ប្រពន្ធ​លោក ស៊ាង ចែត អនាគត​មេ​ឃុំ​ស្រក​ថ្មី​ប្ដេជ្ញា​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ

0:00 / 0:00

អនាគត​មេ​ឃុំ​ស្រក​ថ្មី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង គឺ​អ្នកស្រី ស្រេង សុខឃឿន ប្រពន្ធ​លោក ស៊ាង ចែត បញ្ជាក់​ថា នឹង​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ មិន​ពុករលួយ មិន​រើសអើង​គណបក្ស​នយោបាយ​ជាដើម។ ការ​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ក្នុង​ឃុំ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ហើយ​ឈាន​ទៅ​ដឹកនាំ​ឃុំ​នៅ​អាណត្តិ​ទី​៤​នេះ។

​អនាគត​មេ​ឃុំ​ស្ត្រី​ថ្មី របស់​គណបក្សប្រឆាំង​នៅ​ឃុំ​ស្រក ប្រកាន់​ជំហរ​ថា នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម។ ក្រៅ​ពី​នេះ អ្នកស្រី​ប្ដេជ្ញា​ប្រកាន់​គោលការណ៍​មិន​ពុករលួយ និង​គិតគូរ​ប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​ធំ។ ការងារ​ដែល​អ្នកស្រី​ត្រូវ​ដឹកនាំ​ឃុំ​ក្នុង​ការ​អភិវឌ្ឍ និង​បម្រើ​ពលរដ្ឋ​នោះ ដូចជា​ការងារ​បម្រើ​សេវា​សាធារណៈ ការ​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ និង​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ភូមិ​ឃុំ​ជាដើម។

​និយាយ​ដោយ​សម្ដី​មួយៗ ទឹក​មុខ​ស្រស់ បេក្ខជន​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនាគត​មេឃុំ​ស្រក អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ថា អ្នកស្រី​រីករាយ​ចំពោះ​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ដោយ​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​រហូត​ទទួល​បាន​ជោគជ័យ។ អ្នកស្រី​ថា នឹង​បំពេញការងារ​ជា​មេ​ឃុំ​ថ្មី​ឱ្យ​ល្អ​ប្រសើរ​ដូច​ប្ដី​របស់​ខ្លួន គឺ​លោក ស៊ាង ចែត ដែល​ជា​អតីត​មេឃុំ​អាណត្តិ​ទី​៣ ដោយ​មិន​ពុករលួយ មិន​រើសអើង និង​មិន​រត់​ចោល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឡើយ បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​យ៉ាង​ណា​ក្ដី៖ «ប្ដេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​ពេល​គ្រប់​ម៉ោង មិន​ថា​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ មិន​ថា​បក្ស​នេះ ឬ​បក្ស​នោះ»

​អ្នកស្រី ស្រេង សុខឃឿន មាន​វ័យ ៤៣​ឆ្នាំ រស់​នៅ​ក្នុង​ត្រកូល​កសិករ​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក ស្រុក​កំពង់សៀម។ កាល​ពី​វ័យ​ជំទង់ ដោយសារ​គ្រួសារ​មាន​ជីវភាព​លំបាក ទើប​អ្នកស្រី​សម្រេច​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ នា​ទសវត្សរ៍ ឆ្នាំ​១៩៨០។ ក្រោយ​មក​អ្នកស្រី​បាន​រៀបការ​ជាមួយ​លោក ស៊ាង ចែត នៅ​ឆ្នាំ​១៩៨៩ ហើយ​បច្ចុប្បន្ន​ពួកគាត់​មាន​កូន​ចំនួន ៥​នាក់ សុទ្ធតែ​ប្រុស។

អនាគត​មេ​ឃុំ​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ខាង​គណបក្ស​រៀបចំ​ដាក់​ជា​បេក្ខនារី​លេខ​រៀង​ទី​១ នៅ​ឃុំ​ស្រក ជំនួស​ស្វាមី ពីព្រោះ​ប្ដី​អ្នកស្រី​ត្រូវ​បាន​ខកខាន​ក្នុង​ការ​ចុះឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​អាណត្តិ​ទី​៤ ដោយសារ​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ដែល​គេ​សង្ស័យ​ថា របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ទាក់ទិន​រឿង​ប្រាក់​ប្រមាណ ២​លាន​រៀល បម្រុង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នាង ស្រីមុំ ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​សមគំនិត​សូកប៉ាន់​សាក្សី។

