សេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ចេញផ្សាយល្ងាចថ្ងៃទី២២ ខែកក្កដា បានបដិសេធសំណើសុំចុះឈ្មោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងបញ្ជីបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា បានទេ។
ប្រកាសដដែលបានបញ្ជាក់ពីមូលហេតុនាំឲ្យ គ.ជ.ប មិនអាចដាក់បញ្ជូនឈ្មោះលោក សម រង្ស៊ី បាន ដោយហេតុថា តាមស្មារតីនៃមាត្រា ៤៩ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះ ចែងថា រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ហើយក៏ត្រូវ គ.ជ.ប បានផ្តល់សុពលភាពរួចហើយដែរ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មកម្ល៉េះ។
ចំណែកករណីស្នើសុំបញ្ជូលឈ្មោះក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត សភានីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលកណ្តាលនោះ ក៏ គ.ជ.ប មិនអាចបញ្ជូលឈ្មោះបានដែរ ដោយហេតុថា លោក សម រង្ស៊ី មិនបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់បោះឆ្នោតនោះទេ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់ថា លោក សម រង្ស៊ី អាចអនុវត្តបានតាមចំណុច គ និង ឃ នៃមាត្រា ១១៨ថ្មី នៃច្បាប់បោះឆ្នោតតំណាងរាស្ត្រ នៅក្រោយពេលដែល លោក សម រង្ស៊ី បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កាលពីថ្ងៃទី១៨ ខែកក្កដា ធ្លាប់ប្រកាសថា ការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការ និងចុះឈ្មោះបេក្ខជនតំណាងរាស្ត្រផ្លូវការបានផុតកំណត់ទៅហើយ ហើយថា ករណីលោក សម រង្ស៊ី ក៏ត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតហើយដែរ។
លោក ទេព នីថា៖ «ជាទូទៅ គ.ជ.ប គ្រាន់តែអនុវត្តទៅតាមច្បាប់ទេ មិនមែន គ.ជ.ប មានសិទ្ធិសម្រេចថា អ្នកណាបោះឆ្នោតបាន ឬអ្នកណាបោះឆ្នោតមិនបានទេ ព្រោះតាមច្បាប់ការចុះឈ្មោះបោះឆ្នោត ត្រូវបានកំណត់ពេលនៅពេលណា ហើយច្បាប់បានកំណត់ថា នៅពេលដែលចុះឈ្មោះបោះឆ្នោតហើយ ហើយ គ.ជ.ប បានផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយបញ្ជីបោះឆ្នោតនោះ មិនអាចកែប្រែបានទេ។ អ៊ីចឹងទេ មានការយល់ច្រឡំជាទូទៅថា គ.ជ.ប មានសិទ្ធិក្នុងការសម្រេច។ ឧទាហរណ៍ថា ហួសពេលទៅហើយ គ.ជ.ប អាចចុះឈ្មោះឲ្យបោះឆ្នោតវិញបាន គឺមិនបានទេបាទ! គឺ គ.ជ.ប បានអនុវត្តតាមច្បាប់ ហើយបើសិនជា គ.ជ.ប ហ៊ានធ្វើអ្វីបំពាន គឺ គ.ជ.ប ខុសច្បាប់ ព្រោះ គ.ជ.ប ត្រូវប្រឈមមុខនឹងច្បាប់»។
កាលពីថ្ងៃទី២១ ខែកក្កដា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតជូនលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ចុះឈ្មោះរបស់លោកទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលកណ្តាល។
ពាក្យស្នើរបស់លោក សម រង្ស៊ី យោងព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានចាត់ទុកករណីលោក សម រង្ស៊ី គឺជារឿងនយោបាយ ហើយថា រដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ត្រូវរកដំណោះស្រាយចំពោះបញ្ហានេះ៖ «ការដែលលុបឈ្មោះគាត់ ហើយមិនដាក់ឈ្មោះគាត់នៅក្នុងបញ្ជីបេក្ខជននេះ ជារឿងនយោបាយ ហើយឥឡូវនេះអ្វីៗគ្រប់យ៉ាងត្រូវបានជម្រះដោយព្រះមហាក្សត្ររួចហើយ។ អ៊ីចឹង គ.ជ.ប ត្រូវដោះស្រាយ។ គណបក្សកាន់អំណាចអ្នកបង្កើតបញ្ហា ហើយ គ.ជ.ប ជាអ្នករួមគំនិត ដូច្នេះត្រូវតែរួមគ្នាដោះស្រាយបញ្ហាហ្នឹងជូនឯកឧត្តមប្រធាន សម រង្ស៊ី បើមិនដូច្នេះទេ ការបោះឆ្នោតហ្នឹងមិនសេរី និងមិនយុត្តិធម៌ទេ»។
បញ្ហានេះ សម្រាប់មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការងារបោះឆ្នោតមួយចំនួន ក៏បានឲ្យដឹងថា ការបោះឆ្នោតសភាអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ដាច់ខាតត្រូវមានវត្តមានលោក សម រង្ស៊ី ឈរឈ្មោះជាបេក្ខជន ទើបការបោះឆ្នោតនេះ មានភាពត្រឹមត្រូវ និងយុត្តិធ៌ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។