ភ្លាមៗក្រោយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនក្រោមបទចោទអំពើក្បត់ជាតិ រដ្ឋាភិបាលក្រុងភ្នំពេញ កំពុងទទួលរងនូវប្រតិកម្ម រិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានគ្រប់ទិសទីនៅជុំវិញពិភពលោក។ សហគមន៍អន្តរជាតិ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយបរទេស ក៏បានចុះផ្សាយព្រោងព្រាតអំពីស្ថានភាពនយោបាយធ្លាក់ចុះដុនដាបនៅកម្ពុជា នេះដែរ។
ប្រតិកម្មថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញ ពីសំណាក់សហគមន៍អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយបរទេស បានបន្តធ្លាក់មកជាហូរហែឥតឈប់មួយរយៈពេលចុងក្រោយនេះ ខណៈដែលកម្ដៅនយោបាយនៅកម្ពុជា កំពុងតែមានសភាពតានតឹងនៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨។
ក្រៅពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដុំអង្គការអន្តរជាតិកំពូលៗនានានៅលើពិភពលោក ចុងក្រោយនេះដល់វេនរដ្ឋាភិបាលកាណាដា វិញម្ដង ដែលបានចេញមុខសម្ដែងក្ដីព្រួយបារម្ភរបស់ខ្លួនជាខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកាណាដា ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា បញ្ជាក់ថា រដ្ឋាភិបាលកាណាដា ចាត់ទុកករណីថ្មីៗចុងក្រោយនេះ រួមមានការចាប់ខ្លួនលោក កឹម សុខា និងការរឹតបន្តឹងលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ នាំឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលកាណាដា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិរបស់លោក កឹម សុខា ដើម្បីធានាថា ករណីនេះ ត្រូវបានដោះស្រាយតាមនីតិវិធីត្រឹមត្រូវ ដោយបើកចំហ និងមានតម្លាភាព។
រដ្ឋាភិបាលកាណាដា សង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងរឹងមាំ គឺជាខ្នាតសម្រាប់វាស់ស្ទង់ចម្បងមួយនៃភាពរីកចម្រើនរបស់ប្រទេសដែលអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាលកាណាដា ក៏មិនភ្លេចអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពឲ្យបានពេញលេញនូវសិទ្ធិសេរីភាពទាំងនេះ។ ប្រទេសកាណាដា ជឿជាក់លើការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ និងសេរី ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាឲ្យបាននូវការគោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ដូចគ្នានេះដែរ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់របស់លោកស្រីអធិការបតី អង់ហ្គូឡា ម៊ែរហ្គែល (Angela Merkel) ដែលជាស្ត្រីដ៏មានអំណាច និងឥទ្ធិពលកំពូលម្នាក់នៅលើសកលលោក ក៏បានសម្ដែងក្តីព្រួយបារម្ភរបស់ខ្លួនជាខ្លាំងដោយសង្កត់ធ្ងន់ថា ដំណើរវិវត្តន៍នៃព្រឹត្តិការណ៍នយោបាយថ្មីៗចុងក្រោយក្នុងប្រទេសកម្ពុជានេះ រួមមានដូចជាការរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល