នៅឯខេត្តរតនគិរី ការចុះឈ្មោះប្រជាពលរដ្ឋតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗនៅតាមឃុំ សង្កាត់ កំពុងប្រព្រឹត្តទៅក្រោមការចាត់ចែងរបស់ក្រុមការងារចុះឈ្មោះបោះឆ្នោត និងក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការណ៍គណបក្សនយោបាយនានា នៅមូលដ្ឋាន។ ការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួនបានប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងអញ្ជើញមកបោះឆ្នោត។
នេះជាការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងនៅការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ខណៈប្រជាពលរដ្ឋច្រើនបង្គួរបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា។
នៅតាមរបងបរិវេណសាលាសង្កាត់នេះឃើញមានបដាពណ៌លឿងពីរផ្ទាំងសរសេរអក្សរធំៗផ្សព្វផ្សាយកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោត និងណែនាំឲ្យប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
ការចងបដាពណ៌លឿងនេះមាននៅគ្រប់ការិយាល័យបោះឆ្នោតតាមបណ្ដាឃុំ សង្កាត់ ទូទាំងខេត្តរតនគិរី។ លើសពីនោះទៀត របៀបរបបចាត់ចែងសណ្ដាប់ធ្នាប់ និងការរៀបចំចុះឈ្មោះបោះឆ្នោតនៅមានភាពប្រហាក់ប្រហែលគ្នាការិយាល័យខ្លះរៀបចំបានល្អច្រើន ខ្លះមានចំណុចខ្វះខាតបន្តិចបន្តួច។
នៅការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់បឹងកន្សែង ក្រុមការងារចុះឈ្មោះបោះឆ្នោត និងមន្ត្រីសង្កាត់ រៀបចំឲ្យអ្នកមកបោះឆ្នោតកាន់ប័ណ្ណចុះលេខរៀងតាមលំដាប់អ្នកមកមុន និងអ្នកមកបន្តបន្ទាប់ដោយមានឧបករណ៍បំពងសំឡេងហៅលេខប័ណ្ណម្ដងម្នាក់ឲ្យចូលទៅចុះឈ្មោះបោះឆ្នោត។
ការិយាល័យចុះឈ្មោះបោះឆ្នោតភាគច្រើនមិនមានប្រជាពលរដ្ឋមកចុះឈ្មោះកុះករនោះទេ ក្រុមមន្ត្រីរៀបចំចុះឈ្មោះមិនសូវមមាញឹកក្នុងការរៀបចំសណ្ដាប់ធ្នាប់អ្នកមកចុះឈ្មោះនោះឡើយ។
ប្រជាពលរដ្ឋភាគច្រើនចាត់ទុកការចុះឈ្មោះតាមប្រព័ន្ធទំនើបអាចជឿទុកចិត្តបានច្រើនថា នឹងធ្វើបានប្រសើរចំពោះទិន្នន័យចុះឈ្មោះពេលនេះ។ លើសពីនោះទៀត ក្រុមអ្នកមកចុះឈ្មោះទាំងនោះសម្ដែងការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារចុះឈ្មោះបោះឆ្នោត និងមន្ត្រីឃុំ សង្កាត់ ដែលចូលរួមរៀបចំកន្លែងចុះឈ្មោះបានប្រសើរច្រើន៖ «ខ្ញុំឈ្មោះ ប្រាក់ ចន្ថា នៅភូមិពីរ មើលទៅរៀបចំបានល្អ មកមុនចុះមុន មកក្រោយចុះក្រោយ។ លើកនេះស្រួល ឃើញប៉ុណ្ណឹងខ្ញុំទុកចិត្ត។ មានអារម្មណ៍ថា ចូលមកអត់ចាំយូរទេ ហើយអ្នកធ្វើការចាំស្វាគមន៍។ មានកុំព្យូទ័រ អ៊ីចឹងទំនើប»។
ចំណែកលេខាគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ខេត្តរតនគិរី លោក ជួន ភិនដារ៉ាកត់ សំគាល់ថា រយៈពេលពីរថ្ងៃដំបូងនេះមានបញ្ហាអសកម្មខ្លះកើតមាន ខណៈប្រជាពលរដ្ឋនៅការិយាល័យមួយចំនួននាំគ្នាច្រើនមកចុះឈ្មោះក្នុងពេលតែមួយធ្វើឲ្យក្រុមចុះឈ្មោះធ្វើការមិនទាន់។ ការិយាល័យខ្លះមិនបានតម្រង់ជួរធ្វើឲ្យការចុះឈ្មោះមិនមានសណ្ដាប់ធ្នាប់ល្អ។ មន្ត្រីការិយាល័យខ្លះយឺតយ៉ាវបើកការិយាល័យមិនទាន់ម៉ោងកំណត់។ ប្រធានការិយាល័យខ្លះខកខានពិនិត្យប័ណ្ណសំគាល់សិទ្ធិចុះឈ្មោះ។ ប្រធានការិយាល័យបោះឆ្នោតខ្លះអវត្តមានមិនមានអ្នកជំនួស។ អ៊ីនធឺណិត (Internet) និងកុំព្យូទ័រ មានបញ្ហា។ ការីកុំព្យូទ័រ មិនណែនាំឲ្យអ្នកចុះឈ្មោះពិនិត្យអត្តសញ្ញាណនៅលើអេក្រង់កុំព្យូទ័រជាដើម។ លើសពីនេះ មានប្រជាពលរដ្ឋមួយចំនួនហាក់ដូចទទួលបានព័ត៌មានមិនគ្រប់គ្រាន់ទាក់ទិនលិខិតឯកសារពាក់ព័ន្ធអត្តសញ្ញាណចុះឈ្មោះបោះឆ្នោតដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះមិនមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវដើម្បីទទួលបានសិទ្ធិចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោក ជួន ភិនដារ៉ាកត់៖ «ភាពមិនប្រក្រតីក្នុងពេលចុះឈ្មោះបោះឆ្នោតយើងរកឃើញច្រើនករណី។ ដើម្បីឲ្យបានប្រសើរជាងនេះ គណៈកម្មការគួរបង្កើនការផ្សព្វផ្សាយទៅដល់មូលដ្ឋានឲ្យប្រជាពលរដ្ឋគាត់បានដឹង ព្រោះគាត់នៅមន្ទិលថា តើឯកសារអ្វីត្រូវយកមកចុះឈ្មោះបោះឆ្នោតឆ្នាំនេះ»។
តួលេខបណ្ដោះអាសន្នរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី ការចុះឈ្មោះបោះឆ្នោតពីរថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៤ពាន់នាក់ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង ៩ម៉ឺននាក់ បានមកចុះឈ្មោះបោះឆ្នោត។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី លោក អៀម អឿន បញ្ជាក់ថា ភ្នាក់ងារសង្កេតការណ៍គណបក្សសង្គ្រោះជាតិ មានប្រមាណជាង ៣០ការិយាល័យក្នុងចំនួនឃុំ សង្កាត់ចំនួន៥០ ហេតុនេះលោកមិនទាន់ទទួលព័ត៌មានជាក់លាក់អាចវាយតម្លៃពីការចុះឈ្មោះបោះឆ្នោតពីរថ្ងៃបានយ៉ាងណានៅឡើយ៖ «ខ្ញុំអត់ទាន់ហ៊ានសន្មតទេ ឃុំខ្លះមានភ្នាក់ងារ ឃុំខ្លះអត់អ៊ីចឹងណា! យើងពិបាកយក។ ឃុំខ្លះមានហើយវាយឺតយ៉ាវ»។
ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ធូ រ៉ុង ថ្លែងថា ដំណើរចុះឈ្មោះបោះឆ្នោតនៅថ្ងៃទីពីរ បានប្រសើរជាងថ្ងៃទី១ ដោយសារក្រុមការងារចុះឈ្មោះបោះឆ្នោតបានយល់ច្រើនពីរបៀបធ្វើការងារ។ លើសពីនោះ បញ្ហាបច្ចេកទេសកុំព្យូទ័រ ក៏បានកែសម្រួលបានប្រសើរ។ លោកបដិសេធថា មិនទាន់មានរបាយការណ៍ទាក់ទិនបញ្ហាអសកម្មផ្សេងទៀតនៅឡើយ៖ «ស្ថានភាពថ្ងៃទី២ ល្អជាងថ្ងៃទី១ ដោយសារការីកុំព្យូទ័រមានការយល់ដឹងកាន់តែច្រើនក្នុងការងារ។ ភាពអសកម្មកុំព្យូទ័រសម្រាប់ថ្ងៃទី២ អត់មានផង»។
ប្រតិទិនកំណត់ថ្ងៃចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានរយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្រាប់ពលរដ្ឋមានគ្រប់អាយុ ១៨ឆ្នាំ ជាង ៩លាននាក់នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។