ជំទប់​ទី​២​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​បារម្ភ​ខ្លាច​បាត់​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ស្រុក

0:00 / 0:00

ជំទប់​ទី​២​មក​ពី​គណបក្ស សម រង្ស៊ី ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សំឡេង​សន្លឹក​ឆ្នោត​របស់​ខ្លួន ខ្លាច​បាត់​សិទ្ធិ​មិន​បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ខាង​មុខ។

ក្ដី​បារម្ភ​នេះ ដោយសារ​សំណុំ​រឿង​របស់​ជំទប់​ទី​២ ដែល​ជាប់​សង្ស័យ​លើ​ករណី​បាត់​ដែក​មណ្ឌលសុខភាព ជាង ១០​សរសៃ ត្រូវ​បញ្ជូន​ដល់​តុលាការ។ ប៉ុន្តែ អធិការ​ស្រុក​បញ្ជាក់​ថា ការ​បញ្ជូន​សំណុំ​រឿង​របស់​ជំទប់​ទី​២​ដល់​តុលាការ ពុំ​មាន​ការ​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​នោះ​ទេ។

ជំទប់​ទី​២​មក​ពី​គណបក្ស សម រង្ស៊ី ចាត់​ទុក​ថា សំណុំ​រឿង​ប្ដឹង​លោក​នោះ​ហាក់​មាន​ភាព​អយុត្តិធម៌ និង​មួលបង្កាច់ ដោយសារ​សម្លឹង​ឃើញ​លោក​ជា​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​មួយ​រូប ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក​នា​ពេល​ខាង​មុខ។

ជំទប់​ទី​២​ឃុំ​ច្រេស លោក ឯក សារិន ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ មីនា ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក ថា​ជា​ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​បាត់​ដែក​ទំហំ ១៦​លី ប្រមាណ​ជាង ១០​សរសៃ ដែល​ដោះស្រាយ​មិន​ចេញ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ដល់​តុលាការ​ថា​ជា​រឿង​នយោបាយ។

លោក ឯក សារិន បញ្ជាក់​ថា លោក​គ្មាន​គោល​បំណង​យក​ដែក​ដែល​បាត់​នោះ​មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «បាទ! ក្រែងលោ​គេ​ធ្វើ​មិន​ឲ្យ​យើង​បោះ​ឆ្នោត​បាន​ថ្ងៃ​ខាង​មុខ​ហ្នឹង ហើយ​ឬ​ក៏​គេ​ឲ្យ​តុលាការ​អី។ អា​នេះ​វា​អំណាច​លើ​គេ ដើម្បី​ឲ្យ​តុលាការ​រក​ឃើញ​កំហុស​ខុស​ឆ្គង​ឲ្យ​យើង​ជាប់​ពន្ធនាគារ​អី ឬ​ក៏​ដល់​ពេល​ជិត​ថ្ងៃ​បោះ​ឆ្នោត គេ​ហៅ​យើង​ឃុំ​អី​នាយ​អាយ ឲ្យ​យើង​បោះ​ឆ្នោត​មិន​បាន។ វា​បាត់​មួយ​សំឡេងៗ​គឺ​វា​មួយ​កៅអី​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ស្រុក​ចន្ទ្រា លោក សូរ ស៊ីថន មាន​ប្រសាសន៍​ថា សំណុំ​រឿង​របស់​ជំទប់​ទី​២​នេះ ពុំ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​ផ្នែក​នយោបាយ​នោះ​ទេ។ ហើយ​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​វត្ថុ​តាង មាន​ដែក​ទំហំ ១៦​លី​មួយ​សរសៃ និង​បំពង់​ទីប ២​ដើម ដែល​សមត្ថកិច្ច​ប្រទះ​ឃើញ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​ជន​សង្ស័យ។

