ឯកសារនៅលើគេហទំព័ររាជរដ្ឋាភិបាល និងឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានពីព្រះបរមរាជវាំង បានបង្ហាញដូចគ្នាថា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ មានព្រះនាមដើមថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជាបុត្រីរបស់លោកស្រី ប៉ុម ពាង និងលោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជនជាតិអ៊ីតាលី កាត់បារាំង និងជាប្រធាននាយកដ្ឋានមូលនិធិផ្តល់ប្រាក់កម្ចី ប៉ុន្តែមិនបានបញ្ជាក់ថា នៅក្នុងប្រទេសណាទេ។
ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ឬ ប៉ូល ម៉ូនិក អ៊ីស៊ី បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ និងមានបងប្អូនស្រីបង្កើត១នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។
កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បានរៀបអភិសេកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ នៅខែមេសា ឆ្នាំ១៩៥២ ហើយបានទទួលបរមងារជាអ្នកម្នាង។ ក្រោយពីបានរៀបអភិសេករួចមក ព្រះមហាក្សត្រ និងអ្នកម្នាង មានព្រះរាជបុត្រា ២ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី ដែលបច្ចុប្បន្នជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះរាជបុត្រមួយអង្គទៀត គឺព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស។
លុះមកដល់ឆ្នាំ១៩៩២ ព្រះករុណាសម្ដេច នរោត្តម សីហនុ បានប្រទានគោរមងារដល់អ្នកម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជាសម្ដេចព្រះជាយា។ក្រោយមកទៀត ក្នុងឆ្នាំ១៩៩៣ សម្ដេចព្រះជាយា ទ្រង់បានទទួលគោរមងារជាសម្ដេចព្រះមហេសី នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំ១៩៩៦ ព្រះមហេសីបានទទួលបរមងារជាសម្ដេចព្រះរាជអគ្គមហេសី។
ឯកសារដដែលបានបញ្ជាក់ទៀតថា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវបានព្រះមហាក្សត្របច្ចុប្បន្ន ទូលថ្វាយព្រះបរមងារថា ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។
សម្ដេចព្រះវររាជមាតាជាតិខ្មែរ ឬសម្ដេចម៉ែ កាលពីនៅវ័យកុមារភាព បានធ្វើការសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និងមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។
ទាក់ទងនឹងការបំពេញការងារវិញ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលក្រៅពីចេះភាសាខ្មែរ ព្រះអង្គចេះភាសាបារាំង និងភាសាអង់គ្លេស។
ក្នុងឱកាសពិធីចម្រើនព្រះជន្មាយុរបស់ព្រះវររាជមាតានៅពេលនេះ ប្រជារាស្ត្រខ្មែរ មន្ត្រីរាជការ ព្រះញាតិវង្ស ព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចាប់អារម្មណ៍សម្ដែងមតិរៀងៗខ្លួនផងដែរ។
ព្រះអង្គម្ចាស់ ធម្មិកោ ជាព្រះញាតិវង្សព្រះមហាក្សត្រ បានមានបន្ទូលថា ក្នុងមួយជីវិតរបស់សម្ដេចម៉ែ ចាប់តាំងពីរៀបអភិសេករួចមក គឺព្រះអង្គបានបំពេញភារកិច្ចដោយដង្ហែតាមព្រះករុណាសម្ដេចឪរៀងដរាបមកដល់សព្វថ្ងៃ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលដូច្នេះ ៖ «ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ពេលដែលព្រះករុណា សម្ដេចឪ គេឃុំនៅព្រះរាជវាំង (ខ្មែរក្រហម ប៉ុលពត) ជាប់នៅព្រះបរមរាជវាំង ៣ឆ្នាំជាងហ្នឹង បន្ទាប់មក ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ គឺសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាយើង ដែលរវាងរដ្ឋកម្ពុជាផង រវាងរដ្ឋាភិបាលត្រីភាគី ដឹកនាំដោយសម្ដេចឪយើងម្ខាងទៀត សម្ដេចម៉ែក៏លោកបានដង្ហែព្រះករុណាក្នុងការតស៊ូហ្នឹង។ ចាប់តាំងពីឆ្នាំ១៩៥២ រហូតមកដល់ពេលនេះ សម្ដេចម៉ែបានដង្ហែព្រះករុណាដរាប»។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ស្រដៀងគ្នានេះដែរថា ៖ «កាលដែលសម្ដេចឪលោកតស៊ូអី ឃើញសម្ដេចម៉ែចេះតែហែសម្ដេចឪជាប់ជានិច្ចអ៊ីចឹង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់សន្តិភាព ខ្ញុំដឹងច្បាស់ ដោយសារខ្ញុំរៀបចំ៣ដង សម្រាប់ថ្វាយសម្ដេចឪឲ្យជួបជាមួយនឹងសម្ដេចនាយក ហ៊ុន សែន នៅប្រទេសបារាំង ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ហ្នឹងមុនគេទាំងអស់ហើយ សម្ដេចឪនិងសម្ដេចម៉ែបានជួបគ្នា ហើយឃើញសម្ដេចម៉ែហែជាប់ អ៊ីចឹងលោកក៏មានតួនាទីនៅក្នុងហ្នឹងដែរ»។
ប្រជាពលរដ្ឋមួយរូបឈ្មោះ អុក ព្រឿន នៅខេត្តតាកែវ បានបញ្ជាក់ប្រាប់ដែរថា គាត់បានដឹង និងស្គាល់សម្ដេចម៉ែតាមរយៈការផ្សាយទូរទស្សន៍ ហើយនៅពេលដល់ថ្ងៃចម្រើនព្រះជន្មម្ដងៗ គឺគាត់បានដឹងតាមរយៈការមើលប្រក្រតិទិន ហើយបានធ្វើការថ្វាយព្រះពរដូច្នេះ ៖ «ដាក់ផ្កាដាក់អី តាំងរូបថតព្រះអង្គនៅលើផ្ទះហ្នឹងដើម្បីជូនពរដល់សម្ដេចម៉ែឲ្យមានព្រះជន្មយឺនយូរតទៅទៀត ដើម្បីរក្សាកូនចៅ ចៅទួតរបស់សម្ដេចម៉ែ ព្រោះធ្លាប់ពីដើមជាម្លប់របស់ប្រជាជនយើង ស្រឡាញ់ ជួយប្រជាជនសុខសប្បាយរហូតពីមុនមក»។
ស្ត្រីវ័យចាស់មួយរូបឈ្មោះ គឹម ស៊ីមឿន ជាគណៈកម្មការនៅពុទ្ធមណ្ឌល ស្រុកពញាឮ ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងដែរថា នៅពុទ្ធមណ្ឌលក៏បានត្រៀមរៀបចំធ្វើពិធីចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែដែរ ដោយនិមន្តព្រះសង្ឃចំនួន ៩២អង្គចម្រើនព្រះបរិត្ត ហើយនិងរាប់បាត្រ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រី ហើយនិងអតីតព្រះមហាក្សត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយកុសលដល់ទាំងថ្នាក់ដឹកនាំទូទៅ និងប្រជាពលរដ្ឋកម្ពុជា។
អ្នកស្រី គឹម ស៊ីមឿន មានប្រសាសន៍ដូច្នេះ ៖ «អ្នកចែកឋានទាំងប៉ុន្មាន យើងឧទ្ទិសគ្រប់ ដើម្បីជាតិ សាសនា ហើយព្រះវីរក្សត្រយើងលោកសុគតទៅ យើងឧទ្ទិសរួមជាមួយគ្នា។ ព្រះពុទ្ធសាសនា គឺមេត្តាទាំងអស់ កុំថាឡើយតែជនជាតិយើង ជនជាតិដទៃក៏យើងផ្សាយមេត្តាធម៌អ៊ីចឹងដែរ យើងចិត្តទូលាយ»។
លោក ជា គាន អគ្គលេខាធិការរងនៃគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងថ្ងៃចម្រើនព្រះជន្មសម្ដេចព្រះវររាជមាតាជាតិខ្មែរ ឬសម្ដេចម៉ែ នៅក្នុងព្រះបរមរាជវាំង គេក៏មាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រ ហើយក្រៅពីនេះ គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ក៏បានជូនដំណឹងទៅមន្ទីរក្រសួងនានាទូទាំងប្រទេស ឲ្យរៀបចំចងបដាពាក្យស្លោកថ្វាយព្រះពរជ័យព្រះអង្គដែរ។
លោកបានបន្ថែមទៀតថា នៅក្នុងពេលរាត្រីនៃទិវាចម្រើនព្រះជន្ម ក៏មានរៀបចំពិធីសម្ដែងសិល្បៈខ្មែរបុរាណ និងសម័យជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងមានដុតកាំជ្រួច ដើម្បីអបអរសាទរដល់ពិធីចម្រើនព្រះជន្មាយុរបស់ព្រះវររាជមាតាជាតិខ្មែរ៕