ការចាត់វិធានការបិទប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ព្រមទាំងការចាប់ខ្លួនប្រធានបក្សប្រឆាំងស្ដែងឲ្យឃើញពីការរឹតត្បិតដ៏សម្បើមបំផុតទៅលើសេរីភាពនៃការបញ្ចេញមតិ ជាពិសេសដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលអាល្លឺម៉ង់ គូសបញ្ជាក់ថា ទំនុកចិត្ត ឬការទទួលស្គាល់លើការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ នឹងត្រូវបាត់បង់ ប្រសិនបើពុំមានវត្តមានរបស់គណបក្សប្រឆាំង ដំណើរការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយសេរី និងសង្គមស៊ីវិលដែលសកម្ម។ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានអំពាវនាវឲ្យមានការដោះលែងមេបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់ដែរ។
ក្រៅពីនេះ បើគេក្រឡេកមើលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវិញម្ដង ប្រធានបទស្ដីពីកម្ពុជា ត្រូវបានគេយកទៅចុះផ្សាយ និងវិភាគយ៉ាងព្រោងព្រាតនៅលើព្រឹត្តិបត្ររបស់ខ្លួន។
កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) របស់អាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា បានចេញផ្សាយបទវិចារណកថា ក្រោមចំណងជើងថា "មេដឹកនាំព្រៃផ្សៃរបស់កម្ពុជា កំពុងបង្កើនល្បែងនយោបាយផ្ដាច់ការរបស់ខ្លួន"។ ក្នុងបទវិចារណកថាដែលឆ្លុះឲ្យឃើញពីគោលជំហររបស់ក្រុមប្រឹក្សានិពន្ធនាយករបស់សារព័ត៌មានអាមេរិក ដ៏ល្បីល្បាញមួយនេះ កាសែតសរសេរថា មេដឹកនាំដែលល្បីល្បាញខាងគាបសង្កត់របស់កម្ពុជា មួយរូបនេះ គឺលោក ហ៊ុន សែន កំពុងតែប្រព្រឹត្តិអំពើអបាយមុខនយោបាយទៅតាមចំណង់ស្តង់ដារដែលខ្លួនចង់បាន។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ លោក ហ៊ុន សែន បានយកឈ្នះទាំងកម្រោលដោយសម្រេចកម្ទេចចោលស្ថាប័នប្រជាធិបតេយ្យ ដែលនៅសេសសល់ចុងក្រោយ រួមមាន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងគណបក្សប្រឆាំង។ កាសែតបានសន្និដ្ឋានថា ហេតុផលជំរុញចិត្តឲ្យលោកសម្រេចធ្វើដូច្នេះ គឺប្រហែលជាគ្មានអ្វីក្រៅពីការបោសសម្អាតសំឡេងប្រឆាំងនានា ឲ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៨ ឈានចូលមកដល់ឡើយ តាមរយៈការបម្លែងលទ្ធិប្រជាធិបតេយ្យដែលកំពុងតែមិនដំណើរការស្រាប់ឲ្យក្លាយទៅជារដ្ឋមួយដែលដឹកនាំតាមបែបលទ្ធិផ្ដាច់ការទាំងស្រុងតែម្ដង។
កាសែតដដែលនេះសរសេរបន្តថា ចៅហ្វាយនាយកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺប្រទេសចិន កុម្មុយនិស្ត ដែលប្រទេសនេះបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានសរសើររបបលោក ហ៊ុន សែន នារយៈពេលចុងក្រោយនេះ ចំពោះអ្វីដែលលោក ហ៊ុន សែន អះអាងថា ធ្វើឡើងក្នុងគោលបំណងដើម្បី "លើកកម្ពស់សន្តិសុខ និងស្ថិរភាពជាតិ"។ បទវិចារណកថារបស់កាសែត Washington Post ពន្យល់ថា តាមការពិត ហេតុផលថាដើម្បី "លើកកម្ពស់សន្តិសុខ និងស្ថិរភាពជាតិ" នេះ គឺគ្រាន់តែជាលេសដូចដែលប្រទេសចិន ធ្លាប់ និងតែងតែប្រើប្រាស់ដើម្បីចាប់ចងក្រុមអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលដាក់ពន្ធនាគារតែប៉ុណ្ណោះ។
