លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ស្ទឹងមានជ័យ​ចូល​រួម​ធ្វើ​បាតុកម្ម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវ​នាវ​ដល់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ដែល​គាំទ្រ​រូប​លោក អោយ​ចូល​រួម​ទាមទារ​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ។

លោក សម រង្ស៊ី ប្រកាស​បែប​នេះ​នៅ​ក្នុង​ពេល​ដែល​លោក​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ និង​វត្ត​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣៖ «អញ្ញើញ​មក​កាន់​តែច្រើន ជោគជ័យ​របស់​យើង​កាន់​តែធំ។ អ្នក​ណា​ខ្លះ​ចូល​រួម​បាតុកម្ម​អហិង្សា​លើក​ដៃ​មើល? ទាំង​អស់​គ្នាៗៗ»

ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​ប្រមាណ​ជាង ១០០​នាក់​នោះ ក៏​ឃើញ​មាន​ព្រះ​សង្ឃ​ច្រើន​អង្គ​ចូល​រួម​ស្វាគមន៍ លោក សម រង្ស៊ី នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ។

វត្ត​ស្ទឹងមានជ័យ គឺ​ជា​ទី​ដែល​ធ្លាប់​កើត​មាន​អំពើ​ហិង្សា​មួយ​រវាង​ពលរដ្ឋ និង​ព្រះសង្ឃ ជាមួយ​កង​កម្លាំង​សមត្ថកិច្ច​រក្សា​សន្តិសុខ​ក្នុង​ពេល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​កើត​ចេញ​ពី​ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​សង្ស័យ​ថា មាន​ជន​ជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​ឆ្នោត។ ក្នុង​ពេល​នោះ​ដែរ ឡាន ២​គ្រឿង របស់​កងរាជអាវុធហត្ថ​ត្រូវ​ដុត​បំផ្លាញ​នៅ​នឹង​មុខ​វត្ត​នោះ៕