លោក សម រង្ស៊ី ប្រកាស​​ចូល​នយោបាយ​វិញ​ទោះ​បក្ស​ប្រឆាំង​ត្រូវ​គេ​រំលាយ​ឬ​មិន​រំលាយ

ដោយ អាស៊ីសេរី
2017.11.15
សម រង្ស៊ី ២០១៧ ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth

អតីត​ប្រធាន​គណបក្ស​ប្រឆាំង ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ បើ​ទោះ​ជា​ការ​វិល​ចូល​នេះ គណបក្ស​ប្រឆាំង​ត្រូវ​គេ​រំលាយ ឬ​មិន​រំលាយ​ក៏​ដោយ។ ច្បាប់​ស្ដីពី​វិសោធនកម្ម​គណបក្ស​នយោបាយ ដែល​រង​ការ​រិះគន់​ថា ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​មេ​បក្ស​ដែល​មាន​ទោស​ធ្វើ​នយោបាយ ហើយ​បើ​ធ្ងន់ធ្ងរ​ត្រូវ​រំលាយ​បក្ស​ចោល។

ការ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ស្រប​ពេល​តុលាការ​កំពូល​នឹង​លើក​យក​សំណុំរឿងស្នើ​សុំ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ​នេះ ទៅ​ជំនុំជម្រះ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹងរបស់​មេធាវី​តំណាង​ដោយ​អាណត្តិរបស់​ក្រសួង​មហាផ្ទៃ។

លោក សម រង្ស៊ី បាន​ប្រកាស​ដាច់​ណាត់​ថា ចាប់​ពី​ពេល​នេះ​តទៅ លោក​នឹង​វិល​ចូល​នយោបាយ​ឡើង​វិញ ហើយ​ក៏​លែង​ខ្វល់​ពី​ការ​រំលាយ ឬ​មិន​រំលាយ​បក្ស​ប្រឆាំង​នេះ​តទៅ​ទៀត​ហើយ។ អតីត​មេ​បក្ស​ប្រឆាំង ដែល​ធ្លាប់​បោះបង់​តួនាទី​ជា​ប្រធាន​បក្ស ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​នយោបាយ​បក្ស​នេះ កាល​ពី​ខែ កុម្ភៈ ដើម្បី​បញ្ចៀស​ពី​គ្រោះ​អាក្រក់​កើត​ឡើង អះអាង​ថា ពី​ពេល​នេះ​ទៅ​លោក​លែង​ខ្វល់​នឹង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ។

លោក សម រង្ស៊ី ដែល​បាន​សរសេរ​យ៉ាង​ពិស្ដារ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ដែល​មុន​មួយ​ថ្ងៃ​នៃ​រឿង​ក្ដី របស់​បក្ស​ប្រឆាំង ត្រូវ​ឡើង​តុលាការ​នោះ បញ្ជាក់​ថា ការ​ដែល​រូប​លោក ដើរ​ចេញ​ពី​ឆាក​នយោបាយ​ទាំង​បង្ខំ​នោះ ព្រោះ​តែ​ចង់​រក្សា​អាយុជីវិត បក្ស​ប្រឆាំង​ដើរ​ឲ្យ​ដល់​គោលដៅ។ ប៉ុន្តែ អតីត​មេ​បក្ស​ប្រឆាំង ដែល​មាន​ពិសោធន៍​លើសលប់ ក្នុង​ចលនា​បាតុកម្ម ដោយ​សន្តិវិធី​ជា​ច្រើន​អាណត្តិ​ណាស់​មក​ហើយ បាន​ហៅ​ច្បាប់​ដែល​អនុម័ត​ដោយ បក្ស​កាន់​អំណាច​នេះ​ថា ជា​ច្បាប់​តិរច្ឆាន។

