របាយការណ៍របស់ស្ថានទូតថៃ បង្ហាញថា ការនាំចេញចូលទំនិញរវាងប្រទេសកម្ពុជា-ថៃ បានកើនឡើងជាង ២០% ដែលមានតម្លៃទឹកប្រាក់ប្រមាណ ២.៣០០លានដុល្លារអាមេរិក នៅត្រីមាសទីមួយ នៅឆ្នាំ២០១៣។
ប្រជាពលរដ្ឋដែលរស់នៅច្រកទ្វារប៉ោយប៉ែត ភាគច្រើនប្រកបរបរជាអ្នកអូសរទេះដឹកទំនិញពីទឹកដីថៃ មកកម្ពុជា មិនព្រួយបារម្ភអំពីបញ្ហានយោបាយកំពុងកើតឡើងនៅក្នុងប្រទេសឡើយ។ ប្រជាពលរដ្ឋទាំងនោះចាប់អារម្មណ៍លើមុខរបរចិញ្ចឹមជីវិត គឺជារឿងសំខាន់។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋជាច្រើនពីខេត្តផ្សេងៗ បានផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅប្រកបរបរចិញ្ចឹមជីវិត នៅតំបន់ច្រកទ្វារប៉ោយប៉ែត ដែលស្ថិតនៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ យិន យេង បានឲ្យដឹងថា សកម្មភាពដឹកទំនិញ និងការប្រកបរបរផ្សេងៗនៅតំបន់នេះ នៅតែមានសកម្មភាពផុលផុសខ្លាំងរៀងរាល់ថ្ងៃ។ ក្រៅពីការដឹកទំនិញ ក៏មានពលករចំណាកស្រុកទៅរកការងារនៅប្រទេសថៃ ហើយក្នុងចំណោមពលករទាំងនោះ ពលករខ្លះត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា វិញដែរ។ លោកបន្ថែមថា កម្មករដែលចូលទៅដឹកទំនិញនៅតាមច្រកទ្វារប៉ោយប៉ែត ពីទឹកដីថៃ មានភាពមមាញឹកលើការងាររបស់គេ ហើយពួកគេទាំងនោះមិនខ្វល់ពីបញ្ហានយោបាយឡើយ៖ «បាទ! នៅរកបានធម្មតា។ និយាយរួម នៅហ្នឹងគ្មានអ្នកណានិយាយពីនយោបាយ ម្នាក់ៗគេប្រឹងរក ព្រោះថានៅព្រំដែន វាអត់មានជ្រួលច្របល់»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ រឿន ក៏បានអះអាងស្រដៀងគ្នានេះដែរថា នៅតំបន់ច្រកទ្វារប៉ោយប៉ែត នេះ ប្រជាពលរដ្ឋគ្រប់គ្នាប្រឹងប្រែងរកចំណូលសម្រាប់ចិញ្ចឹមជីវិត។ សកម្មភាពដឹកទំនិញតាមរថយន្តធំៗ និងការដឹកទំនិញតាមរទេះ មានសកម្មភាពមិនដែលដាច់ឡើយនៅតំបន់ច្រកទ្វារព្រំដែន។ លោក រឿន បានបន្ថែមថា នៅទីនេះមានឱកាសអាចរកចំណូលបានច្រើនជាងតំបន់ដទៃ ដែលគាត់អាចរកចំណូលបានប្រមាណ ៣ម៉ឺនរៀល ពីការដឹកភ្ញៀវ។
អ្នករត់រ៉ឺម៉កម៉ូតូកង់បី នៅតំបន់ច្រកទ្វារប៉ោយប៉ែត លោក ទៀ គុណសម្បត្តិ បានឲ្យដឹងថា បញ្ហានយោបាយបច្ចុប្បន្ន មិនជះឥទ្ធិពលអាក្រក់ដល់ការរកចំណូលប្រចាំថ្ងៃរបស់គាត់ឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យចំណូលរបស់គាត់ធ្លាក់ចុះ គឺបញ្ហាការផាកពិន័យរបស់មន្ត្រីត្រួតពិនិត្យទំនិញតាមព្រំដែន៖ «មួយចំនួនតឹង យើងអូស គេចាប់អីវ៉ាន់។ ដូចជា យើងអូសបាន ១០០កេសអ៊ីចឹង គេយក ៧០ ឬ ៨០បាត»។
បន្ថែមលើបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ លោក ម៉ានីត គង់ បានសង្កេតឃើញថា សកម្មភាពដឹករទេះ និងមុខរបរតូចតាចនៅតាមច្រកទ្វារព្រំដែន មានស្ថានភាពល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋមួយចំនួនបាននិយាយអំពីបញ្ហានយោបាយ ដែលកើតឡើងនៅរាជធានីភ្នំពេញ ដែរ៖ «ព្រួយបារម្ភខ្លាចមានសង្គ្រាមមានអីអ៊ីចឹងទៅ។ ខាងសមាជិកអូសរទេះ ម៉ូតូឌុប មានការភ័យខ្លាច»។
