ទាំងនៅក្នុងពេលមានការបោះឆ្នោតថ្ងៃទី២៨ កក្កដា និងទាំងក្រោយការបោះឆ្នោត ស្ថានភាពទូទៅនៅខេត្តព្រះសីហនុ មានសភាពស្ងប់ស្ងាត់ធម្មតា ដំណើរប្រកបការងារ ហាងទំនិញ និងសកម្មភាពអាជីវកម្មនានានៅតែប្រព្រឹត្តទៅជាប្រក្រតី។
វាហាក់ដូចជាផ្ទុយទៅនឹងស្ថានភាពនៅកន្លែងបានកើតឡើងផ្សេងៗទៀត ដែលមានការបិទផ្លូវ ការដាក់ពង្រាយទ័ព ការផ្ទុះអំពើហិង្សារហូតធ្វើឱ្យប្រជាជនខ្លះនាំគ្នាជ្រួលទៅទិញស្បៀងបម្រុងទុក ដកប្រាក់ពីធនាគារ ឬទៅចាក់សាំងឱ្យពេញៗសម្រាប់ត្រៀមពេលមានអាសន្នជាដើម។
អ្នករស់នៅខេត្តព្រះសីហនុ បានបញ្ជាក់ថា ពួកគាត់គ្មានការភ័យខ្លាចអ្វីទេទៅនឹងស្ថានការណ៍តានតឹងទាំងនេះ ដោយនៅក្នុងខេត្តនេះមិនមានសកម្មភាពអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។
អ្នកស្រី វណ្ណថា អ្នកលក់ខោអាវនៅក្នុងផ្សារទំនប់រលក បាននិយាយថា អ្នកស្រីមិនភ័យខ្លាចនឹងបញ្ហាចលាចលដែលកើតឡើងក្រោយពេលបោះឆ្នោតនេះទេ៖ «ថ្ងៃទី២៩ អី គេនាំគ្នាផ្អើលទិញអង្ករទិញអី តែខ្ញុំធម្មតា»។
យុវតីម្នាក់រស់នៅម្តុំកំពង់ផែព្រះសីហនុ បានប្រាប់ឱ្យដឹងថា សភាពក្នុងភូមិនាងមានស្ថានភាពធម្មតា គ្មានអ្វីដែលគួរខ្លាចរអាទេ៖ «ខ្ញុំអត់មានអារម្មណ៍ភ័យអីផង គ្រាន់តែឃើញ (ព័ត៌មាន) តាមទូរទស្សន៍ភ្ញាក់ផ្អើលដែរ តែអត់ភ័យទេ ព្រោះថានៅម្តុំផ្ទះខ្ញុំអត់មានអ្វីព្រួយបារម្ភ។ បោះឆ្នោតហើយធម្មតា រកស៊ីធម្មតា»។
លោក កែវ សុខា ជាមន្ត្រីរាជការម្នាក់ បាននិយាយថា កាលៈទេសៈនេះហើយ គ្មានអ្វីគួរឱ្យបារម្ភនោះទេ ព្រោះកម្ពុជា មិនមែនរស់នៅដោយឯកោម្នាក់ឯង ហេតុនេះលោកជឿជាក់ថា បើមានបញ្ហាមែននោះ ប្រាកដជាបណ្ដាប្រទេសជាមិត្តមកជួយដោះស្រាយមិនខាន៖ «ពេលនេះជាពេលមួយស្វែងរកសន្តិភាព បញ្ហាដែលឮសូរដំណឹងមិនល្អអីហ្នឹង បងអត់មានបញ្ហាបញ្ហាអត់បារម្ភ។ បងយល់ឃើញថា មនុស្សសម័យនេះមានអ្នកចេះដឹងច្រើន អ៊ីចឹងមិនត្រូវការយកច្បាប់ព្រៃមកអនុវត្ត ដូចកាលពីពេលមុនៗទៀតទេ ព្រោះកម្ពុជា សព្វថ្ងៃនេះ រស់នៅក្រោមកញ្ចុំអាស៊ាន។ អ៊ីចឹង ចំពោះអ្នកដែលមានបំណងមិនល្អ ក៏ប្រហែលជាមិនអាចទៅរួចដែរ»។
គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានអះអាងថា មិនមានពាក្យបណ្ដឹងណាមួយពីសំណាក់គណបក្សនយោបាយបានប្ដឹងមកនោះទេ ហើយមានប្រជាពលរដ្ឋប្រមាណ ៦៨.៨៧% បានទៅបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា កន្លងទៅ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត បាននិយាយថា ការបោះឆ្នោតលើកនេះបានជួបប្រទះសភាពមិនប្រក្រតីមួយចំនួន។
អាស្រ័យហេតុនេះហើយ ទើបគណបក្សប្រឆាំងបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យចម្រុះមួយ ដើម្បីស៊ើបអង្កេត និងដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។
