រហូតមកដល់ពេលនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យវិលចូលស្រុក កំពុងជាប់បណ្ដឹងសរុបនៅក្នុងតុលាការកម្ពុជាចំនួន ៧ករណី។
បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោក សម រង្ស៊ី ធ្វើអត្ថាធិប្បាយជាចំហប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នាសារមន្ទីរជើងឯក ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែក។
បណ្ដឹងទី២ ពីបទបរិហារកេរ្តិ៍ លោក ហេង សំរិន។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់លើលោក សម រង្ស៉ី ចំនួន ១០លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តលោក ហេង សំរិន ចំនួន ១៥០លានរៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានបង្ហោះនៅលើទំព័រហ្វេសប៊ុក ដោយចោទលោក ហេង សំរិន ថាជាអ្នកកាត់ទោសសម្ដេច សីហនុ ថាក្បត់ជាតិ កាលពីជំនាន់លោក ហេង សំរិន ជាប្រធានរដ្ឋ។
សំណុំរឿងទី៣ គឺទាក់ទងបណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក សម រង្ស៊ី ថាបានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិត ដែលថារូបលោកបានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបណ្ដាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិស ទាហាន ដើម្បីបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការចូលចិត្ត (Like) សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន។ ករណីនេះតុលាការសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី សងប្រាក់ជំងឺចិត្ត១៥លានរៀល និងពិន័យប្រាក់១លានរៀលចូលរដ្ឋ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ លោកក៏រងបណ្ដឹងមួយទៀត គឺបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញ បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោក ហ៊ុន សែន ដោយដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀល និងត្រូវសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ១០០រៀល ដោយក្រោមបទចោទពីរករណី គឺបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពាក្យបណ្ដឹងពីរដាច់ដោយឡែកពីគ្នា ប្ដឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទងនឹងការចោទថា រូបលោក និងរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។
រីឯបណ្ដឹងទី៥ នោះ គឺពាក់ព័ន្ធលោក ហុង សុខហួរ រឿងបង្ហោះផែនទី។ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ លោក សម រង្ស៊ី និងជំនួយការពីរនាក់ទៀត ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ ក្នុងបទចោទប្រកាន់ ៣បទល្មើស គឺសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ដោយឡែកបណ្ដឹងចំនួន២ករណីចុងក្រោយ លោក សម រង្ស៊ី ត្រូវបានលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ប្ដឹងពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងកាលពីថ្ងៃទី១៤ មករា ថា លោក ហ៊ុន សែន សូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួនទឹកប្រាក់១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។
ក្នុងបណ្ដឹងទាំងពីរនេះ លោក ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។