អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឲ្យកងអង្គរក្សការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ ហើយការពារកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងពិធីប្រារព្ធខួបលើកទី៨ នៃការបង្កើតទីបញ្ជាការកងអង្គរក្សរបស់ខ្លួន នៅព្រឹកថ្ងៃទី៤ កញ្ញា។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានចេញបទបញ្ជាផ្ទាល់មាត់ឲ្យកងអង្គរក្សរក្សាការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារឲ្យបានដាច់ខាត ហើយការពារកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា៖ « ទីមួយ ដាច់ខាតស្មោះត្រង់ការពារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបាន ១០០ % ។ ទីពីរ ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា ឡើយ » ។
បទបញ្ជាទាំងពីររបស់លោក ប៉ុល សារឿន គឺធ្វើឡើងនៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតកងវរសេនាតូចលេខ២៤៦ និងការបង្កើតបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៤ កញ្ញា។
ថ្លែងក្នុងពិធីនេះដែរ អគ្គបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបនឹងចម្ងល់អំពីតួនាទីរបស់កងអង្គរក្សថា កងអង្គរក្សមិនមែនតែការពារលោកនាយករដ្ឋមន្ត្រីទេ គឺការពាររដ្ឋធម្មនុញ្ញ ការពារឥស្សរជនកំពូលរបស់ជាតិ និងភ្ញៀវអន្តរជាតិ ដែលមកបំពេញបេសកកម្មនៅកម្ពុជា៖ « ភារកិច្ចឲ្យតែថ្នាក់ដឹកនាំអគ្គបញ្ជាការក្រសួងការពារជាតិ ប្រគល់ អនុវត្តតាមបទបញ្ជា ធ្វើទាំងអស់ មិនថាជួយសង្គ្រោះ ឬយប់ថ្ងៃថ្មើរណាក៏ដោយចុះ គឺត្រៀមជាស្រេច និងគ្រប់មធ្យោបាយ ដើម្បីជួយការពារជីវិត សន្តិសុខប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែក្រុងភ្នំពេញប៉ុណ្ណោះទេ » ។
លោក ហ៊ីង ប៊ុនហៀង ថ្លែងថា ការបង្ហាញរថក្រោះនៅក្នុងពិធីខួបបង្កើតកងអង្គរក្ស គឺជាការបង្ហាញពីការថែទាំបច្ចេកទេសគ្រឿងសព្វាវុធ ដែលក្រសួងការពារជាតិ ប្រគល់ឲ្យ៖ «ជាការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនទេអាហ្នឹង គ្រាន់តែថាដូចខ្ញុំបញ្ជាក់អ៊ីចឹងថា អ្វីដែលយើងមានភារកិច្ចជាស្នូល គឺយើងការពាររាជរដ្ឋាភិបាលស្របច្បាប់ យើងការពារសម្ដេចអគ្គមហាសេនាបតីតេជោ ការពាររដ្ឋធម្មនុញ្ញរបស់យើង ជាពិសេស គឺយើងការពារសន្តិភាព ដែលយើងមានសព្វថ្ងៃ ហើយពិសេសនោះ គឺបញ្ហាបដិវត្តន៍ពណ៌ យើងប្រឆាំងដាច់ខាត » ។
កងអង្គរក្ស នៅព្រឹកថ្ងៃទី៤ កញ្ញា ប្រារព្ធខួបគម្រប់ ២៦ឆ្នាំនៃការបង្កើតកងវរសេនាតូចលេខ២៤៦ ហើយក៏ជាពិធីរំឭកខួបលើកទី៨ នៃបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ពិធីរំឭកខួបនេះ មានព្យុហយាត្រាដែលបង្ហាញទាំងឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធធុនធ្ងន់ដទៃទៀត។
លោក អ៊ិត ឋានរ័ត្ន មន្ត្រីនាំពាក្យទីបញ្ជាការកងអង្គរក្ស ថ្លែងបញ្ជាក់ថា ការធ្វើព្យុហយាត្រាកងអង្គរក្ស និងអាវុធយុទ្ធភណ្ឌទាំងនេះ មិនមែនជាការបង្ហាញសាច់ដុំកំញើញនរណាទេ ប៉ុន្តែជាការបង្ហាញសមត្ថភាពរបស់កងអង្គរក្ស និងកងយោធពលខេមរភូមិន្ទ។ លោកបដិសេធចំពោះការចោទប្រកាន់ដែលថា កងទ័ពមិនមានអព្យាក្រឹតភាព គឺកាន់ជើង ឬលម្អៀងតែខាងរដ្ឋាភិបាល៖ « យើងតែងតែទទួលរងនូវការលាបពណ៌ពីសំណាក់មជ្ឈដ្ឋានបុគ្គលអគតិមួយចំនួនទាំងបំពាន ទាំងពុំមានអ្វីដែលជាការអះអាងច្បាស់លាស់។ នៅក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការទៅបុគ្គលដែលបានប្រព្រឹត្តខុស គឺយើងឃើញជាក់ស្ដែងហើយ ការអនុវត្តគឺកំពុងដំណើរការ ហើយមិនការពាក់ព័ន្ធទាល់តែសោះជាមួយនឹងបញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាកងយោធពលខេមរភូមិន្ទរបស់យើង » ។
លោកក៏បដិសេធចំពោះការចោទប្រកាន់ដែលថា កងអង្គរក្សពាក់ព័ន្ធនឹងការវាយដំសមាជិកសភាបក្សប្រឆាំងកាលពីខែតុលា ឆ្នាំ២០១៥។
កងអង្គរក្សដែលផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដឹកនាំឧត្ដមសេនីយ៍ គៀង សាវុធ។ កងវរសេនាតូចលេខ២៤៦ ត្រូវបានប្រកាសបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសម័យរដ្ឋកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០។ កងនេះ ក្រោយមកត្រូវបានបញ្ចូលទៅក្នុងកងឯកភាពយោធភូមិភាគពិសេស គ្រប់គ្រងដោយឧត្ដមសេនីយ៍ ព្រំ ឌិន។ ទាហានក្នុងកងវរសេនាតូចលេខ២៤៦ ត្រូវបានប្រមុខកងទ័ពចាត់ទុកថា ជាកងទ័ពចល័តប្រយុទ្ធពិសេស។
បញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្កើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ត្រូវបានបែងចែកកងឯកភាពផ្សេងៗគ្នាជាច្រើនផ្នែក ចាប់តាំងពីផ្នែកសិល្បៈ អន្តរាគមន៍ សង្គ្រោះ កសិកម្ម ពេទ្យ រហូតកងឯកភាពប្រយុទ្ធ។ កងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីមានរថយន្តតូចៗសម្រាប់អមការពារគណៈប្រតិភូ ថ្នាក់ដឹកនាំ កងនេះក៏មានបំពាក់ដោយអាវុធធុនធ្ងន់ស្មើនឹងកងខេមរភូមិន្ទថ្នាក់ជាតិដែរ គឺមានយន្តហោះ រថក្រោះ រថពាសដែក និងកាំជ្រួចហ្វូង បេ.អឹម២១ ជាអាវុធប្រតិកម្មរហ័សជាច្រើនគ្រឿងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។