សកម្មភាព​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna
សកម្មភាព​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna (RFA/Saut Sokprathna)

រយៈពេល​ជាង ៧​ខែ ដែល​លោក ស៊ាង ចែត ជាប់​ឃុំ អ្នកស្រី ស្រេង សុខឃឿន ត្រូវ​ដើរ​តួនាទី​ជា​ប្ដី​ផង និង​ជា​ប្រពន្ធ​ផង​នៅ​ក្នុង​គ្រួសារ។ មិនតែប៉ុណ្ណោះ អ្នកស្រី​ត្រូវ​មើលថែ​ឪពុក​ម្ដាយ​ចាស់ៗ នៅ​ក្នុង​បន្ទុក ហើយ​ត្រូវ​បែងចែក​ការងារ​ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ និង​ផ្គត់ផ្គង់​ប្ដី​ដែល​ជាប់​គុក​ពេល​នោះ​ផង។

ក្រោយ​ពេល​ប្ដី​អ្នកស្រី​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ គ្រួសារ​គាត់​បាន​ប្រសើរ​ឡើង​វិញ ហើយ​លោក ស៊ាង ចែត ក៏​បាន​ចូល​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ដូច​ដើម​វិញ​ដែរ។

ពលរដ្ឋ​នៅ​ភូមិ​ល្ពាក មួយ​រូប លោក ហែម ស៊ាងប៊ុនណារី រីករាយ​ក្រោយ​ពេល​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា នៅ​ឃុំ​របស់​លោក គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ហើយ​ប្រពន្ធ​លោក ស៊ាង ចែត នឹង​ដឹកនាំ​ជា​មេ​ឃុំ​នោះ។ លោក​បន្ត​ថា ការ​បោះឆ្នោត​គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​សម្រាប់​ដឹកនាំ​មូលដ្ឋាន​ឱ្យ​រីកចម្រើន និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ៖ «នេះ​ជា​លទ្ធផល​ដែល​ពួក​យើង​អាច​ទទួល​យក​បាន ហើយ​ប្រជាពលរដ្ឋ​ច្រើន​ប្រហែល​ជា​ដូច​ខ្ញុំ​ដែរ គឺ​គាត់​សប្បាយ​ចិត្ត​រីករាយ​ណាស់​ដែល​ឃើញ​លទ្ធផល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដូច្នេះ។ ការ​ដឹកនាំ​របស់​គាត់​កន្លង​មក គឺ​ជា​លទ្ធផល​ប្រជាជន​យើង​ទាំង​អស់​គ្នា​ទទួល​យក​បាន»

​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ លើ​គណបក្ស​ប្រជាជន​កម្ពុជា ជិត ៤០០​សំឡេង ហើយ​ពលរដ្ឋ​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​គឺ​មាន​ជាង ៤០០​នាក់​ទៀត។

​មិន​ខុសគ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី កែវ ស៊ឹម បញ្ជាក់​ថា គាត់​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​មាន​មន្ត្រី​ចិត្ត​ស មិន​មែន​ចិត្ត​ខ្មៅ ហើយ​អ្នកស្រី​មិន​ខ្លាច​ឡើយ​ចំពោះ​ការ​គំរាម​រឿង​សង្គ្រាម​កន្លង​មក។ អ្នកស្រី​ចង់​ឱ្យ​មេ​ឃុំ​ថ្មី ជួយ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​រីកចម្រើន និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង៖ «ជួយ​បម្រើ​នៅ​ក្នុង​ភូមិ​ឃុំ​ឱ្យ​បាន​រីកចម្រើន ដូចជា​ស្រូវ​អង្ករ​ឱ្យ​បាន​ឡើង​ថ្លៃ ហើយ​សាំង​ជី​ឱ្យ​ចុះ​ថ្លៃ»

ឃុំ​ស្រក មាន​ភូមិ​ចំនួន​៤ មាន​ពលរដ្ឋ​ជាង ៧​ពាន់​នាក់ គិត​ជា​គ្រួសារ​ប្រមាណ ២​ពាន់​គ្រួសារ។ ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ ស្ទើរ​តែ​ទាំង​អស់​ជា​កសិករ ធ្វើ​ស្រែ​និង​ចម្ការ។

