ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហុងកុង នៅព្រឹកថ្ងៃទី៦ វិច្ឆិកា ដើម្បីចូលរួមក្នុងសន្និសីទស្ដីពីតម្លៃសេដ្ឋកិច្ច ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីនៅអាស៊ី។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោក សម រង្ស៊ី ទៅចូលរួមក្នុងសន្និសីទនេះរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ វិច្ឆិកា។ លោកបញ្ជាក់ថា ប្រធានបទក្នុងសន្និសីទនេះ នឹងនិយាយពីតម្លៃសេដ្ឋកិច្ច។ ដូច្នេះ លោក សម រង្ស៊ី នឹងលើកអំពីការវិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការអភិវឌ្ឍប្រទេសដែលពលរដ្ឋទទួលបានផលមិនស្មើភាពគ្នាចំពោះបញ្ហាសេដ្ឋកិច្ច៖ «គាត់លើកបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា ហើយគាត់នឹងលើកថា នឹងត្រូវធ្វើយ៉ាងម៉េចដើម្បីបែងចែកសេដ្ឋកិច្ចកម្ពុជា មានតម្លាភាព សមធម៌ ដូចជាការទប់ស្កាត់អំពើពុករលួយ ដូចជាការដែលបែងចែកថវិកាជាតិទៅវិស័យអាទិភាព ដូចជាវិស័យអប់រំ សុខាភិបាល និងបែងចែកថវិកាយ៉ាងម៉េចឲ្យដល់ដៃប្រជាពលរដ្ឋក្រីក្រ»។
សន្និសីទដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យអាស៊ី សហការជាមួយមូលនិធិអាល្លឺម៉ង់ នេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ។
ការចាកចេញរបស់ លោក សម រង្ស៊ី នេះ គឺមួយថ្ងៃនៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងចេញទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៤ (APEC CEO Submit 2014) ដែលនឹងរៀបចំឡើងនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
