បក្ស​ប្រឆាំង​សាទរ​ចំពោះ​​​ការ​ប្រកាស​លុប​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

ដោយ ទីន ហ្សាការីយ៉ា
2017.06.14
សម រង្ស៊ី ៨៥៥ ២០១៧ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នកវិភាគ​លើក​ឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​សម្រេច​លុបចោល​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គឺ​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ចង់​បង្រួបបង្រួម​ជាតិ​មែន​នោះ។ ប៉ុន្តែ​អ្នកវិភាគ​ក៏​មើល​ឃើញ​ពី​ភាព​យក​ឈ្នះ​ចាញ់​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ទៅ​វិញ​ទេ ព្រោះ​ថា ការ​ចេញ​លិខិត​លុប​ចោល​ការ​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នេះ គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពី​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក ទោះបីជា​ជាប់​គុក​ក៏ដោយ ឲ្យ​តែ​រដ្ឋាភិបាល​លុប​បម្រាម​នេះ​ចេញ។

គណបក្ស​សង្គ្រោះ​ជាតិ អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ចេញ​លិខិត​លុបចោល​បម្រាម​កាល​ពី​ឆ្នាំ​២០១៦ មិន​ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រកាស​អបអរសាទរ​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រោយ​ពេល​រដ្ឋាភិបាល​បាន​សម្រេច​លុបចោល​លិខិត​លេខ ១៥១ ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក យឹម សុវណ្ណ អះអាង​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ក្រៅ​ពី​នេះ​ទេ ដូចជា​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចរចា​អ្វី​ពី​ក្រោយ​ខ្នង​ជាមួយ​រដ្ឋាភិបាល​ចំពោះ​ករណី លោក សម រង្ស៊ី ហើយ​ថា តើ​លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា​ជាដើម៖ «សុំ​ជូន​តែ​ប៉ុណ្ណឹង​សិន កុំអាល​គិត​ដល់​រឿង​ផ្សេង​ទៀត សុំ​មើល​ស្ថានការណ៍​សិន ឥឡូវ​នេះ​ស្ថានការណ៍​វា​វិវត្តន៍​ទៅ​មុខ​ហើយ ទុក​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​គេ​ធ្វើ​ការ​សិន កុំ​តែ​ឃើញ​ចេញ​លិខិត​ប៉ុណ្ណឹង​នាំ​សួរ​ពី​នេះ​សួរ​ពី​នោះ»

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លុប​ចោល​លិខិត​លេខ​១៥១ ដែល​ជា​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ការ ទប់ស្កាត់​ទុក​ជា​មុន ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ដឹង​ជា​មុន​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ថែម​ថា រដ្ឋាភិបាល​លុប​បម្រាម​លេខ​១៥១ នេះ គឺ​រដ្ឋាភិបាល​ពិត​ជា​ចង់​ដឹង​ថា តើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​ដូច​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដែរ ឬ​យ៉ាង​ណា?

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

លោក សុខ ឥសាន បញ្ជាក់​ថា ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​និយាយ​ពី​រឿង​ចរចា ឬ​មិន​ចរចា​អ្វី​ទេ៖ «សម រង្ស៊ី និយាយ​ក្នុង​អាស៊ីសេរី យប់​មិញ (១៣ មិថុនា) ជាមួយ ជុន ច័ន្ទបុត្រ អ្នក​ណា​ក៏​ឮ​ដែរ​ថា គាត់​មិន​ខ្លាច​ទេ ដូច្នេះ​លោក​អាច​មក​បាន កប៉ាល់ហោះ​ណា​ក៏​លោក​អាច​មក​វិញ​បាន​ដែរ ដូច្នេះ​សូម​អញ្ជើញ​មក...»

ការ​ប្រកាស​របស់​រដ្ឋាភិបាល​លុបចោល​បម្រាម​នេះ​វិញ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​កម្ពុជា វិញ នៅ​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា ថា លោក​ប្ដេជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា៖ «អ្វី​ក៏​ខ្ញុំ​ហ៊ាន​ធ្វើ ព្រម​ធ្វើ ខ្ញុំ​សុខ​ចិត្ត​ជាប់​គុក ខ្ញុំ​សុខ​ចិត្ត​ស្លាប់ ខ្ញុំ​សុខ​ចិត្ត​វិល​វិញ​ឲ្យ​តែ​ជាតិ​បាន​រស់។ ក៏ប៉ុន្តែ​សូម​ធានា​ឲ្យ​ជាតិ​បាន​រស់ ពលរដ្ឋ​បាន​សុខ អំណាច​ផ្ដាច់ការ​ឈប់​ធ្វើ​បាប​ប្រជាពលរដ្ឋ»

