ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង នៃគណបក្ស សម រង្ស៊ី មួយចំនួនត្រូវបានអាជ្ញាធរតាមខេត្ត ផ្តាច់ប្រាក់ខែប្រចាំខែមីនា ចំពោះក្រុមប្រឹក្សាណាដែលប្ដូរពីគណបក្ស សម រង្ស៊ី ទៅឈរឈ្មោះជាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឲ្យគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អះអាងថា ជាសិទ្ធិរបស់អាជ្ញាធរខេត្ត ប៉ុន្តែបើតាមគោលការណ៍ ក្រសួងមហាផ្ទៃ មិនទាន់ឲ្យកាត់ផ្តាច់ប្រាក់នោះទេ ដរាបណាក្រុមប្រឹក្សាទាំងនោះនៅធ្វើការក្នុងតំណែង ឯសេចក្តីជូនដំណឹងពីក្រសួងមហាផ្ទៃ មិនទាន់មាននៅឡើយ។
ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង របស់គណបក្ស សម រង្ស៊ី ដែលប្ដូរគណបក្សនយោបាយនោះបានត្អូញថា គណនេយ្យប្រចាំខេត្តហាក់ប្រញាប់ប្រញាល់ក្នុងការផ្តាច់ប្រាក់ឧបត្ថម្ភខែមីនា ខណៈពួកគាត់នៅធ្វើការក្នុងខែមីនា នោះនៅឡើយ។
ក្រុមប្រឹក្សាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក សាយ ចំរើន ឲ្យដឹងថា គាត់ប្ដូរពីគណបក្ស សម រង្ស៊ី ទៅគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅខែមីនា គាត់ធ្វើការជាក្រុមប្រឹក្សាស្រុកពេញ១ខែដែរ។ លោកមិនតវ៉ាទេបើកាត់ប្រាក់ឧបត្ថម្ភប្រចាំខែមេសា តែគាត់សុំបើកប្រាក់ឧបត្ថម្ភខែមីនា ៥០ម៉ឺនរៀលសិន៖ «បើចង់កាត់ប្រាក់ខែខ្ញុំ ខ្ញុំសុំឲ្យមានសេចក្តីណែនាំមុនកាត់ ដោយមិនបានឲ្យខ្ញុំដឹងជាមុន ស្រេចតែចិត្តថាអីអ៊ីចឹង»។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ គណបក្ស សម រង្ស៊ី លោក ទៀង សៀន ថ្លែងថា គណបក្ស សម រង្ស៊ី ជាប់ឆ្នោតក្រុមប្រឹក្សាខេត្ត និងស្រុកចំនួន ២៩នាក់។ លោកថា ក្នុងចំណោម ២៩នាក់នោះ មានតែ ២៦នាក់ទេដែលបានដូរពីគណបក្ស សម រង្ស៊ី ទៅឈរឈ្មោះឲ្យក្រុមប្រឹក្សាខេត្ត និងស្រុកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ។ លោកថា គណនេយ្យខេត្តកំពង់ស្ពឺ មិនព្រមបើកប្រាក់ខែមីនា ឲ្យពួកគាត់ទេ។
ស្រដៀងគ្នានេះដែរ សមាជិកក្រុមប្រឹក្សាច្រើនស្រុក និងក្រុង នៃគណបក្ស សម រង្ស៊ី ខេត្តតាកែវ ឲ្យដឹងថា នៅខែមីនា គាត់ធ្វើការពេញដែរ ប៉ុន្តែអ្នកដូរពីគណបក្សចាស់ទៅឈរឈ្មោះគណបក្សថ្មី ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺបាត់បង់សិទ្ធិទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ។ ប៉ុន្តែពួកគាត់មកប្រជុំ និងផ្តល់យោបល់នានានៅក្នុងខែមីនា ដូច្នេះពួកគាត់ត្រូវតែបានបើកប្រាក់ខែមីនា៖ «ប្រាក់ខែខែ៣ ត្រូវតែមាន ប៉ិនគេអត់បើកឲ្យខ្ញុំ ហិរញ្ញវត្ថុគេថាអ៊ីចឹងដែរ បើសិនជាទូទាំងខេត្តគេបើកឲ្យ ខាងអង្គរបុរី ហ្នឹងក៏បើកដែរ។ ខ្ញុំទាមទារខែ៣ ព្រោះខាងខេត្តគេបើកបាន ហើយតាមស្រុកខ្លះអត់បាន ស្រុកខ្លះបាន ហើយខ្ញុំខាងក្រុងដូនកែវ អត់មានបានបើកប្រាក់ខែអីនឹងគេទេ ក្នុងខែ៣ហ្នឹង»។
សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ម៉ៅ សុផល ឲ្យដឹងថា ក្នុងខេត្តតាកែវ មានបេក្ខជនចំនួន ២៩រូប ក្នុងនោះមាន ២០រូបមិនទាន់បានបើកប្រាក់ឧបត្ថម្ភខែមីនា ទេ៖ «នៅក្នុង គឺស្រុកគិរីវង់ មួយ ស្រុកកោះអណ្ដែត ពីរ ក្រុងដូនកែវ ពីរ ស្រុកអង្គរបុរី បី ស្រុកព្រៃកប្បាស បួន ស្រុកសំរោង ប្រាំ ស្រុកបាទី បី ដែលមិនទាន់បានបើកបៀវត្សរ៍ក្នុងខែ៣នេះ គឺចំនួន ២០នាក់»។
សមាជិកក្រុមប្រឹក្សាខេត្តកំពត លោក សំ ហ៊ល ឲ្យដឹងថា នៅខេត្តកំពត មានសមាជិកក្រុមប្រឹក្សាខេត្ត និងស្រុក ២៧នាក់ ជាប់ឆ្នោតឆ្នាំ២០០៩ ធ្វើការនៅក្នុងខេត្តនោះ។ លោកថា ក្នុងនោះមានសមាជិកខ្លះបានបើកប្រាក់ប្រចាំខែមីនា ខ្លះមិនទាន់បានបើក។
ពាក់ព័ន្ធការផ្តាច់ប្រាក់ឧបត្ថម្ភប្រចាំខែមីនា របស់មន្ត្រីគណបក្សនយោបាយដែលប្ដូរពីគណបក្ស សម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នោះ ត្រូវបានប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក យឹម សុខុម បង្វែរការបំភ្លឺទៅក្រសួងមហាផ្ទៃ អំពីចម្លើយនៃការផ្តាច់ប្រាក់ឧបត្ថម្ភដល់មន្ត្រីក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ លោក ឌុច សុន ថ្លែងថា ក្រសួងមហាផ្ទៃ មិនមែនជាអ្នកបើកប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីគណបក្សនយោបាយទេ។ ការងារបើកប្រាក់ឧបត្ថម្ភជូនក្រុមប្រឹក្សា ជារឿងរបស់សាលាខេត្តដែលត្រូវដោះស្រាយ៖ «ប្រាក់បៀវត្សរ៍មិនមែនបើកនៅក្រសួងទេ គឺបើកនៅខេត្ត។ អ៊ីចឹងគាត់មានប្រសាសន៍ហ្នឹង ដូចជា ដោះបន្ទុកខ្លួនឯង»។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជូនដំណឹងទៅអាជ្ញាធរគ្រប់ខេត្ត និងរាជធានី ឲ្យដកសិទ្ធិក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ណាដែលប្ដូរគណបក្សនយោបាយ ទៅចូលរួមឈរឈ្មោះជាមួយគណបក្សផ្សេងទៀត។ ប៉ុន្តែក្នុងលិខិតនោះ មិនបានបញ្ជាឲ្យសាលាខេត្តផ្តាច់ប្រាក់ឧបត្ថម្ភដល់មន្ត្រីក្រុមប្រឹក្សាកំណត់ចាប់ពីខែណានោះទេ។
តំណាងគណបក្ស សម រង្ស៊ី ឲ្យដឹងថា ក្នុងឆ្នាំ២០០៩ គណបក្សនោះមានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ៥៧៩នាក់ បានបម្រើការងារក្នុងរដ្ឋាភិបាល។ លោកថា មន្ត្រីក្រុមប្រឹក្សារាជធានីខេត្ត ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលក្នុងម្នាក់ ៨០ម៉ឺនរៀល ហើយត្រូវបង់ពន្ធចូលរដ្ឋប្រចាំខែម្នាក់ ១ម៉ឺន ៥ពាន់រៀល។ ឯក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលចំនួន ៥០ម៉ឺនរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
