លោក សម រង្ស៊ី ប្រកាស​មិន​ឲ្យ​អ្នក​គាំទ្រ​តវ៉ា​បើ​លោក​ជាប់​គុក

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ប្រកាស​កុំ​ឲ្យ​អ្នក​គាំទ្រ​តវ៉ា បើ​សិន​ណា​រូប​លោក​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​គុក។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល រដ្ឋ​សភា និង​កង​ទ័ព ដែល​បាន​ចេញ​ផ្សាយ​ញត្តិ​ជា​ច្រើន ចោទ​រូប​លោក​ថា ប្រមាថ​ព្រះ​មហាក្សត្រ​តាម​រយៈ​សារ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះអង្គ​នោះ។

ថ្លែង​ទៅ​កាន់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រាប់​រយ​នាក់​ក្នុង​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ប្រធាន​បក្ស​ប្រឆាំង​បញ្ជាក់​ថា រូប​លោក​មិន​មាន​ចេតនា​អាក្រក់​អ្វី​ទាំង​អស់​ក្នុង​ការ​សរសេរ​លិខិត​ទូល​ថ្វាយ​ទៅ​កាន់​ព្រះមហាក្សត្រ។

លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ជាតិ​និយម មួយ​ចំនួន ដែល​ធ្លាប់​នៅ​កៀក​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​តែ​យល់​ថា​បក្ស​នេះ​ស្វាមីភក្ដិ​ចំពោះ​របប​រាជា​និយម។ លោក​បន្ត​ថា ភាគី​ម្ខាង​ទៀត​ធ្លាប់​បាន​គំរាម​ព្រះមហាក្សត្រ គំរាម​រាជវង្សានុវង្ស និង​ជេរ​ព្រះមហាក្សត្រ ប៉ុន្តែ​នៅ​ពេល​នេះ​បែរ​ជា​ចោទ​រូប​លោក ថា​មើល​ងាយ​ស្តេច​ទៅ​វិញ។

លោក​បញ្ជាក់​ថា លោក​នឹង​ចូល​គុក​ដើម្បី​យុត្តិធម៌៖ «ការពារ​ស្ថាប័ន​រាជបល្ល័ង្ក គឺ​រួម​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ហើយ ខ្លួន​ឯង​ជេរ​ស្តេច រឿង​អី​ដែល​ចោទ​គេ​ថា​គេ​ប្រឆាំង​ស្ដេច? ខ្លួន​ឯង​ហ្នឹង​ហើយ​ប្រឆាំង​ស្ដេច​មុន​គេ។ បង​ប្អូន​អើយ​កុំ​បារម្ភ បើ​គេ​ចាប់​ខ្ញុំ​ដាក់​គុក សូម​បង​ប្អូន​នៅ​ស្ងៀម ខ្ញុំ​សុខ​ចិត្ត​ចូល​គុក បង​ប្អូន​អត់​អី​ទេ សីលធម៌ សច្ចធម៌ យុត្តិធម៌ ត្រូវ​តែ​ឈ្នះ​ជា​មិន​ខាន»

ក្រៅ​ពី​ការ​ប្ដេជ្ញា​ចិត្ត​នេះ លោក សម រង្ស៉ី ក៏​ថ្លែងការណ៍​រំលឹក​កាល​ពី​ដំណើរ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស និង​​ក៏​រលឹក​ពី​សាមគ្គីភាព​ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​នេះ​ដែរ។ ក៏​ប៉ុន្តែ​លោក សម រង្ស៉ី បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​នឹង​អាច​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​នយោបាយ។

ទោះ​យ៉ាង​ណា​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ដំណាល​គ្នា​ថា មេ​បក្ស​ប្រឆាំង​នឹង​អាច​ប្រឈម​នឹង​ការ​ប្ដឹង​តាម​ផ្លូវ​ច្បាប់ ឬ​អាច​ចូល​ឆ្នាំ​នៅ​ក្នុង​គុក​ព្រៃស។ លោក​បន្ត​ថា ច្បាប់​មិន​ទាន់​មាន​ចែង​ពី​ស្ថាន​ទម្ងន់​ទោស​នៃ​ការ​ប្រមាថ​លើ​ព្រះមហាក្សត្រ តែ​ច្បាប់​បាន​ចែង​រួច​ហើយ​ពី​ទោសពៃរ៍​ចំពោះ​អ្នក​ដែល​ប្រឆាំង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាត្រា ៣៦ បាន​ចែង​ថា ជន​ណា​ដែល​មាន​ពិរុទ្ធ​ធ្វើ​សាក្សី​ទុច្ចរិត ឬ​គាបសង្កត់​ទៅ​លើ​សាក្សី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​ជន​ណា​ដែល​មិន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​រារាំង​កិច្ច​ប្រតិបត្តិការ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ដល់ ១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​សែន ដល់ ៦​សែន​រៀល ឬ​ផ្ដន្ទាទោស​មួយ​ក្នុង​ចំណោម​ពីរ។

ទាក់ទង​នឹង​ទំនាស់​នយោបាយ​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក សម រង្ស៉ី ជា​រឿង​ល្អ​ក្នុង​ការ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ។ ប៉ុន្តែ​ហេតុការណ៍​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ​បក្ស​ទាំង​ពីរ​នេះ ជា​នយោបាយ​ចាស់​គំរឹល​មួយ​ដែល​មិន​គិតគូរ​ប្រយោជន៍​ជាតិ​ជា​ធំ។

លោក អ៊ូ វីរៈ៖ «សំខាន់​បើ​លោក សម រង្ស៉ី នៅ​តែ​រត់​ចោល​ស្រុក អ្នក​គាំទ្រ​របស់​លោក​នៅ​តែ​បាត់បង់​ជំនឿ​លើ​គណបក្ស​ប្រឆាំង។ ខ្ញុំ​មើល​ទៅ​ប៉ះពាល់​ដែរ ប៉ុន្តែ​ការ​ប្រើប្រាស់​តុលាការ​ដាក់​គុក​ច្រវាក់​អី​ហ្នឹង ជា​នយោបាយ​ឈ្លោះ​គ្នា ជា​នយោបាយ​ប្រេះឆា​ជាតិ អត់​ព្រម​យក​គំនិត​មក​ដោះស្រាយ​បញ្ហា​ជាតិ​ទេ»

លោក សម រង្ស៉ី ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ទៅ​កាន់​តុលាការ​ម្ដង​ជា​ពីរ​ដង​រួច​ហើយ។ លើក​ចុង​ក្រោយ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ជាង ១០​ឆ្នាំ។ ព្រះ​មហាក្សត្រ​បាន​លើក​លែង​ឲ្យ​លោក សម រង្ស៊ី តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់​ពី​ចរចា​នយោបាយ​ត្រូវរ៉ូវ​គ្នា។ មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​វិល​ចូល​ប្រទេស​វិញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។