លោក ម៉ានីត គង់ បានបន្ថែមថា បញ្ហានេះនឹងមិនប៉ះពាល់ផ្ទាល់ដល់សកម្មភាពរកចំណូលរបស់កម្មករឡើយ។ បច្ចុប្បន្ន កម្មករអាចរកប្រាក់បានប្រចាំថ្ងៃប្រមាណ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់ចិញ្ចឹមជីវិតពីការកើនឡើងនៃការធ្វើពាណិជ្ជកម្មកម្ពុជា និងថៃ។
យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលនានានៅខេត្តបន្ទាយមានជ័យ ក៏បានសង្កេតឃើញថា ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ តែងតែជជែកអំពីបញ្ហានយោបាយ ប៉ុន្តែបញ្ហានយោបាយនេះ មិនប៉ះពាល់ដល់សកម្មភាពអាជីវកម្ម ការវិនិយោគ ឬការប្រកបរបររបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប៉ោយប៉ែត នោះឡើយ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គា បានឲ្យដឹងថា តាមការសង្កេតកន្លងមក ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភអំពីដំណឹងដែលគាត់ទទួលបាន ថាមានការចល័តកងទ័ពនៅភ្នំពេញ ដែលគាត់បារម្ភពីការបង្កឲ្យមានសង្គ្រាមកើតឡើង៖ «ទ័ពចល័ត មានរថក្រោះ សព្វាវុធ ចូលក្នុងទីក្រុង គាត់មានការព្រួយបារម្ភ គាត់មានការភ័យខ្លាច។ ប៉ុន្តែ ទាក់ទងនឹងការប្រឈមមុខថានឹងអាចរាលដាលដល់គាត់ គាត់បានប្រាប់យើងថា វាមិនអាចទៅដល់ផ្ទះគាត់បានទេ»។
លោក ស៊ុម ចាន់គា បន្ថែមទៀតថា ការចរាចរណ៍ទំនិញវិញ នៅតែមានសកម្មភាពដោះដូរច្រើន និងចំនួនភ្ញៀវទេសចរឆ្លងកាត់ព្រំដែន នៅតែមានសកម្មភាពច្រើនគួរឲ្យកត់សម្គាល់។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ បានបង្ហាញថា ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនឡើងរៀងរាល់ឆ្នាំ។ ការដោះដូរពាណិជ្ជកម្មដែលកម្ពុជា នាំចេញទៅប្រទេសថៃ ភាគច្រើន គឺផ្ដោតលើផលិតផលកសិកម្ម រួមមាន អង្ករ ពោត ដំឡូងមី សណ្ដែក ផលិតផលនេសាទ និងខោអាវជជុះជាដើម។ ផ្ទុយទៅវិញ ការនាំចូលទំនិញពីប្រទេសថៃ មកវិញ ភាគច្រើនជាផលិតផលសម្រេច ដូចជាប្រេងឥន្ធនៈ ជីកសិកម្ម ស៊ីម៉ងត៍ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បន្លែផ្លែឈើ និងគ្រឿងសម្អាង ជាដើម។
របាយការណ៍ដដែលបានបង្ហាញថា នៅត្រីមាសទីមួយប្រចាំឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញទៅថៃ បានកើនឡើងប្រមាណ ២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជា មានចំណែកតូចនៅឡើយ បើធៀបនឹងទំហំនាំចូលទំនិញពីប្រទេសថៃ។
របាយការណ៍របស់ស្ថានទូតថៃ ប្រចាំកម្ពុជា បានបង្ហាញថា នៅរយៈពេល ៦ខែដំបូងឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញផលិតផលទៅប្រទេសថៃ គិតជាទឹកប្រាក់សរុបប្រមាណជាង ១៦២លានដុល្លារអាមេរិក ប៉ុន្តែ ទំហំទឹកប្រាក់នាំចេញរបស់ថៃ មកកម្ពុជា វិញ មានប្រមាណ ២.៣០០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