លោក​ថា ជំទប់​ទី​២​ដែល​ជា​ជន​សង្ស័យ បាន​ឆ្លើយ​បដិសេធ​ពុំ​ទទួល​យក​តាម​ការ​ចោទ​ប្រកាន់ ទើប​សម្រេច​ចិត្ត​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៖ «បាទ! ចេះ​រឿង​គាត់​ហ្នឹង គាត់​បដិសេធ​ថា​គាត់​អត់​បាន​ប្រព្រឹត្ត ប៉ុន្តែ​ដល់​សម្ភារៈ​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​របង​របស់​គាត់។ ដល់​មាន​អា​ស្នាម​អី​អូស​កាត់​អូស​អី​ហ្នឹង គឺ​កាត់​ផ្ទះ​គាត់​ហ្នឹង​តែ​ហ្មង​បាទ! ដល់​ទៅ គាត់​ថា​មិន​បាន​ប្រព្រឹត្ត​ទេ។ ដល់​អ៊ីចឹង រឿង​អត់​ចប់ បញ្ជូន​ឡើង​មក​ស្នងការ​មក ស្នងការ​ក៏​គាត់​បញ្ជូន​ឡើង​មក​តុលាការ​ទៀត។ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​អី​ខ្ញុំ​បញ្ជូន​បាន​ត្រឹម​តែ​ស្នងការ ការិយាល័យ​ជំនាញ​គេ​បាទ!»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​ជា​អ្នក​តាម​ដាន​លើ​សំណុំ​រឿង​នេះ លោក នុត ប៊ូពិណារ័ត្ន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​មក​លើ​ជំទប់​ទី​២ ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បញ្ហា​នេះ​បើ​ជា​ជន​សង្ស័យ​មែន​នោះ គេ​មិន​អាច​យក​ដែក​ទៅ​ដាក់​នៅ​លើ​ដី​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​បាន​ឡើយ។

លោក នុត ប៊ូពិណារ័ត្ន គូស​បញ្ជាក់​ថា បញ្ហា​នេះ គឺ​ជា​រឿង​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​ជន​សង្ស័យ​ជា​ជំទប់​ទី​២ ដែល​ជា​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង៖ «មិន​មាន​ចំណុច​ណា​មួយ​បញ្ជាក់​ថា ឯក សារិន គាត់​អ្នក​យក​ដែក​ហ្នឹង​ទៅ​ទុក​នៅ​ភូមិ​ក្រោយ​ភូមិ​គាត់​អ៊ីចឹង​សោះ។ បើ​គាត់​មាន​មែន​ក៏​គាត់​មិន​ដែល​ទៅ​ទុក​នឹង​ផ្ទះ​ភូមិ​ខ្លួន​ឯង​អ៊ីចឹង​ទេ​ណាស់! ហើយ​យើង​ពិនិត្យ​ជាក់​ស្ដែង ខ្ញុំ​ថា​នេះ​ជា​មួយ​ពាក់ព័ន្ធ​រឿង​និន្នាការ​នយោបាយ ពាក់ព័ន្ធ​ការ​រើស​អើង​នយោបាយ។ ប្រសិន​ជា លោក ឯក សារិន ហ្នឹង​មិន​មែន​ជា​ក្រុម​ប្រឹក្សា​ឃុំ​របស់​កូតា​គណបក្ស សម រង្ស៊ី ទេ ខ្ញុំ​ថា​រឿង​នេះ​ក៏​មិន​មាន​ការ​ចោទ​ប្រកាន់​រហូត​មក​ដល់​ពេល​នេះ​ដែរ»

ដែក​ទំហំ ១៦​លី​ចំនួន​ជាង ១០​សរសៃ និង​គ្រឿង​សំណង់ សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ឃុំ​ច្រេស ស្រុក​ចន្ទ្រា ត្រូវ​ចោរ​លួច​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣។ ក្នុង​នោះ ដែក​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​ប្រទះ​ឃើញ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​ជំទប់​ទី​២។ ក្រោយ​មក ជំទប់​ទី​២ ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​កោះ​ហៅ​ទៅ​សាកសួរ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ថា ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។