ប្រមុខ​រដ្ឋ​ស្ដីទី​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​ភារកិច្ច​អគ្គនាយក​នៃ​ក្រសួង​ធម្មការ

ប្រមុខ​រដ្ឋ​ស្ដីទី​លោក សាយ ឈុំ សម្រេច​បញ្ចប់​ភារកិច្ច​អ្នក​ស្រី កែវ សុធារី ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្នុង​ក្រសួង​ធម្មការ និង​សាសនា ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី​បាន​បញ្ចប់​កិច្ចការ​របស់​អ្នក​ស្រី កែវ សុធារី ពី​ប្រធាន​នាយកដ្ឋាន ដែល​កាន់​កាប់​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ប៉ុន្តែ​រក្សា​ទុក​ឲ្យ​នៅ​ក្នុង​ក្របខ័ណ្ឌ និង​ឋានន្តរសក្ដិ​ដដែល។

ការ​បញ្ចប់​ការងារ​របស់​អ្នក​ស្រី កែវ សុធារី ពី​​​តួនាទី​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​បុគ្គលិក និង​ថវិកា នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា​នេះ លោក សាយ ឈុំ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ ឲ្យ​បាន​ច្បាស់​លាស់​ទេ ថា​តើ​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ។ប៉ុន្តែ កាសែត​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា ភាព​រង្គោះរង្គើ​តួនាទី​របស់​អ្នកស្រី​នៅ​ពេល​នេះ ព្រោះ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្នុង​ពេល​ដែល​អ្នក​ស្រី​កំពុង​កាន់​តួនាទី ជា​ប្រធាន​នាយកដ្ឋាន ផ្នែក​បុគ្គលិក និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។