មន្ត្រីរាជការម្នាក់គឺ លោក កែវ សុខា បានគាំទ្រទៅនឹងគំនិតបង្កើតគណៈកម្មការនេះ ព្រោះលោកយល់ថា វាអាចជួយស្វែងរកដំណោះស្រាយសម្រាប់ភាពជាប់គាំងនយោបាយបាន៖ «ខ្ញុំយល់ព្រមហើយ ឧទាហរណ៍ថាប្រជាពលរដ្ឋដែលចង់ឱ្យគណៈកម្មការហ្នឹងបង្កើតពិត បានដោយរលូត ខ្ញុំឯកភាព ខ្ញុំនឹងចូលរួម។ និយាយចំគាំទ្រ បើសិនគណៈកម្មការហ្នឹងលោកដំណោះស្រាយឃើញហើយ ថាបញ្ហាហ្នឹងវាកើតមានមែន។ អ៊ីចឹង ខ្ញុំគិតថា គណៈកម្មការនឹងជួយដល់ប្រជាពលរដ្ឋដែលមានឆន្ទៈស្នេហាជាតិ ចង់កែប្រែពីចំណុចមួយអវិជ្ជមាន មកវិជ្ជមាន ខ្ញុំគាំទ្រ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពេលថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ ហើយគាំទ្រចំពោះការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ថាចាំបាច់ត្រូវបង្កើតឲ្យមាន ដោយមានគណបក្សនយោបាយ និងមានអង្គការមិនមែនរដ្ឋាភិបាលចូលរួម។ លោក ហ៊ុន សែន បានឲ្យដឹងថា គណបក្សរបស់លោកក៏កំពុងត្រៀមខ្លួនបើកកិច្ចពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ ដែរ។
ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា បានអះអាងពីជ័យជម្នះជាមួយនឹងការទទួលបាន ៦៨អាសនៈ ទល់នឹង ៥៥អាសនៈនោះ លោក សម រង្ស៊ី បានអះអាងកាលពីថ្ងៃអង្គារ ថា ការគណនារបស់គណបក្សសង្គ្រោះជាតិ ផ្ទាល់បង្ហាញថា ខ្លួនទទួលបានសំឡេងឆ្នោតប្រកៀកប្រកិតគ្នា គឺ ៦៣អាសនៈ ទល់នឹង ៦០អាសនៈរបស់គណបក្សប្រជាជនកម្ពុជា។
ទោះបីជាគណបក្សណាទទួលបានជ័យជម្នះក៏ដោយ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ មិនខ្វល់នោះទេ តែសំខាន់ត្រង់ថា ឱ្យមេដឹកនាំទាំងសងខាងចូលអង្គុយតុចរចា ដើម្បីដោះស្រាយបញ្ហាបញ្ចៀសសង្គម ចៀសពីវិបត្តិ ហើយស្នើឱ្យអ្នកនយោបាយដែលជាប់ឆ្នោត គោរពការសន្យារបស់ខ្លួនកាលពីពេលឃោសនាបោះឆ្នោត៖ «(១) ខ្ញុំជាប្រជាជនប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធ រត់ម៉ូតូឌុបនេះ ឆន្ទៈរបស់ខ្ញុំទាំងអស់គ្នា គឺខ្ញុំសូមឱ្យរដ្ឋាភិបាលជាប់ឆ្នោតនីតិកាលអាណត្តិទីប្រាំ សូមឱ្យទីមួយជួយរកដំណោះស្រាយ សូមជួយប្រជាពលរដ្ឋរកស៊ីតូចតាច ឱ្យរស់បានសមរម្យ។ ទីពីរ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ ឱ្យបានមួយខែ ១លានរៀល ហើយកម្មកររោងចក្របាន ១៥០ដុល្លារ ហើយតម្លៃទំនិញ និងប្រេងសាំង ឱ្យមានតុល្យភាពនឹងប្រាក់ខែមន្ត្រីរាជការ និងកម្មករ ឱ្យរស់សមរម្យដូចប្រទេសជិតខាង។ ដូច្នេះ ចំពោះឆន្ទៈខ្ញុំ គណបក្សណាកាន់អំណាចក៏ដោយ សូមឱ្យកែទម្រង់នូវច្បាប់ដែលបានចែងចេញហើយ តែគាត់មិនអនុវត្ត ធ្វើយ៉ាងណាសូមឱ្យគាត់ដើរតាមគោលមាគ៌ាច្បាប់នយោបាយរបស់គាត់ ធ្វើយ៉ាងណាឱ្យសមស្របតាមគោលមាគ៌ានយោបាយដែលបានចែងចេញមក។ (២) សុំឱ្យតែគាត់សម្រួលគ្នាឱ្យត្រូវ ប្រជាជនអាចរកស៊ីបានធម្មតា គ្មានការភិតភ័យអីទេ។ (៣) ខ្ញុំគិតថា សម្ដីដែលគាត់និយាយសន្យាជាមួយប្រជាពលរដ្ឋហ្នឹង ហើយដល់តែពេលគាត់ជាប់ឆ្នោតហើយ បែរជាគាត់មិនធ្វើតាម ខ្ញុំសូមឱ្យគាត់លើកដៃសារភាពសុំចុះចេញពីតំណែងដោយខ្លួនឯង មិនបាច់ចាំគេដេញ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី១០ សីហា ខាងមុខ ហើយប្រកាសការបែងចែកអាសនៈ និងការកំណត់ចំនួនបេក្ខជនជាប់ឆ្នោតនៅចន្លោះថ្ងៃទី១៤ សីហា ដល់ថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