បើ​ទោះ​ជា​បែប​ណា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​អនុម័ត​ចំនួន ៣ដង​រួច​មក​ហើយ ក្នុង​រយៈពេល​ដ៏​តក់ក្រហល់​នេះ ត្រូវ​រង​ការ​រិះគន់​ថា ជា​ការ​តាក់តែង​ឡើង ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​ដែល​រក​ជឿ​ទុក​ចិត្ត​មិន​បាន ព្រោះ​ជា​អ្នក​នយោបាយ​ដែល​ក្រឡេចក្រឡុច។ លោក​បន្ត​ថា រឿង​អតីត​មេ​បក្ស​នេះ ប្រកាស​ចូល​បក្ស​នយោបាយ​ឡើង​វិញ វា​រឹត​តែ​ស្មុគស្មាញ​ថែម​ទៀត ដោយ​សារ​អ្នក​នាំ​ពាក្យ​រូប​នេះ​ជឿ​ថា ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រលាយ​ហើយ​នោះ មិន​ដឹង​អ្នក​ណា​ទទួល​ស្គាល់​លោក សម រង្ស៊ី ឲ្យ​ចូល​បក្ស​ទៀត។ «»

កាល​ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​លា​ឈប់​ពី​ប្រធាន​គណបក្ស។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា មូលហេតុ​នៃ​ការ​បោះបង់​តួនាទី​ជា​ប្រធាន​គណបក្ស ដោយ​បង្ខំ​នេះ ព្រោះ​តែ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មាន​ចេតនា​តាក់តែង​ឡើង ចង់​កម្ចាត់​រូប​លោក​ចេញ​ពី​ឆាក​នយោបាយ ទៅ​តាម​បំណង​របស់​លោក ហ៊ុន សែន។

លោក​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ យល់​ឃើញ​ថា ការ​ហក់​ចូល​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ពិត​ជា ចំ​កាលៈទេសៈ​ដែល​ចាំបាច់​បំផុត ក្នុង​ការ​រុញ​ចលនា​បក្ស​ឲ្យ​ដើរ​ទៅ​មុខ។ លោក​បន្ត​ថា វត្តមាន​លោក សម រង្ស៊ី ក្នុង​គ្រោះ​អាសន្ន​នេះ ថ្វី​បើ​មិន​អាច​ទប់​នឹង​ការ​រំលាយ​បាន​មែន ក៏​ឥទ្ធិពល​របស់​លោក សម រង្ស៊ី រឹត​តែ​ធ្វើ​ឲ្យ​ចលនា​គាំទ្រ​ខ្លាំង​ជាង​មុន នៅ​ថ្នាក់​ក្រោម​ជាតិ។ «»

ការ​វិល​ចូល​ទ្រនំ​នយោបាយ​ជា​ថ្មី​ឡើង​វិញ របស់​លោក សម រង្ស៊ី និង​ជា​គូ​ប្រឆាំង​ដ៏​ស្វិតស្វាញ​ជា​មួយ​លោក ហ៊ុន សែន អស់​ពេល​ជា​ច្រើន​អាណត្តិ​មក​ហើយ​នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​ពេល​ព្រឹក លើ​បណ្ដឹង​សុំ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួង​មហាផ្ទៃ ដែល​មាន​លោក គី តិច ជា​ប្រធាន​ក្រុម​ដឹកនាំ បាន​យក​ភស្តុតាង​ជា​ច្រើន​ករណី ផ្ដល់​ជូន​ទៅ​តុលាការ មុន​ថ្ងៃ​សវនាការ​ចាប់ផ្ដើម នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា។ ហើយ​ភស្តុតាង​ចុងក្រោយ គឺ​ស្នើ​ឲ្យ​តុលាការ​បិទ​សិទ្ធិ​នយោបាយ​រយៈពេល ៥ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្នាក់​គណៈកម្មការ​នាយក រហូត​ដល់​ប្រធាន​គណបក្ស​ប្រមាណ​ជា​ជាង ១០០នាក់។

យ៉ាង​នេះ​ក្ដី​អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ រួម​ទាំង​បង្កើត​សេណារីយោ បដិវត្ត​ពណ៌ ការ​សម្លុត​គំរាមកំហែង ទៅ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ប្រឆាំង និង​ការ​ទិញ​ទឹកចិត្ត​ជាដើម របស់​លោក ហ៊ុន សែន ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង​នេះ គឺ​ពុំ​មាន​ហេតុផល​អ្វី​ផ្សេង ក្រៅ​ពី​ដើម្បី​​រក្សា​អំណាច​របស់​បន្ត​ទៀត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។