ នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​នៅ​ថ្ងៃ​អនាគត។

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​តែងតាំង​លោក ជួន ណារិន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី ជំនួស​លោក ស៊ាង កុសល ដែល​ត្រូវ​ប្តូរ​តួនាទី​ទៅ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ ក្រសួង​មហាផ្ទៃ​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា នា​សាល​ប្រជុំ​ខេត្ត​ព្រះសីហនុ។ ​លោក​បាន​សង្កត់​ធ្ងន់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខេត្ត​នេះ ត្រូវ​សហការ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

លោក​បន្ត​ថា បទល្មើស​ចោរ​ឆក់ ប្លន់ ល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​គ្រឿងញៀន​ជាដើម ត្រូវ​តែ​លុប​បំបាត់​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​ឲ្យ​ចូល​មក​កម្ពុជា៖ «សូម​ឲ្យ​សមាជិក​គ្រប់​ស្ថាប័ន​ទាំង​អស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ជួយ​ធ្វើ​ជា​សាក្សី និង​ទទួល​ស្គាល់​លោក ជួន ណារិន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី ដើម្បី​សហការ​បន្ត​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​បាន​ជោគជ័យ និង​រក្សា​បរិស្ថាន​សន្តិភាព សន្តិសុខ ស្ថិរភាព​សង្គម​ឲ្យ​បាន​ល្អ»

​ចំណែក​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ និង​លើក​ទឹក​ចិត្ត​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​ទាំង ៩​ចំណុច​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​រំពឹង​ថា ស្នងការ​ថ្មី​ខេត្ត​ព្រះសីហនុ នឹង​យក​បទពិសោធន៍ និង​ស្នាដៃ​របស់​លោក​មក​អនុវត្ត​បង្ក្រាប​បទល្មើស​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ត្រូវ​ខិតខំ​ឲ្យ​មាន​សកម្មភាព​ក្លៀវក្លា ដើម្បី​លើ​កម្ពស់​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត សំដៅ​កាត់​បន្ថយ​អត្រា​បទល្មើស​ឲ្យ​ធ្លាក់​ចុះ​មក​កម្រិត​ទាប​បំផុត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ទុក​ចិត្ត​មក​លើ​កម្លាំង​សមត្ថកិច្ច ព្រោះ​ថា ខេត្ត​ព្រះសីហនុ គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប»

កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ទីស្ដីការ​ក្រសួង លោក​បាន​ស្តី​បន្ទោស​ចំៗ ទៅ​អភិបាល​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចំពោះ​ការ​កើត​មាន​បទល្មើស​ចោរ ឆក់ ប្លន់ បាន​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ធ្ងន់ធ្ងរ។ លោក​ថា ការ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ទាំង​នេះ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា ជាពិសេស​បាន​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​បរទេស​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​អនាគត។ សារ​ព្រមាន​នេះ បាន​ឈាន​ដល់​ដក​តំណែង លោក ស៊ាង កុសល ចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​កាន់​តួនាទី​ផ្សេង និង​បាន​ប្រកាស​ប្ដូរ​ភារកិច្ច​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មេសា។

​ក្រោយ​ពី​បាន​ទទួល​ការ​តែងតាំង លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី បាន​ឡើង​ប្ដេជ្ញា​នៅ​ចំពោះ​មុខ​លោក នេត សាវឿន លោក ឈិត សុខុន និង​មន្ត្រី​ពាក់ព័ន្ធ​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា ថា នឹង​យក​បទពិសោធន៍ ឬ​ជំនាញ ដែល​លោក​មាន​ទាំង​ប៉ុន្មាន​ឈាន​ដល់​បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​កើត​មាន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​ថយ​ចុះ ឬ​ឈាន​ដល់​លុប​បំបាត់។

​លោក ជួន ណារិន ក៏​បាន​ប្រកាស​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​របស់​លោក ជាពិសេស​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ផ្ដល់​ព័ត៌មាន​ពី​សកម្មភាព​បទល្មើស​នានា មក​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ប្ដេជ្ញា​សហការ​ជាមួយ​កងកម្លាំង​គ្រប់​ជាន់​ថ្នាក់​ស្រាវជ្រាវ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ធានា​ឲ្យ​មាន​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​វិនិយោគ​ទុន និង​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ។ ប្តេជ្ញា​យក​អស់​កម្លាំង​កាយ​ចិត្ត គំនិត ប្រាជ្ញា ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​មិន​ធ្វើ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ទេ»

​ការ​ប្ដេជ្ញា​នេះ ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ អបអរ​សាទរ និង​សង្ឃឹម​ថា លោក​ស្នងការ​ថ្មី អាច​ផ្ដល់​សុវត្ថិភាព សន្តិសុខ​ល្អ ដល់​ការ​រស់​នៅ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ មាន​ក្តី​រំពឹង​ថា បទល្មើស​ផ្សេងៗ​មាន​ដូចជា​បទល្មើស​ចោរ ឆក់ ប្លន់ បន​ពេស្យាចារ បទល្មើស​ល្បែង​ភ្នាល់​បាល់ កន្ទុយលេខ ពិសេស​បទល្មើស​គ្រឿង​ញៀន នឹង​អាច​ទប់​ស្កាត់​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​សង្ឃឹម​ថា លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​រងគ្រោះ​ដីធ្លី និង​សង្គម​ស៊ីវិល​នានា ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា បាន​ជួប​ទំនាក់ទំនង ឬ​ក៏​ពិភាក្សា​គ្នា​លើកឡើង​អំពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ»

​ដូចគ្នា​ដែរ ប្រជាពលរដ្ឋ​មាន​លំនៅឋាន នា​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ឲ្យ​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្មី ត្រូវ​បើក​យុទ្ធនាការ​បង្ក្រាប​បន​ពេស្យាចារ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់​ទីតាំង​ចាក់​កន្ទុយលេខ ទីតាំង​ចាក់​ភ្នាល់​បាល់​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ឬ​អ៊ិនណឺណិត និង​បទល្មើស​គ្រឿង​ញៀន​ជាដើម ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នា​ខេត្ត​នេះ​ឲ្យ​បាន​ជា​ស្ថាពរ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។