នៅថ្ងៃទី១៨ ខែមិថុនា ជាព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ព្រះវររាជមាតាជាតិ នរោត្តម មុនីនាថ សីហនុ។ ឆ្នាំ២០១៦ នេះ ជាគម្រប់ខួប ៨១ព្រះវស្សារបស់ទ្រង់។ នៅថ្ងៃនេះដែរ ក៏ជាថ្ងៃបុណ្យជាតិ។
កាលពីឆ្នាំ១៩៥២ មួយឆ្នាំបន្ទាប់ពីកញ្ញា ប៉ូល ម៉ូនិក ព្រះនាមដើមរបស់សម្ដេចម៉ែ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបវរកញ្ញាជាតិ ទ្រង់បានរៀបអភិសេកជាមួយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។
អ្នកម្នាង ម៉ូនិក ត្រូវគេមើលឃើញថា ត្រូវបានព្រះបាទនរោត្តម សីហនុ សព្វព្រះទ័យជាងគេ ហើយព្រះអង្គតែងយាងដង្ហែតាមព្រះមហាក្សត្រជាប់រហូត តាំងពីការភៀសព្រះកាយទៅបរទេសក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ការចូលរួមចលនាព្រៃម៉ាគីជាមួយខ្មែរក្រហម។ អ្នកម្នាងក៏ត្រូវខ្មែរក្រហមឃុំព្រះកាយនៅក្នុងព្រះបរមរាជវាំងជាមួយសម្ដេច នរោត្តម សីហនុ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយអ្នកម្នាងក៏យាងភៀសព្រះកាយទៅប្រទេសចិន ជាមួយសម្ដេចនរោត្តម សីហនុ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
នៅឆ្នាំ១៩៩២ អ្នកម្នាង ម៉ូនិក ទទួលព្រះបរមងារជាសម្ដេចព្រះជាយា ហើយឆ្នាំ១៩៩៣ ទ្រង់ត្រូវបានដំឡើងព្រះបរមងារជាសម្ដេចព្រះមហេសី។ រហូតដល់ឆ្នាំ១៩៩៦ ទ្រង់ត្រូវបានតែងតាំងជាសម្ដេចព្រះរាជអគ្គមហេសី។
សព្វថ្ងៃ សម្ដេចម៉ែគង់នៅព្រះបរមរាជវាំងជាមួយព្រះមហាក្សត្របច្ចុប្បន្ន និងជាបុត្រារបស់ទ្រង់ គឺព្រះបាទនរោត្តម សីហមុនី។ ក្សត្រទាំងពីរតែងយាងទៅប្រទេសចិន ជាប្រចាំ ដើម្បីពិនិត្យព្រះសុខភាព៕
[ ចុចត្រង់នេះ ដើម្បីអានអំពីព្រះរាជជីវប្រវត្តិរបស់សម្ដេចម៉ែ!Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