ដោយស្រង់ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក ដែលបានសម្ដែង"ក្ដីព្រួយបារម្ភជាខ្លាំង" ចំពោះការចាប់ខ្លួនលោក កឹម សុខា នេះ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កាសែតក៏សរសេរឌឺដងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសហើយថា សហរដ្ឋអាមេរិក នឹងមិនព្យាយាមកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដទៃនោះទេ។ លោក ដូណាល់ ត្រាំ ធ្លាប់មានប្រសាសន៍នៅពេលថ្មីៗកន្លងទៅថា "យើងនឹងមិនបង្គាប់ឲ្យអ្នកដទៃកែប្រែរបៀបរបបនៃការរស់នៅរបស់ពួកគេទេ"។ កាសែតបិទបញ្ចប់បទវិចារណកថារបស់ខ្លួនដោយសរសេរថា លោក ហ៊ុន សែន ប្រាកដជាបានគិតយ៉ាងច្បាស់ណាស់ថា ឥឡូវនេះ វាជាពេលវេលាសក្ដិសមបំផុតសម្រាប់លោកក្នុងការបំបិទចោលនូវអ្វីដែលនៅសេសសល់តិចតួចនៃសម្បកលទ្ធិប្រជាធិបតេយ្យក្នុងសង្គមកម្ពុជា។
ដោយឡែកទស្សនាវដ្ដីសេដ្ឋកិច្ចវិទូ ឌឹ អេខូណូមិស (The Economist) របស់ចក្រភពអង់គ្លេស បានចេញផ្សាយនូវអត្ថបទរបស់ខ្លួនដាក់ចំណងជើងថា "រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិ តាមរយៈការបង្ក្រាប"។ ទស្សនាវដ្ដីដែលមានទំនោរលើគោលការណ៍សេដ្ឋកិច្ចសេរីនិយមមួយនេះសរសេរថា ប្រជាធិបតេយ្យនៅកម្ពុជា បើទោះជាមិនទាន់ស្លាប់ ក៏កំពុងតែស្លាប់ជាបណ្ដើរៗហើយដែរ។ ព្រឹត្តិការណ៍ដែលកើតឡើងមួយរយៈចុងក្រោយនេះ ស្ដែងឲ្យឃើញថា គ្មានឡើយឱកាសដែលថា ការបោះឆ្នោតខែកក្កដា ខាងមុខនេះ នឹងធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។
បន្ថែមពីលើនេះ កាសែត ហ្វាយណិនស្យល ថែមស៍ (Financial Times) ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន សរសេរដោយដាក់ចំណងជើងអត្ថបទថា "កម្ពុជារបស់ ហ៊ុន សែន ធ្លាក់ចូលក្នុងរបបផ្ដាច់ការបែបឃោរឃៅនិយម"។ កាសែតសរសេរថា ជាច្រើនទសវត្សមកហើយ និន្នាការតាមបែបផ្ដាច់ការនិយមរបស់លោក ហ៊ុន សែន ត្រូវបានដាក់កំហិតតាមរយៈការពឹងផ្អែកទៅលើជំនួយរបស់ក្រុមបស្ចិមប្រទេស ដែលជាទូទៅផ្សារភ្ជាប់ទៅនឹងអភិបាលកិច្ចល្អ និងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយសារតែទឹកប្រាក់រាប់កោដិដុល្លារក្រោមរូបភាពនៃការវិនិយោគរបស់រដ្ឋពីសំណាក់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានជំរុញចិត្តឲ្យលោក ហ៊ុន សែន ផ្ដេកផ្ដួលទៅក្នុងទំនោរនយោបាយបែបប្រាកដនិយមរបស់លោក។
កាសែតសរសេរថា ការប្ដេជ្ញារបស់លោក ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹង "អាយ៉ងបរទេស" គឺជារឿងគួរឲ្យអស់សំណើច ដោយសារតែលោក ហ៊ុន សែន ខ្លួនឯងគឺជាអ្នកដែលតែងតែពឹងផ្អែកទៅលើក្រុងប៉េកាំង ហើយថា ជំហររបស់កម្ពុជា ដែលគេឯងដឹងឮគ្រប់ៗគ្នាគឺធ្វើជារដ្ឋរណបរបស់ប្រទេសចិន។ ស្របពេលដែលមានការថ្កោលទោសជាអន្តរជាតិ ក្រោយពីមានព្រឹត្តិការណ៍បង្ក្រាបក្នុងមួយរយៈចុងក្រោយនេះ ប្រទេសតែមួយគត់ដែលសម្ដែងការគាំទ្រដល់លោក ហ៊ុន សែន ជាសាធារណៈ នោះគឺគ្មានអ្វីក្រៅពីប្រទេសកុម្មុយនិស្តចិន នេះទេ។
