លោក ហ៊ុន សែន រង​ការ​រិះគន់​រឿង​លោក​ថា​សោកស្ដាយ​មិន​បាន​កម្ទេច​ក្រុម​ដែល​ប្រឆាំង​លោក

ដោយ តាំង សារ៉ាដា
2017.11.20
ឡៅ ម៉ុងហៃ ហ៊ុន សែន ៦២២ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ)។
RFA

អ្នក​នយោបាយ និង​អ្នក​វិភាគ​សង្គម បាន​រិះគន់​សារ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​លោក​អះអាង​ពី​ការ​សោកស្ដាយ​មិន​បាន​កម្ចាត់​ក្រុម​ប្រឆាំង​ក្នុង​ពេល​ធ្វើ​បាតុកម្ម​កាល​ពី​ឆ្នាំ២០១៣ អោយ​អស់ ហើយ​បែរ​ជា​បន្ត​ទុក​អោយ​មក​ដល់​ពេល​នេះ។

ប្រតិកម្ម​នេះ ក្រោយ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​ពី​វិប្បដិសារី​របស់​លោក​ដែល​បន្ត​ទុក​ឲ្យ​ក្រុម​ប្រឆាំង​អាច​មាន​ឱកាស​រស់​រាន​មាន​ជីវិត​មក​ដល់​ពេល​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជា​មួយ​កម្មករ​រោងចក្រ​កាត់ដេរ ប្រមាណ ៥​ពាន់​នាក់​នៅ​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​បង្ហាញ​អារម្មណ៍​ហាក់​តក់ស្លុត ដោយ​ចោទ​ថា ក្រោយ​លោក​ដឹង​ថា ក្រុម​គណបក្ស​ប្រឆាំង​រៀបចំ​ផែនការ​ក្រោម​ការ​ចាត់តាំង​ដ៏​ត្រឹមត្រូវ ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ផង​នោះ លោក ហ៊ុន សែន អះអាង​ថា ប្រសិន​បើ​លោក​ដឹង​ផែនការ​ទាន់​តាំង​ពី​ពេល​នោះ ម្ល៉េះ​នៅ​ថ្ងៃ​នេះ​គឺ​ជា​ខួប​​បុណ្យ​សព​​របស់​ក្រុម​អ្នក​ប្រឆាំង​បាត់​ទៅ​ហើយ៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ទើប​តែ​នឹង​មើល​ឃើញ។ បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំង​ពី​ហ្នឹង ប្រហែល​ជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ពួក​នេះ​ងាប់​អស់​ហើយ។ ល្ងាច​ថ្ងៃ​ទី​១៥ ទើប​ខ្ញុំ​បាន​មើល​ឃើញ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ផ្ដួល​រំលំ​យើង។ បើ​ខ្ញុំ​ដឹង​ពី​ពេល​ហ្នឹង អ្នក​ទាំង​នេះ ងាប់​តាំង​ពី​ពេល​នោះ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ខ្មោច​ទាំង​អ្នក​នេះ​ទៀត»

ការ​លើក​ឡើង​បែប​នេះ​របស់​លោក ហ៊ុន សែន គឺ​លោក​សំដៅ​ដល់​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

ប្រតិកម្ម​នឹង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ ទាំង​អ្នក​នយោបាយ និង​អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រមាថ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​ជា​រឿង​ដែល​ធ្ងន់ធ្ងរ​បំផុត​ថែម​ទៀត។ ម្យ៉ាង​លោក ហ៊ុន សែន ក្នុង​តួនាទី​ជា​មេដឹកនាំ​ផង ការ​ប្រើ​ភាសា​មិន​គប្បី​បែប​នេះ គឺ​បាន​រួម​ចំណែក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ ហៅ​​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ថា​ជា​បទល្មើស​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ។ លោក​បន្ត​ថា សម្ដី​របស់​មេដឹកនាំ​មួយ វា​គួរ​តែ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។

អ្នក​វិភាគ​នយោបាយ​ជើង​ចាស​រូប​នេះ ចាត់​ទុក​ថា ទង្វើ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ គឺ​បាន​ទុក​ច្បាប់​ដែល​ធានា​ពី​សិទ្ធិ និង​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​ទៅ​ជា​រឿង​ឥត​ប្រយោជន៍​ទៅ​វិញ។ មិន​តែ​ប៉ុណ្ណោះ ទាំង​ច្បាប់ និង​បទដ្ឋាន​នានា ដែល​បាន​បញ្ញត្តិ​រួច​ហើយ វា​ទៅ​ជា​រឿង​ដែល​បម្រើ​ឲ្យ​ក្រុម​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ម្យ៉ាង​នេះ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​បំផុត៖ «ប្រសាសន៍​នេះ​ដូច​ជា​ឃោរឃៅ​បន្តិច ក្នុង​នាម​ជា​មេដឹកនាំ វា​ដូច​ជា​មិន​ត្រឹមត្រូវ​ទេ ហើយ​មួយ​ទៀត វា​មិន​ត្រូវ​នឹង​វិន័យ​របស់​កងទ័ព​ទៅ​ទៀត។ ខុស​នឹង​រដ្ឋធម្មនុញ្ញ​យើង​ដែល​ថា ប្រជាពលរដ្ឋ​ពុំ​មាន​ទោស​ប្រហារ​ជីវិត​ទេ»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​បណ្ឌិត សាម អ៊ីន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​បណ្ឌិត សាម អ៊ីន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។