ប្ដី​អ្នកស្រី ស្រេង សុខឃឿន គឺ​លោក ស៊ាង ចែត មាន​ប្រសាសន៍​ថា លោក​នឹង​ជួយ​សហការ​ពន្យល់​កិច្ចការ​ដល់​ប្រពន្ធ​ទាំង​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​ចំពោះ​ការងារ​រដ្ឋបាល​មួយ​ចំនួន។ លោក ស៊ាង ចែត ក៏​មាន​ក្តី​បារម្ភ​ខ្លះ​ដែរ ពីព្រោះ​ប្រពន្ធ​លោក​នៅ​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់​លើ​ការងារ​ទាំង​នោះ ហើយ​ក៏​មិន​ទាន់​យល់​ដឹង​ពី​នីតិវិធី​រដ្ឋបាល​គ្រប់គ្រង​ឃុំ​របស់​ខ្លួន​ឡើយ។ យ៉ាង​នេះ​ក្តី លោក​សង្ឃឹម​ថា ប្រពន្ធ​របស់​លោក​នឹង​បំពេញ​ការងារ​ជូន​ពលរដ្ឋ​បាន​ល្អ ប្រសិនបើ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​អស់៖ «ខ្ញុំ​នឹង​ជួយ​បង្រៀន​គាត់​ទៅ​នឹង​បញ្ហា​ផ្លូវច្បាប់ ប្រសិនបើ​ករណី​ណា​ដែល​គាត់​នឹង​មក​ពិភាក្សា​គ្នា​អី​ហ្នឹង គេ​មិន​ទាន់​ឱ្យ​គាត់​ស៊ីញ៉េ ឬ​ក្រុមប្រឹក្សា​ឃុំ​មិន​ទាន់​អី ពិភាក្សា​គ្នា​ទៅ​ឱ្យ​រលូន​ទៅ ខ្ញុំ​គិត​ថា គាត់​ធ្វើ​បាន​ល្អ​ហើយ»

កាល​ពី​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ក្នុង​ចំណោម​ឃុំ​ចំនួន ១៥ នៅ​ស្រុក​កំពង់សៀម គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដឹកនាំ​ឃុំ​ចំនួន ១៤​ឃុំ ហើយ​គណបក្ស សម រង្ស៊ី ពេល​នោះ​ឈ្នះ​បាន​តែ​ឃុំ​ស្រក មួយ​ប៉ុណ្ណោះ។

ចំណែក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៤ វិញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​នឹង​ដឹកនាំ​ឃុំ​បាន​ចំនួន​៩ ហើយ​គណបក្ស​កាន់​អំណាច​ឈ្នះ​បាន​ចំនួន ៥​ឃុំ​ប៉ុណ្ណោះ។

លេខាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក ថាន សុរិទ្ធ អះអាង​ថា ខាង​គណបក្ស​នឹង​ជួយ​ជ្រោមជ្រែង​ការងារ និង​ណែនាំ​ដល់​មន្ត្រី​ឃុំ​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ដឹកនាំ​ឃុំ​ថ្មី ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ឱ្យ​រីកចម្រើន៖ «ជា​ធម្មតា​គោលការណ៍​របស់​គណបក្ស​គឺ​យើង​មាន​រួច​ទៅ​ហើយ គាំទ្រ​មេ​ឃុំ មិន​ថា​ជា​ស្ត្រី ឬ​បុរស​ទេ។ ប៉ុន្តែ​សំដៅ​សំខាន់​បំផុត​គឺ​ស្ត្រី​ហ្នឹង»

លោក​បញ្ជាក់​ថា ប្រសិនបើ​លោក ស៊ាង ចែត នៅ​តែ​មាន​បំណង​ចង់​ដឹកនាំ​ឃុំ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​ខាង​គណបក្ស​នឹង​រៀបចំ​បញ្ជី​ថ្មី ដើម្បី​ដាក់បញ្ចូល​គាត់​វិញ នៅ​ពេល​ដែល​លោក ស៊ាង ចែត មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជា​ផ្លូវ​ការ។ ប៉ុន្តែ​ប្រសិនបើ​គាត់​គិត​ថា ប្រពន្ធ​អាច​ដឹក​នាំ ឬ​ធ្វើ​ការងារ​ឃុំ​បាន លោក ស៊ាង ចែត ក៏​អាច​សម្រេច​រក​តំណែង​ថ្មី​​នៅ​ក្នុង​គណបក្ស ហើយ​គណបក្ស​នឹង​សម្រេច​តាម​ការ​យល់​ឃើញ​របស់​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។