កាសែតសរសេរបន្តថា ក្រុមបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក ក៏ត្រូវចូលរួមចំណែកទទួលខុសត្រូវ ចំពោះដំណើរធាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលកាសែតថា ស្ដែងឲ្យឃើញពីឧទាហរណ៍នៃការបរាជ័យនៃដំណើរការកសាងរដ្ឋប្រជាធិបតេយ្យតាមបែបបស្ចិមលោក។ កាសែតបានសរសេរសន្និដ្ឋានថា ការប៉ុនប៉ងរបស់ប្រទេសចិន ក្នុងការគាំទ្ររបបដែលពុករលួយ និងគួរឲ្យខ្ពើមរអើម ដូចជារបបលោក ហ៊ុន សែន នេះ អាចធ្វើទៅបានសម្រាប់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយថានៅទីបំផុតទៅ ការណ៍នេះទំនងជានឹងបង្កើតឲ្យមានឥទ្ធិពលអាក្រក់ជះត្រឡប់មកវិញតែប៉ុណ្ណោះ។ កាសែតបិទបញ្ចប់អត្ថបទវិភាគរបស់ខ្លួនដោយពន្យល់ថា មេដឹកនាំយូរអង្វែងជាងគេបំផុតនៅអាស៊ី នឹងមិនអាចដឹកនាំប្រទេសជារៀងរហូតបាននោះទេ ព្រោះថា ការដឹកនាំប្រទេសកាន់តែយូររបស់មេដឹកនាំទាំងនេះ នឹងរឹតតែបណ្ដាលឲ្យមានការក្ដៅក្រហាយកាន់តែខ្លាំងឡើងៗ ចំពោះការគ្រប់គ្រង និងចៅហ្វាយនាយចិន របស់ខ្លួនទៅវិញទេ។
យ៉ាងណាក៏ដោយ ដោយមិនខ្វល់ពីការរិះគន់ និងថ្កោលទោសធ្ងន់ៗទាំងនេះពីសំណាក់ក្រុមបស្ចិមប្រទេស និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក សុខ ឥសាន មន្ត្រីនាំពាក្យ និងជាតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច បានសរសេរក្នុងតេឡេក្រាម (Telegram) ថ្មីៗនេះថា ការគាំទ្ររបស់បរទេសមួយចំនួនចំពោះមេបក្សប្រឆាំង គ្រាន់តែជំរុញឲ្យមេបក្សនេះកាន់តែព្រហើន។ លោក សុខ ឥសាន សរសេរបន្តថា "អាស្រ័យដោយនិន្នាការនយោបាយ និងមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់ មានបរទេសមួយចំនួនមិនញញើតតនឹងគាំទ្រមេបក្សប្រឆាំង ទាំងចាស់ ទាំងថ្មី ដែលជាអាយ៉ងខ្លួន ឲ្យកាន់តែព្រហើនក្នុងការប្រព្រឹត្តរំលោភច្បាប់ បំពានច្បាប់ ជាពិសេសឃុបឃិតជាមួយបរទេស ដើរតាមការចង្អុលទិសពីបរទេសឲ្យធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា"។
ប្រទេសកម្ពុជា បានកសាងប្រជាធិបតេយ្យអស់រយៈពេលជាច្រើនទសវត្ស ពោលគឺនៅក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរៀបចំឲ្យមានការបោះឆ្នោតដោយសេរីពហុបក្សជាលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ បានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៀតរហូតដល់បច្ចុប្បន្ន ដែលចែងពីកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ ក៏ប៉ុន្តែដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា នៅពេលនេះ ត្រូវបានសហគមន៍អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ព្រមទាំងអ្នកវិភាគផង លើកឡើងថា ដំណើរប្រជាធិបតេយ្យនេះត្រូវបានលោក ហ៊ុន សែន បំផ្លាញទៅវិញ ដើម្បីបន្តក្រាញអំណាចរបស់ខ្លួនបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។