អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​សមាគម​​លើក​តម្កើង​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ សុ ជីវី
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រកាស​បង្កើត​សមាគម​ឈ្មោះ​ថា សមាគម​លើក​តម្កើង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក សម រង្ស៊ី អះអាង​ថា បើ​ទោះ​បី​ជា​លោក​ឋិត​នៅ​ឆ្ងាយ​ពី​នយោបាយ​នៅ​កម្ពុជា លោក​នៅ​តែ​មាន​បំណង​ចង់​ជួយ និង​ចង់​បម្រើ​កម្ពុជា ក្នុង​ន័យ​បង្រួបបង្រួម​ជនជាតិ​ខ្មែរ​ទាំង​អស់​ក្នុង​គោលបំណង​សម្រេច​ឯកភាព​ជាតិ ដោយ​មាន​លទ្ធិប្រជាធិបតេយ្យ​ជា​មូលដ្ឋាន។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា គំនិត​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​មាន​សារសំខាន់​សម្រាប់​សង្គម​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ក៏​មាន​ការ​បារម្ភ​ពី​ឈ្មោះ​របស់​សមាគម​នេះ​ថា មិន​បាន​ឋិត​នៅ​ឆ្ងាយ​ពី​នយោបាយ​ឡើយ​ដ្បិត​វា​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា សមាគម​ថ្មី​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​តាម​ច្បាប់​ប្រទេស​បារាំង មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​គោលដៅ​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​មាន​លក្ខណៈ​ជា​សកល និង​ជំរុញ​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ជាក់ស្ដែង និង​ជា​ប្រចាំ។

លោក សម រង្ស៊ី បាន​សរសេរ​ទៀត​ថា សមាគម​របស់​លោក​នឹង​ទទួល​មិត្ត​ប្រទេស​កម្ពុជា មាន​គ្រប់​សញ្ជាតិ​អោយ​ចូល​ធ្វើ​ជា​សមាជិក​ផង​ដែរ បើ​អ្នក​ទាំងនោះ​ចង់​បង្ហាញ​ពី​ការ​អាណិត​អាសូរ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ហើយ​ចង់​គាំទ្រ​ដោយ​សន្តិវិធី ដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ក៏​ឆ្លៀត​អំពាវ​នាវ​ជនជាតិ​ខ្មែរ​គ្រប់​រូប គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ​នៅ​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស​អោយ​ចូលរួម​ក្នុង​សមាគម​របស់​លោក​ក្នុង​គោល​បំណង​តែ​មួយគត់ គឺ​បង្រួបបង្រួម​ជាតិ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំពោះ​ការ​បង្កើត​សមាគម​របស់​លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ពុំ​ចូល។

ចំពោះ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ផ្ដួចផ្ដើម​អោយ​មាន​សមាគម​បែប​នេះ ប៉ុន្តែ​លោក​បារម្ភ​ថា សមាគម​នេះ​គឺ​នៅ​មិន​ឋិត​នៅ​ឆ្ងាយ​ពី​នយោបាយ​នៅ​ឡើយ បើ​និយាយ​ពី​ឈ្មោះ​របស់​សមាគម​នេះ។ លោក​ថា អ្នក​ដែល​ចង់​ចូលរួម​សមាគម​នេះ​គេ​អាច​នឹង​ពិចារណា​ចំពោះ​ឈ្មោះ​របស់​សមាគម​នេះ។ លោក​បន្ត​ថា គួរ​ជ្រើសរើស​ឈ្មោះ​ផ្សេង​ពី​នេះ«កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ណា​ដែល​វា​បង្ក​ឲ្យ​មាន​ឯកភាព​គ្នា​ឡើង​វិញ​រវាង​ខ្មែរ​ទាំង​នៅ​ក្រៅ​ស្រុក​ឲ្យ​ឯកភាព​គ្នា ដែល​មិន​មែន​ត្រូវ​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ ប៉ុន្តែ​មាន​ឯកភាព​គ្នា​ទៅ​លើ​វាសនា​ប្រទេស​ជាតិ​របស់​យើង​ទាំងអស់​គ្នា វា​អត់​មាន​អី​ខុស​ទេ»

ចំពោះ​លោក សម រង្ស៊ី លោក​អះអាង​ថា លោក​ឈប់​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​ហើយ និង​ឈប់​មាន​តួនាទី ឬ​មុខងារ​នយោបាយ​អ្វី​ឡើយ​គឺ​លោក​មាន​សេរីភាព​ពេញលេញ​នៅ​ពេល​នេះ ដោយ​គ្មាន​ចំណង​ជាមួយ​គណបក្ស​ណា ឬ​ក្រុម​នយោបាយ​ណា​មួយ​ទេ។ លោក​ថា ឯកភាព​ជាតិ​ជា​ការ​ចាំបាច់​ដើម្បី​ដោះស្រាយ​វិបត្តិ​សព្វ​ថ្ងៃ ហើយ​បញ្ចៀស​ប្រទេស​កម្ពុជា ពី​មហន្តរាយ និង​មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​បើក​ផ្លូវ​ឲ្យ​ខ្មែរ​និង​ខ្មែរ គ្រប់​និន្នាការ​នយោបាយ​អាច​និយាយ​គ្នា​បាន។ លោក​បញ្ជាក់​ទៀត​ថា មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​សម្រេច​គោលដៅ​នេះ​គឺ​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ចំពោះ​គោលការណ៍​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ស្រប​គ្នា​នេះ លោក សម រង្ស៊ី ក៏​បាន​ផ្ដល់​សម្ភាស​អោយ​ទូរទស្សន៍​បារាំង ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុង​នោះ​លោក​​បាន​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពង់​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​តាម​រយៈ​ការ​ចាប់​ខ្លួន អ្នក​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ លើស​ពី​នេះ លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​បារាំង អោយ​ជួយ​ដាក់​សម្ពាធ​ធ្វើ​យ៉ាង​ណា​អោយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​វិល​ទៅ​ធម្មតា​វិញ។

បើ​ទោះ​បី​ជា​យ៉ាង​ណា កន្លង​ទៅ​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ទាំង​ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​របស់​អាមេរិក ការ​បង្ខំ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​រឿង​ជំពាក់​ពន្ធ​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាង ៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)។

ទាក់ទិន​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​លោក សម រង្ស៊ី លើក​ឡើង​វិញ មន្ត្រី​រដ្ឋាភិបាល​តែង​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​ពុំ​មាន​ឥទ្ធិពល​អ្វី​ត​ទៅ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Good idea, but a bit more idea please

Sep 13, 2017 11:36 AM

Pp

ពី Pp

គួរតែដាក់ឈ្មោះថា​ សមាគមទណ្ឌិតអាណាធិបតេយ្យ​។

Sep 13, 2017 10:12 AM

អ្នក​អាន​អនាមិក

យកលទ្ធិប្រជាធិបតេយ្យមិននិយាយជាមួយ ហ៊ុន សែន ទៅមិនរួចទេ។ ហ៊ុន សែន ធ្លាប់និយាយថា ចាញ់ក៏ឈ្នះ ឈ្នះក៏ឈ្នះ។ គាត់មិនសុខចិត្តចាញ់នោះទេ។ បោះឆ្នោតលើកទី ១ នៅកម្ពុជាជាឩទាហរណ៌ស្រាប់

Sep 13, 2017 08:29 AM

គេហទំព័រ​ទាំងមូល