មូលហេតុ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​អារម្មណ៍​បណ្ដឹង​របស់​លោក ជុំ ម៉ី

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​មិន​អាច​មក​ចូលរួម​បោះឆ្នោត​បាន​ទេ ដោយសារ​តែ​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​រឿង​ព្រំដែន។ ដោយ​ឡែក​អនុប្រធាន​ស្ដីទី លោក កឹម សុខា ឥឡូវ​នេះ​ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែរ ពី​បទ​បរិហារកេរ្តិ៍ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​នេះ​ទៅ​វិញ។

តើ​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​របស់​លោក ជុំ ម៉ី?

មន្ត្រី​ជាន់​ខ្ពស់​បាន​លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គិតគូរ​អំពី​រឿង​ប្ដឹង​ផ្ដល់​អ្វី​ទាំងអស់ បញ្ហា​សំខាន់​នៅ​ត្រង់​ថា គណបក្ស​នេះ​ធ្វើ​យ៉ាង​ណា​គិត​ពី​បញ្ហា​ប្រទេស​ជាតិ​ជា​រឿង​សំខាន់។

ការ​ថ្លែង​ដូច្នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាច​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី២៧ មិថុនា ខាង​មុខ តាម​បណ្ដឹង​របស់​លោក ជុំ ម៉ី និង​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​បី​រូប​ផ្សេង​ទៀត ក្រោម​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៤ មិថុនា ថា លោក កឹម សុខា កំពុង​ជាប់​បេសកកម្ម​នៅ​ប្រទេស​អូស្ត្រាលី។ យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​បណ្ដឹង​នេះ​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​ប្ដឹង​ផ្ដល់​នេះ​គ្រាន់​ជា​រឿង​រំខាន​ផ្នែក​នយោបាយ​ទេ។ អ្វី​ដែល​សំខាន់​នោះ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​គិតគូរ​រឿង​ប្រទេស​ជាតិ​ជា​រឿង​សំខាន់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ចាន់ពិសិដ្ឋ ដែល​លោក​បាន​កោះ​ហៅ​សាកសួរ​ភាគី​ដើម​បណ្ដឹង​ទាំង​បួន​នាក់ នៅ​ថ្ងៃ​ទី២៤ មិថុនា នេះ មាន​ប្រសាសន៍​ថា លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​រឿង​បណ្ដឹង​នេះ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា លោក​អនុវត្ត​នីតិវិធី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា សំណុំ​រឿង​ប្ដឹង​ផ្ដល់​លោក កឹម សុខា នេះ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ពីព្រោះ​ថា​មាន​ហេតុផល​ជាច្រើន​ដែល​បញ្ជាក់​ថា ការ​ប្ដឹង​ប្រឆាំង​លោក កឹម សុខា របស់​លោក ជុំ ម៉ី គឺ​មាន​គណបក្ស​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង ទោះ​បី​ជា​លោក ជុំ ម៉ី ធ្លាប់​បាន​អះអាង​ថា មិន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ក្ដី ពីព្រោះ​ថា លោក ជុំ ម៉ី បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី៩ មិថុនា ថា​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ការ​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​បាតុកម្ម​នេះ។

នៅ​ក្នុង​បាតុកម្ម​នោះ លោក ជុំ ម៉ី បាន​ប្រកាស​ថា លោក​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា រហូត​ដល់​លោក កឹម សុខា ធ្វើ​ការ​សុំ​ទោស ដែល​ថា​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ។ តែ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា លោក ជុំ ម៉ី ក៏​ឈប់​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម។

ការ​បញ្ឈប់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នេះ មិន​មាន​ន័យ​ថា​លោក ជុំ ម៉ី ឈប់​ប្រើ​ឈុត​ឆាក​ដើម្បី​ប្រឆាំង​នឹង​លោក កឹម សុខា នោះ​ទេ។ លោក ជុំ ម៉ី បាន​ប្រើ​ស្នៀត​មួយ​ថ្មី​ទៀត គឺ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​វិញ​ម្ដង។ ប៉ុន្តែ​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​នេះ មិន​មែន​លោក ជុំ ម៉ី ប្ដឹង​ឲ្យ​លោក កឹម សុខា ធ្វើ​ការ​សុំ​ទោស​ដូច​កាល​ពី​មុន​នោះ​ទេ តែ​លោក ជុំ ម៉ី បែរ​ជា​ប្ដឹង​ទៅ​លើ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​ថា​កាត់​ត​នោះ​ទៅ​វិញ។

ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា នេះ ត្រូវ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​ពី​ខាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ថា​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ។

