មន្ត្រីរៀបចំការងារចុះបញ្ជីបោះឆ្នោតខេត្តព្រះសីហនុ អះអាងថា ជាង ១ខែមកនេះ ការចាប់ផ្តើមចុះឈ្មោះ អ្នកគ្រប់អាយុបោះឆ្នោត ឬអ្នកចុះឈ្មោះថ្មីឆ្នាំ២០១៧ មិនសូវមានអ្នកមកចុះឈ្មោះច្រើនទេ។ លោកអំពាវនាវដល់អ្នកគ្រប់អាយុបោះឆ្នោត ឬអ្នកមានសិទ្ធិបោះឆ្នោត ត្រូវមកចុះឈ្មោះឲ្យបានទាំងអស់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ លោក ហួត ផុន មានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៧ គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា សម្រាប់អ្នកគ្រប់អាយុបោះឆ្នោត ឬមានសិទ្ធិចុះបោះឆ្នោត គឺមិនសូវមានមនុស្សមកចុះឈ្មោះច្រើនទេ នៅតាមការិយាល័យតាមឃុំ-សង្កាត់នាមូលដ្ឋាននេះ។ លោកបន្តថា មកដល់ពេលនេះមានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មី តាមការិយាល័យចុះឈ្មោះតាមឃុំសង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ ដែលតាមការប៉ាន់ស្មានអាចមានមនុស្សមកចុះឈ្មោះថ្មីចំនួន ១ម៉ឺន ៥ពាន់នាក់នោះ ប៉ុន្តែពេលនេះទើបមានពលរដ្ឋបានមកចុះឈ្មោះជាង ៣ពាន់នាក់ទេ។
លោក ហួត ផុន មានជំនឿថា ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតថ្មី នឹងអាចមកចុះឈ្មោះច្រើន នៅថ្ងៃជិតផុតកំណត់កាលបរិច្ឆេទ នៃការចុះឈ្មោះចូលមកដល់។ លោកថា ការងារចុះឈ្មោះបោះឆ្នោតនាខេត្តព្រះសីហនុ មិនមានបញ្ហាអ្វីកើតឡើងនាំឲ្យរំខានដល់ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំនេះនោះទេ។ លោកស្នើដល់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលគ្រប់អាយុបោះឆ្នោត ត្រូវមកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វាន់លី បានកត់សម្គាល់ថា ជាង ១ខែមកនេះ ពិតជាមិនសូវមានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត បានទៅចុះឈ្មោះច្រើនទេ នៅតាមឃុំ-សង្កាត់នីមួយៗ។ លោកបន្តថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនាមូលដ្ឋាននេះ មានដំណើរការជាធម្មតា ដោយគ្មានការគំរាមកំហែងពីផ្នែកពាក់ព័ន្ធណាមួយនោះទេ។ លោក វាន់លី បន្តថា ការដែលមិនសូវមានមនុស្សគ្រប់អាយុបោះឆ្នោត មកចុះឈ្មោះបោះឆ្នោតថ្មីច្រើននៅពេលនេះ អាចបណ្ដាលមកពីការធ្វើចំណាកស្រុក និងការផ្សព្វផ្សាយ ទាក់ទងការងារចុះឈ្មោះបោះឆ្នោតនេះ មិនបានទូលំទូលាយដល់តំបន់ឆ្ងាយៗពីទីប្រជុំជន ទើបពលរដ្ឋខ្វះព័ត៌មាន ហើយមិនសូវចាប់អារម្មណ៍។
ប្រតិទិនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បង្ហាញថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៧ មានរយៈពេល ៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ រីឯកាលបរិច្ឆេទបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ឬមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅឲ្យបានទាំងអស់គ្នា ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ។
ស្ថាប័ន គ.ជ.ប បានឲ្យដឹងថា អ្នកមានសិទ្ធិបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជា មានអាយុចាប់ពី ១៨ ឆ្នាំឡើង មានជាង ៩ លាន ៦ សែននាក់ (៩,៦៦៤,២១៦)។ ក្នុងនោះអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំកន្លងទៅមានជិត ៨ លាននាក់ (៧,៨៦៥,០៣៣) និងអ្នកដែលបានទៅបោះឆ្នោតឃុំសង្កាត់អាណត្តទី៤ កន្លងទៅ មានជាង ៧ លាន ១សែននាក់ (៧,១០៧,៣៩៥)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។