ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា នឹងប្រើវប្បធម៌សន្ទនា ដើម្បីជជែកដោះស្រាយបញ្ហាអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ប៉ុន្តែលោកថា នៅតែជំរុញ និងរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលលើចំណុចខុសឆ្គងមួយចំនួនជុំវិញបញ្ហានេះ។ អ្នកវិភាគបញ្ហាសង្គមយល់ថា វប្បធម៌សន្ទនាអាចគ្មានប្រយោជន៍ បើគេមិនរៀបចំផែនការសកម្មភាពដោះស្រាយបញ្ហាអ្វីមួយឲ្យច្បាស់លាស់។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បង្ហាញពីមោទនភាព និងលទ្ធផលល្អកើតចេញពីវប្បធម៌សន្ទនារវាងលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាកន្លងមក។ ការប្រកាសនេះ គឺនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនជាង ៣០០នាក់ នៅក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសផ្លាស់ប្ដូរតំណែងប្រធានក្រុមការងារបក្សខេត្តនេះ នៅព្រឹកថ្ងៃទី២០ ខែមេសា។
លោក សម រង្ស៊ី ថ្លែងថា បញ្ហាអន្តោប្រវេសន៍ គឺជាអាយុជីវិតរបស់ប្រទេសជាតិក្នុងចំណោមបញ្ហាជាច្រើនទៀតដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា រួមគ្នាដោះស្រាយដោយផ្អែកលើវប្បធម៌សន្ទនាដែលជារបៀបធ្វើការថ្មី និងមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្ដែលោកមិនអាចលាតត្រដាងពីនីតិវិធីដោះស្រាយរឿងជនអន្តោប្រវេសន៍ទាំងអស់បានទេ ព្រោះបញ្ហាខ្លះស្មុគស្មាញត្រូវការពេលវេលាដោះស្រាយយូរ៖ «យើងដឹងអស់ហើយចំពោះបញ្ហាដែលមិនទាន់មានដំណោះស្រាយ ជួនកាលមានសភាពការណ៍ធ្ងន់ធ្ងរៗ គឺមានបញ្ហាអន្តោប្រវេសន៍ហ្នឹង។ ដូច្នេះទោះជាយើងមិនប្រកូកប្រកាសមិនធ្វើក្ដុងក្ដាំងតែនៅក្នុងអារម្មណ៍របស់យើង ហើយនៅក្នុងកម្មវិធីដើម្បីជជែករកដំណោះស្រាយឲ្យសមស្រប។ (ជិន ជេដ្ឋា៖ អាចនឹងមានប្រសិទ្ធភាពទេ ដោយសារតែកន្លងមកមានការរិះគន់ហើយអត់មានចំណាត់ការអ្វី?) ជឿជាក់ព្រោះវប្បធម៌ថ្មី គឺជាទម្លាប់ធ្វើការថ្មីមួយដែលត្រូវតែមានប្រសិទ្ធភាពជាងមុន ព្រោះបើគណបក្សពីររួមធ្វើការជាមួយគ្នាវាខ្លាំងជាងដែលគណបក្សនីមួយៗអាចធ្វើការបានដោយឡែកពីគ្នា»។
ការថ្លែងរបស់លោក សម រង្ស៊ី នេះគឺស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង មានវិធានការរៀបចំផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងឲ្យមានសណ្ដាប់ធ្នាប់ និងរុញចេញឆ្ងាយពីក្រុងកំពង់ឆ្នាំង មុននឹងជម្លៀសអ្នកទាំងនោះឲ្យឡើងមករស់នៅលើគោក។ អាជ្ញាធរខេត្ត និងក្រុងកំពុងស្មុគស្មាញរកទីតាំងឲ្យជនអន្តោប្រវេសន៍ទាំងនោះរស់នៅលើគោកក្នុងទីប្រជុំជន និងក្បែរទន្លេ ដើម្បីបញ្ចៀសការបំពុលទឹកទន្លេ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងស្វាគមន៍ចំពោះជំហររបស់មេដឹកនាំគណបក្សប្រឆាំងនេះ ព្រោះអាចជួយជាគំនិត និងស្វែងរកដំណោះស្រាយល្អថែមទៀតលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះជាយូរមកហើយ។ យ៉ាងណាលោកថា វប្បធម៌សន្ទនាមិនអាចដោះស្រាយបញ្ហាអន្តោប្រវេសន៍បានភ្លាមទេ៖ «យើងសន្ទនាគ្នាបន្ថែមទៀតកាន់តែល្អ ក៏ប៉ុន្តែយើងគិតថា វាមិនអាចសន្ទនាគ្នាហើយចាប់ទៅប្រផាប់ប្រភីងដូចជំនាន់ លន់ នល់ ធ្វើអីហ្នឹងប្រហែលទៅមិនរួចទេ។ លទ្ធផលគឺត្រូវតែគោរពច្បាប់កម្ពុជា ច្បាប់អន្តរជាតិ ហើយមានការគោរពសិទ្ធិមនុស្សផង នេះជារឿងដែលយើងកំពុងធ្វើបច្ចុប្បន្ន»។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ប្រសិនបើវប្បធម៌សន្ទនាប្រែក្លាយជាច្បាប់ ជាគោលនយោបាយ ឬផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហានឹងទទួលបានផ្លែផ្កា។ ប៉ុន្តែប្រសិនបើវប្បធម៌សន្ទនាគ្រាន់តែទៅប្រថាប់ត្រាឲ្យគណបក្សកាន់អំណាច ដើម្បីឲ្យគណបក្សនេះបន្តកាន់អំណាចកាន់តែរឹងមាំ និងបំបិទមាត់អ្នកប្រឆាំងនោះ នឹងមិនទទួលបានផលអ្វីឡើយ៖ «ទោះបីជាយ៉ាងណាក៏ដោយបើសិនជាយើងមានផែនការច្បាស់លាស់ថា រៀបចំដោះស្រាយជនអន្តោប្រវេសន៍ដូចម្ដេច? ទាមទារកោះត្រល់ដូចម្ដេច? ប្រឆាំងអំពើពុករលួយដូចម្ដេច? ឲ្យទៅជាច្បាប់ ឬឲ្យទៅជាផែនការ ហើយមានយន្តការតាមដានត្រួតពិនិត្យត្រឹមត្រូវនូវការអនុវត្តបានអាចទទួលលទ្ធផលចុងក្រោយបាន»។
បច្ចុប្បន្នជនអន្តោប្រវេសន៍វៀតណាម បានតាំងទីលំនៅលើផ្ទៃទឹកបឹងទន្លេសាបស្អេកស្កះ និងនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា តួលេខជនអន្តោប្រវេសន៍ដែលទើបធ្វើជំរឿនថ្មី មានចំនួនមិនដល់ ១សែននាក់ទេ។ តំបន់ដែលជនជាតិវៀតណាម រស់នៅច្រើនជាងគេ គឺនៅឃុំឆ្នុកទ្រូ និងសង្កាត់ផ្សារឆ្នាំង នៃខេត្តកំពង់ឆ្នាំង និងនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