រហូត​មក​ដល់​ពេល​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​ក្នុង​តុលាការ​កម្ពុជា ចំនួន ៧​ករណី បណ្ដឹង​ទាំង​នោះ​រួម​មាន បណ្ដឹង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ លោក ហេង សំរិន។ បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក (Facebook) ពី​បរទេស និង​បណ្ដឹង​ផ្សេងៗ​ទៀត។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ អតីត​ឧបនាយករដ្ឋមន្ត្រី លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើងចាស់​ផង​នោះ មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ល្មម​រក​ដំណោះស្រាយ​មួយ​សមស្រប​ដើម្បី​បង្រួបបង្រួម​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ហើយ។

លោក​បញ្ជាក់​ថា ការ​យក​ឈ្នះ​ចាញ់​គ្នា​គ្មាន​អ្វី​ចំណេញ​ដល់​សង្គម​ជាតិ​ទេ ដោយ​លោក​បាន​ប្រៀបធៀប​ថា ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន ពោល​គឺ​ការ​ដឹកនាំ​ពឹង​លើ​កម្ចី និង​ជំនួយ​បរទេស៖ «ដល់​ពេល​វេលា​ខ្មែរ​ហ្នឹង​រៀន​ចប់​ហើយ ល្មម​ឆ្អែត​ហើយ ល្មម​ឯករាជ្យ​ហើយ ខ្មែរ​ហ្នឹង​មិន​មែន​ស្រុក​ឯករាជ្យ​ឯ​ណា? ដើរ​តែ​ពឹង​គេ ដើរ​តែ​សុំ​គេ»

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ចេញ​លិខិត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​នេះ អាច​ជា​ល្បែង​នយោបាយ​មួយ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ដេញ​ជើង​លោក សម រង្ស៊ី ដែល​ប្រកាស​ថា លោក​សុខ​ចិត្ត​ជាប់​គុក​បើសិនជា​រដ្ឋាភិបាល​លុបចោល​បម្រាម​ចេញ។ បញ្ហា​នេះ បើ​សិន​ជា​លោក សម រង្ស៊ី មិន​វិល​ចូល​ស្រុក​ដូច​លោក​ប្រកាស​ទេ ប្រជាប្រិយភាព​របស់​លោក​កាន់​តែ​ធ្លាក់​ចុះ៖ «ខ្ញុំ​មើល​ទៅ​វា​អាច​មាន​ប្រយោជន៍​ទាំង​សង​ខាង។ ទី​១ បក្ស​ប្រជាជន​កម្ពុជា អាច​កាត់​បន្ថយ​ការ​រិះគន់ ពីព្រោះ​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ធ្វើ​បាប​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត»

​នៅ​ក្នុង​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ម្ដង​ក្លាយ​ជា​មិត្ត ម្ដង​ក្លាយ​ជា​សត្រូវ​ភ្លាមៗ ទាំង​អ្នក​វិភាគ និង​ពលរដ្ឋ​ពិបាក​នឹង​តាម​ទាន់​ស្ថានការណ៍​វិវត្តន៍​របស់​មេដឹកនាំ​ទាំង​ពីរ។ កាល​ពី​ឆ្នាំ​២០១៤ ក្រោយ​ពេល​វិបត្តិ​ជាប់​គាំង​នយោបាយ​ដោះស្រាយ​បញ្ចប់ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កសាង​ទំនាក់ទំនង​ស្អិតល្មួត​នឹង​គ្នា និង​ថែម​ទាំង​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខែត្រ​សៀមរាប ទៀត​ផង។ ទំនាក់ទំនង​នេះ​មិន​បាន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន ក៏​ចាប់​ផ្ដើម​កសាង​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី វិញ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​កាត់​ដៃ​លោក​ចោល បើសិនជា​លោក​ចុះ​ហត្ថលេខា​​ស្នើ​សុំ​ព្រះរាជទាន​ទោស​ដល់​លោក សម រង្ស៊ី ពី​ព្រះមហាក្សត្រ​ជាដើម។

ទោះបីជា​បែប​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា អ្នក​នយោបាយ​គូបដិបក្ខ​ទាំង​ពីរ​ល្មម​ដល់​ពេល​បញ្ចប់​ជម្លោះ​នេះ នៅ​គ្រា​ពលរដ្ឋ​កំពុងតែ​ជួប​ប្រទះ​បញ្ហា​លំបាក​សព្វ​បែប​យ៉ាង​នៅ​ក្នុង​សង្គម និង​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា ដោយ​អ្នកវិភាគ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន យក​គំរូ​តាម​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា ដែល​សុខចិត្ត​ប្រគល់​អំណាច​ឲ្យ​បក្ស​ប្រឆាំង​ដោយ​សន្តិវិធី ក្រោយ​ពេល​ចាញ់​ឆ្នោត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។