ទន្ទឹមនឹងប្រទេសចិនកុម្មុយនិស្តប្រកាសគាំទ្រការចាប់លោក កឹម សុខា នៅពេលនេះអ្នកនយោបាយខ្មែរចាស់វស្សាមួយអង្គក៏ប្រកាសគាំទ្រការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែរ។អ្នកវិភាគនយោបាយយល់ថាការប្រកាសបែបនេះរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមិនចំណេញអ្វីដល់គណបក្សនោះទេហើយនេះគ្រាន់តែជាការបង្ហាញជំហររបស់គណបក្សនេះថាជាគណបក្សដែលគាំទ្រគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
ខណៈសំណុំរឿងនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពកំពុងស្ថិតក្នុងដៃតុលាការសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចបានប្រកាសជំហររបស់ខ្លួនគាំទ្រទៅនឹងចំណាត់របស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលចាប់ខ្លួនលោក កឹម សុខា នៅកណ្ដាលយប់ទាំងមានអភ័យឯកសិទ្ធិនិងគ្មានដីកាពីតុលាការទៀតផង។
ពីសត្រូវនឹងលោក ហ៊ុន សែន ប្រែក្លាយជាសម្ព័ន្ធមិត្ត សម្ដេចក្រុមព្រះយកវេទិកានៃសមាជរបស់ខ្លួន នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញាវាយប្រហារលោក កឹម សុខា ថា បើលោក កឹម សុខា ជាអ្នកស្នេហាជាតិពិតប្រាកដមិនត្រូវពឹងបរទេសឲ្យជួយនោះទេ។ព្រះអង្គថែមទាំងមានបន្ទូល ថា ព្រះអង្គបានសរសេរសំបុត្រទៅលោក ហ៊ុន សែន គាំទ្រចំពោះនៅមានការចាប់លោក កឹម សុខា កាលពីថ្ងៃទី៣ កញ្ញា កន្លងមក៖ «យើងជាអ្នកស្នេហាជាតិពិតប្រាកដមិនត្រូវទៅពឹងបរទេសឲ្យមកជួយទេ គាត់និយាយគេចាប់ យី !! កឹម សុខា គាត់ហ៊ាននិយាយថា គាត់ពឹងបរទេសឲ្យមកជួយគាត់»។
ជាប្រធានគណបក្សធ្លាប់ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ រហូតគ្មានកៅអីនៅក្នុងរដ្ឋសភា ក្នុងពេលនេះ សម្ដេចក្រុមព្រះប្រកាសទៀតថាកុំថាឡើយរឿងចាប់ខ្លួនលោក កឹម សុខា បើលោក ហ៊ុន សែន ចង់ធ្វើអីព្រះអង្គគាំទ្រទាំងអស់។ឆ្លើយតបទៅនឹងការរិះគន់របស់អាមេរិកមកលើរដ្ឋាភិបាល លោក ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា សម្តេចក្រុមព្រះមានបន្ទូលទាមទារឲ្យសហរដ្ឋអាមេរិកគោរពសន្តិភាពសិទ្ធិសេរីរបស់កម្ពុជាផង៖ «ខ្ញុំព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ធ្វើអីខ្ញុំគាំទ្រលោកទាំងអស់ សុំឲ្យសម្ដេចប្អូនជឿចុះ»។
យ៉ាងណាក៏ដោយចុះខុសពីគ្នាពីសម្ដេចក្រុមព្រះនិងប្រទេសចិនកុម្មុយនិស្ត សហគមន៍អន្តរជាតិពីប្រទេសលោកសេរី និងជាប្រទេសទីផ្សារធំៗ ក្នុងការទទួលទិញសំលៀកបំពាក់និងផលិតផលផ្សេងទៀតរបស់កម្ពុជានោះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជុំវិញការចាប់ខ្លួនលោក កឹម សុខា ការធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ។
ប៉ុន្តែ លោក ហ៊ុន សែន ហាក់ធ្វើមិនខ្វល់ខ្វាយនឹងក្រុមប្រទេសទាំងនោះខណៈប្រទេសចិនប្រកាសថាខ្លួននៅពីក្រោយរដ្ឋាភិបាលជានិច្ចនោះ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាស វិញថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជាគ្រប់កាលៈទេសៈ។
ទាក់ទងការប្រកាសជំហររបស់សម្ដេចក្រុមព្រះករណីចាប់ខ្លួនលោក កឹម សុខា នេះដែរ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបណ្ឌិត មាស នី យល់ថាបន្ទូលរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បែបនេះជាការបង្ហាញឃើញថាគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គមានទំនោរទៅគណបក្សកាន់អំណាច។លោកបន្តថាការបង្ហាញជំហររបស់សម្ដេចក្រុមព្រះនៅពេលនេះមិនបានចេញ ឬទទួលបានប្រជាប្រិយភាពពីម្ចាស់ឆ្នោតនោះទេ៖ «សម្ដេចក្រុមព្រះ និងគណបក្សរបស់សម្ដេចក្រុមព្រះគ្មានទទួលបានប្រជាប្រិយភាពពីរឿងអីដែលកើតឡើងក្នុងករណីលោក កឹម សុខា ទេ គឺគ្រាន់តែជះឥទ្ធិពលមិនល្អដល់ថ្នាក់ជាតិ និងអន្តរជាតិ » ។
ក្រោយពីមានភាពល្អក់កកររវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៥កន្លងទៅចាប់ពីសកម្មជនរហូតដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងត្រូវរដ្ឋាភិបាលចាប់ខ្លួនជាបន្តបន្ទាប់។នៅចុងក្រោយនេះប្រធានគណបក្សនេះ លោក កឹម សុខា ត្រូវក្រុមសមត្ថកិច្ចចូលចាប់ខ្លួនដល់ក្នុងផ្ទះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិដែលសហគមន៍ជាតិនិងអន្តរជាតិថ្កោលទោសថា ជាអំពើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។