លោក សម រង្ស៊ី បញ្ជាក់ថា ការណ៍ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិ ពីក្នុងពន្ធនាគារនោះ គឺដើម្បីសុវត្ថិភាព ពីព្រោះថា លោក កឹម សុខា នៅក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្ថែមទៀតថា ចលនាសង្គ្រោះជាតិ គឺមានបំណងដើម្បីបញ្ចប់ការគ្រប់គ្រងបែបផ្ដាច់ការរបស់លោក ហ៊ុន សែន។ ហេតុនេះហើយ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនសប្បាយចិត្តឡើយ។ លោក សម រង្ស៊ី កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មេធាវីលោក កឹម សុខា ដែលបញ្ចេញព័ត៌មាននេះដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការភ័ន្តច្រឡំ និងដើម្បីបង្វែរការយកចិត្តពីលោក កឹម សុខា នៅក្នុងពន្ធនាគារ។
ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះជាការឆ្លើយតបទៅនឹងមេធាវីរបស់លោក កឹម សុខា គឺលោក មេធាវី ផែង ហេង ដែលបានបញ្ចេញព័ត៌មានក្រោយពីក្រុមមេធាវីទៅជួបលោក កឹម សុខា កាលពីថ្ងៃទី១៩ មករា ថា លោក កឹម សុខា មិនគាំទ្រចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ទេ។ លោកមេធាវីបន្ថែមថា មិនថាចលនាសង្គ្រោះជាតិ ឬចលនាអ្វីទេ គឺលោក កឹម សុខា មិនគាំទ្រទាំងអស់។
លោក សម រង្ស៊ី បន្ថែមថា ដោយហេតុផលសន្តិសុខចំពោះការបង្កើតចលនាថ្មីនេះ ហើយដើម្បីធ្វើការងារនេះឲ្យមានប្រសិទ្ធភាពនោះ លោកបានស្នើឲ្យមេដឹកនាំចលនាសង្គ្រោះជាតិទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្រៅប្រទេស កុំប្រកាសពីការគាំទ្រនេះជាសាធារណៈ ហើយកុំបង្ហាញឈ្មោះផងដែរ។
សូមស្ដាប់បទសម្ភាសន៍ជាមួយលោកមេធាវី ផែង ហេង ជុំវិញបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។