Opens in new windowមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចេញពីសែស្រឡាយរាជវង្ស គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាសដាក់ព្រះកាយរបស់ទ្រង់ថា ជាអ្នកប្រឆាំងក្នុងបក្សប្រឆាំងចាប់ពីពេលនេះតទៅ ប្រសិនបើព្រះអង្គមើលឃើញពីសកម្មភាពមិនប្រក្រតីកើតឡើងនៅក្នុងផ្ទៃក្នុងគណបក្សនោះ។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ចំពោះការប្រកាសនេះឡើយ ដោយចាត់ទុកថា ជាសិទ្ធិ និងសេរីភាពរបស់បុគ្គលនៅក្នុងគណបក្សប្រជាធិបតេយ្យ។
ការប្រកាសពីជំហររបស់ព្រះអង្គម្ចាស់ ធម្មិកោ នៅពេលនេះ ធ្វើឡើងជាចំហនៅលើបណ្ដាញសង្គមហេ្វសប៊ុក (Facebook) របស់ទ្រង់នៅថ្ងៃទី១៤ ខែកញ្ញា។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបញ្ជាក់បន្ថែមទៅលើសាររបស់ទ្រង់ដែលបានផ្សព្វផ្សាយក្នុងហ្វេសប៊ុក ថា ជាការបញ្ចេញទស្សនៈឯកជនរបស់ទ្រង់ ដោយមិនឆ្លុះបញ្ចាំងពីការបែកបាក់ ឬការហែកហួរផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ នោះទេ៖
«ខ្ញុំចង់ឆ្លុះបញ្ចាំងចំណុចខ្សោយរបស់យើង ដូច្នេះមិនមែនជាការបែកបាក់ទេ វាជាទស្សនៈមួយដែលខ្ញុំលើកឡើងហ្នឹងយកទៅគិតពិចារណា ដើម្បីកែទម្រង់»។
ចំណុចដែលចង់ឲ្យមានការកែទម្រង់នោះ ព្រះអង្គម្ចាស់បង្ហាញយ៉ាងខ្លីថា ការសម្រេចអ្វីៗ ឬចង់ធ្វើអ្វីមួយសូមអោយសម្រេចជារួម និងទទួលខុសត្រូវរួម ដោយមិនចង់ឲ្យមានការខ្វែងគំនិតគ្នាច្រើននៅក្នុងបក្សនោះទេ។
រីឯនៅលើទំព័រហេ្វសប៊ុក ដដែល ទ្រង់បានបង្ហាញទៀតថា៖ "គណបក្សប្រជាជនកម្ពុជា រកផ្លូវឈ្នះគ្មានទេ ក៏ប៉ុន្តែគណបក្សប្រជាជន មានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីធ្វើអោយយើងចាញ់ បើសិនជាយើងមិនកែទម្រង់ក្នុងពេលឆាប់ៗនេះទេ ហើយយើងនឹងត្រូវរលាយដូចអំបិលត្រូវទឹកតែម្ដង"។
ការផ្ញើសាររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ នៅស្របពេលគណបក្សសង្គ្រោះជាតិ កំពុងរងការគំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបន្តចាប់ខ្លួនបន្តទៀត ចំពោះអ្នកណាហើយហ៊ានរិះគន់ថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់នោះជាផែនទីក្លែងក្លាយ។
នៅត្រង់ចំណុចនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហាក់ចង់បង្ហាញជំហរឲ្យគណបក្សប្រឆាំង ដែលសមាជិករបស់ខ្លួនកំពុងតែប្រឈមនឹងការចាប់ចងនោះ ឲ្យមានការកែទម្រង់ផ្ទៃក្នុងគណបក្សឡើងវិញ ដើម្បីរកវិធីទប់ស្កាត់នឹងស្ថានភាពតឹងតែង និងគណបក្សកាន់អំណាចដែលបានដំឡើងសាច់ដុំដាក់គ្នាផ្នែកនយោបាយកាលពីពេលថ្មីៗនេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសែខាងរាជានិយម ហើយបានហក់ចូលប្រឡូកក្នុងឆាកនយោបាយជាមួយគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ កន្លងមក ប៉ុន្តែមណ្ឌលព្រះសីហនុ របស់ព្រះអង្គមិនបានជាប់អាសនៈនៅក្នុងរដ្ឋសភាឡើយ។
ទាក់ទងនឹងការបង្ហាញជំហររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនបារម្ភចំពោះការប្រកាសនេះឡើយ ដោយចាត់ទុកថា ជាសិទ្ធិ និងសេរីភាពរបស់បុគ្គលម្នាក់ៗនៅក្នុងគណបក្សប្រជាធិបតេយ្យដែលតែងមានការសម្ដែងមតិរៀងៗខ្លួន។
លោកបន្តថា គណបក្សសង្គ្រោះជាតិ តែងតែប្រមូលនូវរាល់មតិ និងទស្សនៈនានាក្នុងន័យស្ថាបនា ហើយតែងតែគោរពនូវមតិភាគច្រើនជានិច្ច៖ «គណបក្សប្រជាធិបតេយ្យម្នាក់ៗមានសិទ្ធិក្នុងការបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួន ដើម្បីដំណើរការគណបក្ស ក៏ប៉ុន្តែការបញ្ចេញទស្សនៈគឺអាស្រ័យលើមតិភាគច្រើន បើសិនជាមតិភាគច្រើនសម្រេចយ៉ាងម៉េច យើងត្រូវគោរពតាមសេចក្ដីសម្រេច ពីព្រោះគណបក្សសង្គ្រោះជាតិ មានយន្តការនៅក្នុងការធ្វើសេចក្ដីសម្រេច»។
តែទោះយ៉ាងណា កន្លងមកសមាជិកគណបក្សប្រឆាំងមួយចំនួនដែលចូលចិត្តទើសភ្នែកទើសត្រចៀក ហើយរិះគន់ ឬចង់ឲ្យមានការកែទម្រង់ក្នុងបក្សញឹកញាប់នោះ មិនសូវជាមានវាសនាល្អប៉ុន្មានឡើយ ហើយមិនយូរមិនឆាប់ អ្នកសកម្មក្នុងការរិះគន់ទាំងនោះត្រូវដើរចេញពីបក្សដោយខ្លួនឯង ហើយក្លាយទៅជាអ្នកប្រឆាំងក្រៅបក្សវិញម្តង ហើយខ្លះទៅបើកគណបក្សថ្មី និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាដើម។ ការបង្ហាញជំហររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចង់ឲ្យគណបក្សកែទ្រង់ផ្ទៃក្នុងបក្សនៅពេលនេះ គឺស្របពេលដែលប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញដោយស្ងៀមស្ងាត់ និងបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនៅទីថ្ងៃទី១៤ ខែកញ្ញា ភ្លាមៗ ដោយបានកំណត់នូវរបៀបវារៈចំនួន៤ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពរបស់បក្សក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ នេះ។ ក្នុងចំណោមរបៀបវារៈទាំងនោះ ក៏មានការរៀបចំពិនិត្យរចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្រោមជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