មេធាវី​ការពារ​ក្ដី​លោក ជុំ ម៉ី ឈ្មោះ គួយ ធុនណា មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក​ប្ដឹង​លោក កឹម សុខា នោះ មាន​គ្នា​បួន​នាក់។ ទី១ លោក ជុំ ម៉ី ទី២ នង ចាន់ថល់ ទី៣ នង ចិនថល់ និង​ទី៤ ជិន ម៉េត។ លោក​មេធាវី គួយ ធុនណា បញ្ជាក់​ថា កូន​ក្ដី​របស់​គាត់​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​សំដៅ​លើ​ខ្សែ​អាត់​សំឡេង​ដែល​លោក កឹម សុខា ថា​កាត់​ត​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ពន្យល់​ថា សំណុំ​រឿង​ប្ដឹង​ប្រឆាំង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ពី​បទ​បរិហារកេរ្តិ៍​នេះ​គ្មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ទេ ដោយ​ហេតុ​ថា លោក កឹម សុខា និយាយ​នោះ​មិន​បាន​ចោទ​ប្រកាន់​លោក ជុំ ម៉ី ទេ។ ម្យ៉ាង​វិញ​ទៀត លោក កឹម សុខា ក៏​មិន​បាន​និយាយ​បង្កាច់​ខូច​កេរ្តិ៍​លោក ជុំ ម៉ី អ្វី​ដែរ។

លើស​ពី​នេះ​ទៀត នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​សង្កត់​ធ្ងន់​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​នយោបាយ​សម្រាប់​ការ​បញ្ចេញ​មតិ​នៅ​ពេល​ការ​បោះឆ្នោត​ជិត​មក​ដល់។ លោក គល់ បញ្ញា បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​អ្នក​នយោបាយ​លើក​ពី​ប្រធាន​បទ​ណា​មួយ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រឿង​អ្វី​មួយ ដូចជា​ករណី​លោក កឹម សុខា នេះ លោក ជុំ ម៉ី ត្រូវ​តែ​សួរ​ដេញដោល និង​ឲ្យ​លោក កឹម សុខា បកស្រាយ​ឡើង​វិញ​ចំពោះ​សម្ដី​របស់​លោក​នោះ។

ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​វិភាគ​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្ដឹង​ផ្ដល់​ពី​បទ​បរិហារកេរ្តិ៍ នឹង​កើត​ឡើង​ទៀត​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ខាង​មុខ ពីព្រោះ​ថា នៅ​ពេល​នោះ​អ្នក​នយោបាយ​នឹង​លើក​ពី​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ច្រើន តាម​ការ​ប្រកួត​ប្រជែង​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ពន្យល់​ថា បញ្ហា​សំខាន់​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ទេ​ជា​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​ថា តើ​មេ​ដឹកនាំ​ណា​ដែល​និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​ថា​អាច​ដឹកនាំ​ប្រទេស​បាន​ល្អ​នោះ មិន​មែន​បញ្ហា​ប្ដឹង​ផ្ដល់​អ្នក​នយោបាយ​ជា​រឿង​ធំ​នោះ​ទេ នៅ​ក្នុង​បរិបទ​ជិត​បោះឆ្នោត​នេះ។

ក្រៅ​ពី​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​ចេញ​មុខ​ប្ដឹង​ផ្ដល់​របស់​លោក ជុំ ម៉ី នៅ​ពេល​នេះ​ជា​រូបភាព​នយោបាយ​ទៅ​វិញ​ទេ ទោះ​បី​ជា​លោក ជុំ ម៉ី ធ្លាប់​បាន​អះអាង​នៅ​ខណៈ​លោក​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី៩ មិថុនា ថា លោក​ធ្វើ​នេះ​មិន​មាន​គណបក្ស​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង​ក្ដី។ លោក ជុំ ម៉ី បញ្ចេញ​កំហឹង​របស់​លោក​បែប​គាំទ្រ​គណបក្ស​កាន់​អំណាច​ទៅ​វិញ៖ «សម្ដី​របស់ កឹម សុខា វា​ថា​ដូរៗ ដូរៗ ដូរ​ខ្មោច​យោ​អី គេ​ចង់​ធ្វើ​ការ​ចង់​ងាប់ កឹម សុខា ចង់​ដូរ ខ្ញុំ​ក្ដៅ​ក្រហាយ​ណាស់​ចំពោះ​សម្ដី កឹម សុខា នេះ»

លោក ជុំ ម៉ី មាន​អាយុ ៨៣​ឆ្នាំ លោក​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត ប៉ុន្តែ​ការ​ចេញ​មុខ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នេះ សមាជិក​សមាគម​របស់​លោក​មិន​ដឹង​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​សមាគម​ក្សេមក្សាន្ត ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោក ជុំ ម៉ី ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នេះ លោក​មិន​បាន​ឲ្យ​សមាជិក​សមាគម​ជាង ៣​ពាន់​នាក់ ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដឹង​នោះ​ទេ។ ហើយ​សមាគម​ក្សេមក្សាន្ត នឹង​ធ្វើ​មហា​សមាជ​ជ្រើស​រើស​មេ​ដឹកនាំ​សមាគម​ថ្មី​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ ពីព្រោះ​សមាគម​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះរាជ​អាជ្ញា​រង លោក មាស ចាន់ពិសិដ្ឋ មិន​បាន​បញ្ជាក់​ថា តើ​តុលាការ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​ច្បាស់​លាស់​ចំពោះ​លោក កឹម សុខា នោះ​ទេ នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​រយៈពេល​ពីរ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។