សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានរិះគន់សាជាថ្មីទៅកាន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចំពោះការចូលរួមបង្កើត និងប្រើប្រាស់វប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា។
ការរិះគន់នេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមយុវជន ២ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ដើម្បីបង្ហាញគោលនយោបាយនៃចលនាយុវជនរាជានិយមកម្ពុជា។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានរិះគន់ថា វប្បធម៌សន្ទនារបស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយមិនមានភាពស្មោះត្រង់ពិតប្រាកដ និងមិនដើម្បីប្រយោជន៍ប្រទេសជាតិនោះទេ។
ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងពិធីសំណេះសំណាល សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានថ្លែងរិះគន់ចំៗទៅកាន់ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ថាវប្បធម៌សន្ទនាមានចរិតនយោបាយ បោកប្រាស់ប្រជាពលរដ្ឋដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន៖ «ខ្ញុំព្រះករុណាខ្ញុំ សូមផ្តាំទៅកាន់ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលខ្ញុំព្រះករុណាធ្លាប់ស្រោចស្រង់ជីវិត ហើយប្រសិនជាប្រុងធ្វើវប្បធម៌សន្ទនាដដែល សូមផ្ដាំថា សូមកុំនាំយកប្រជាពលរដ្ឋទៅឲ្យស្លាប់ជំនួស និងវេទនាជំនួស សូមគិតពីប្រយោជន៍រាស្ត្រយកជាតិជាធំ»។
ឆ្លើយតបនឹងការរិះគន់ចំពោះវប្បធម៌សន្ទនា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ និងមិនខ្វល់ចំពោះការរិះគន់របស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មកលើគណបក្សសង្គ្រោះជាតិ នោះទេ ព្រោះវាគ្រាន់តែជាចរិតរបស់អ្នកនយោបាយប៉ុណ្ណោះ ហើយវាជាទម្លាប់របស់សម្ដេចក្រុមព្រះទៅហើយ។ លោកបន្តថា រាល់ការសម្រេចរបស់គណបក្សសង្គ្រោះជាតិ ចំពោះវប្បធម៌សន្ទនា ធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាស់លាស់៖ «ខ្ញុំមិនចាប់អារម្មណ៍ទាំងអស់រាល់សម្ដីរបស់សម្ដេចក្រុមព្រះ ព្រោះគណបក្សសង្គ្រោះជាតិ ធ្វើអ្វីក៏ដោយមានគោលជំហររបស់ខ្លួន មានការពិចារណាត្រឹមត្រូវ ពិសេសវប្បធម៌សន្ទនា គឺយើងចេះគិតគូរហើយ»។
ចំណែកឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា ក្នុងនាមសម្ដេចក្រុមព្រះជាអ្នកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅពេលនេះ លោកគួរតែទទួលស្គាល់ពីចំណុចខ្សោយ និងការបរាជ័យរបស់ខ្លួនដែលធ្វើជាអ្នកនយោបាយ។ លោកបន្តថា វប្បធម៌សន្ទនារបស់បក្សទាំងពីរនៅពេលនេះ ជាតម្រូវការរបស់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងបង្ហាញការទទួលខុសត្រូវរបស់គណបក្សដែលមានអាសនៈនៅក្នុងសភា៖ «ខ្ញុំគិតថា សម្ដេចក្រុមព្រះគួរតែគិតឡើងវិញ សម្ដេចក្រុមព្រះត្រូវចេះធ្វើនយោបាយ កុំគ្រាន់ចេះតែទិតៀនអ្នកដទៃ គួរតែចេះទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន។ ម្យ៉ាងទៀតគួរតែរកយុទ្ធសាស្ត្រអី ដើម្បីបម្រើប្រយោជន៍បក្សរបស់ខ្លួនទៅ»។
ក្រៅពីការរិះគន់ចំពោះវប្បធម៌សន្ទនារបស់គណបក្សទាំងពីរ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក៏ដាស់តឿនទៅកាន់អ្នករាជានិយម កុំឲ្យភ្លេចជ័យជម្នះរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ ដែលជាអ្នកជាតិនិយម យកឧត្តមប្រយោជន៍ជាតិជាធំ។ លើសពីនេះ សម្ដេចក្រុមព្រះប្រកាសថា នឹងឈរឈ្មោះជាអ្នកនយោបាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។