បើ​ទោះ​ជា​បែប​ណា លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ឌឺដង​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ដែរ។លោក ហ៊ុន សែន ដែល​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​បាន​បបួល​ឲ្យ​លោក សម រង្ស៊ី ដែល​បាន​តែ​អួត​ថា មិន​ចាំបាច់​រង់ចាំ​ដល់​ឆ្នាំ​២០១៨ ចាំ​វិល​ចូល​ស្រុក​ទេ គឺ​មក​ពេល​នេះ​តែម្ដង វា​ឆាប់​បាន​ដឹង​ស​ខ្មៅ។ម្យ៉ាង​វិញ​ទៀត ការ​ប្រកាស​រក្សា​រចនាសម្ព័ន្ធ​បក្ស​ក្រោយ​រំលាយ​នេះ លោក ហ៊ុន សែន ចំអក​ឲ្យ​ថា នេះ​ហើយ​ជា​ឥទ្ធិពល​នៃ​សាលដីកា​របស់​តុលាការ ត្រូវ​ចាំ​ផង។

យ៉ាង​នេះ​ក្ដី អ្នក​នយោបាយ​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ឃើញ​ថា ចាប់​ពី​ពេល​នេះ​ទៅ អ្នក​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស​ទាំង​លោក ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង គួរ​មាន​ភាព​ចាស់​ទៅ​ជាង​មុន។

លោក សាម អ៊ីន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បដិសេធ​ថា លោក​ពុំ​បាន​ដឹង​ពី​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ​ទេ។ ប៉ុន្តែ​អ្នក​នយោបាយ​រូប​នេះ យល់​ឃើញ​ថា ពលរដ្ឋ​កម្ពុជា អភ័ព្វ​ណាស់​ដែល​កើត​មក​សម្បូរ​តែ​អ្នក​នយោបាយ​លាប​ពណ៌​ឲ្យ​គ្នា​ដើម្បី​ចង់​ឈ្នះ​ចាញ់។

លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ប្រកាន់​ខ្លួន ចាញ់​ហើយ​មិន​ព្រម​ទទួល​ស្គាល់​ថា​ចាញ់ នេះ​ជា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ជាតិ៖ «ការ​ប្រើ​ភាសា​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អ្នក​នេះ​ក្បត់​ជាតិ អ្នក​នោះ​ក្បត់​ជាតិ ជា​ភាសា​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ​យើង​ត្រូវ​អាប់ឱន ហើយ​និង​បន្ត​ឈ្លោះ​ប្រកែក​គ្នា។ ការ​ចង់​ចាញ់​ឈ្នះ ស៊ី​សាច់​ហុត​ឈាម និង​ជេរ​ប្រមាថ​គ្នា យើង​គិត​ថា ជា​គំរូ​មិន​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ»

មក​ដល់​ពេល​នេះ លោក ហ៊ុន សែន នៅ​តែ​ទម្លាក់​កា​ទទួល​ខុសត្រូវ ប្រឆាំង​នឹង​អំពើ​បាញ់​ប្រហារ​ប្រឆាំង​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង នោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្នក​អុជអាល និង​នាំ​ភ្លើង។

រំលឹក​ពី​មេដឹកនាំ​យោធា​ផ្ដាច់​ការ និង​កាន់​អំណាច​ជិត ៤០​ឆ្នាំ មូហ្គាបេ នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ ដូច​រូប​លោក​ដែរ​នោះ លោក ហ៊ុន សែន ប្រៀបធៀប​ថា កម្ពុជា​គឺ​ខុស​ពី​ប្រទេស​អាហ្វ្រិក​មួយ​នេះនៅ​ត្រង់​ថា កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​ជួប​វិបត្តិ។ ជាង​នេះ​ទៀត ការ​គ្រប់គ្រង​របស់​លោក​គឺ​អនុវត្ត​ច្បាប់ និង​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ​ទៀត​ផង ស្រប​ពេល​សហគមន៍​ជាតិ និង​អន្តរជាតិ កំពុង​ថ្កោល​ទោស​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​នាំ​កម្ពុជា ទៅ​របប​ផ្ដាច់​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។