កិច្ច​ប្រជុំ​ស្ដីពី​ប្រាក់​ឈ្នួល​លើ​វិស័យ​វាយនភណ្ឌ​មិន​ចុះ​សម្រុង​គ្នា

0:00 / 0:00

កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ត្រីភាគី​ចូលរួម មក​ពី​ខាង​រដ្ឋាភិបាល សហជីព​តំណាង​ថៅកែ​រោងចក្រ សហជីព​តំណាង​កម្មករ​និយោជិក និង​សហជីព​ដែល​អះអាង​ថា​ស្វែងរក​ផលប្រយោជន៍​ជូន​កម្មករ ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា លើ​វិស័យ​វាយនភណ្ឌ​រោងចក្រ​កាត់ដេរ បន្ត​ខ្វែង​គំនិត​គ្នា។

ខាង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល និង សហជីព​ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល ដែល​តំណាង​ឲ្យ​កម្មករ និង តំណាង​ឲ្យ​និយោជក​សម្រេច​យក​ខែ មករា ឆ្នាំ២០១៥ ជា​ថ្ងៃ​ចូល​ជា​ធរមាន នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​និយោជិក។ ប៉ុន្តែ​សហជីព​ដែល​សកម្ម​ក្នុង​ការ​តវ៉ា រឿង​ប្រាក់​ឈ្នួល​របស់​កម្មករ​វិញ ជំទាស់​លើ​សេចក្ដី​សម្រេច​នេះ។

ក្រោយ​ពី​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មិថុនា ភាគី​ទាំង​ពីរ​ដែល​ម្ខាង​គាំទ្រ ជំហរ​រដ្ឋាភិបាល ដែល​ស្រប​ទៅ​និង​ស្មារតី​រដ្ឋាភិបាល​ដែរ​នោះ បាន​សម្រេច​កំណត់​ប្រាក់​ខែ​គោល ក្នុង​វិស័យ​កាត់ដេរ យក​ថ្ងៃ​ទី១ ដើម​ឆ្នាំ២០១៥ ក្នុង​ការ​អនុវត្ត​ដំឡើង​ប្រាក់​ខែ​គោល ចំណែក​ម្ខាង​ទៀត​តែង​អះអាង​ថា គាំទ្រ​ផលប្រយោជន៍​ឲ្យ​ភាគី​កម្មករ​វិញ ចាត់​ទុក​ថា វា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ឡើយ ដែល​បញ្ហា​ដ៏​ចម្រូងចម្រាស ក្នុង​ឆ្នាំ២០១៤ មិន​ទាន់​ត្រូវ​បាន​បិទ​បញ្ចប់ និង មិន​ទាន់​ទាំង​បាន​ដោះស្រាយ​អស់​ផង បែរ​ជា​ត្រូវ​លើក​យក​បញ្ហា​ដ៏​ស្មុគស្មាញ​ទាំង​នេះ ពន្យារ​ដល់​ឆ្នាំ២០១៥​ទៅវិញ​នោះ។

ភាគី​ទាំង​សង្ខាង បាន​ផ្ដល់​បទ​សម្ភាសន៍​មុន​ក្រោយ​គ្នា​ម្នាក់​ម្ដង បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ បាន​បិទ​បញ្ចប់​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី ៣០ មិថុនា។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ ( CCAWDU) ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែរ​នោះ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​ថា វា​មិន​គួរ​លើក​យក​បញ្ហា​ដ៏​សំខាន់ រឿង​ប្រាក់​ខែ​របស់​កម្មករ​នេះ ទៅ​ដោះស្រាយ​នៅ​ឆ្នាំ២០១៥​ទៅវិញ។លោក​ចាត់​ទុក​ថា ការពិត​ភាព​ចម្រូងចម្រាស ដែល​កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ ២០១៤ រឿង​ប្រាក់​ខែ​នេះ គណៈកម្មការ​ប្រឹក្សា​ការងារ គប្បី​ដោះស្រាយ​បញ្ចប់​ឲ្យ​ហើយ ក្នុង​ឆ្នាំ​នេះ​តែម្ដង មិន​គួរ​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ​ឡើយ។ចំណែក កិច្ច​ការ​ឆ្នាំ២០១៥ គួរ​ចាំ​ភារកិច្ច​ថ្មី​វិញ​ល្អ​ជាជាង៖ « នៅ​ក្នុង​លទ្ធផល​សម្រេច​នេះ ខ្ញុំ​គិត​ថា​សម្រាប់​ឆ្នាំ២០១៥​ទៅ​គឺ​យើង​អត់​បញ្ហា​ទេ។ ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ការ​ជជែក​នៅ​ឆ្នាំ២០១៤​នេះ ដើម្បី​បញ្ចប់​រឿង »

ក្រោយ​ពី​កិច្ច​ប្រជុំ លើក​ទី​មួយ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ កាល​ពី​ថ្ងៃ​ទី ១៦ មិថុនា រក​សំឡេង​ឯកច្ឆន្ទ មិន​បាន​សម្រេច​នោះ ទើប​កិច្ច​ប្រជុំ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ភាគី​ទាំងអស់​សម្រេច​បោះឆ្នោត​សម្ងាត់​វិញ​ម្ដង។ក្រុម​ប្រឹក្សា​ការងារ​មាន​សមាជិក ២៨ នាក់ ប៉ុន្តែ អវត្តមាន ៥ នាក់​កិច្ចប្រជុំ​លើក​នេះ។ ជា​លទ្ធផល​លើក​នេះ​អ្នក​បោះឆ្នោត​មាន​២៣ នាក់ ហើយ​លទ្ធផល គឺ២០ សំឡេង​គាំទ្រ កំណត់​កាល​បរិច្ឆេទ យក​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ២០១៥ ជា​ថ្ងៃ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​និយោជិក។ ចំណែក ៣​សំឡេង​ប្រឆាំង ការ​អូស​បន្លាយ​ទុក​ដោះស្រាយ​ដល់​ដើម​ឆ្នាំ​២០១៥។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​បិទ​បញ្ចប់​ថា ថ្វី​បើ​បរិយាការ​នៃ​កិច្ច​ប្រជុំ​បិទទ្វារ មាន​ពេល​ខ្លះ​ភាគី​ទាំង​សង្ខាង​ការពារ​ជំហរ​រៀង​ៗ​ខ្លួន តែ​ជា​រួម​កិច្ច​ប្រជុំ​នេះ បាន​សម្រេច​តាម​ទិសដៅ ក្នុង​ផលប្រយោជន៍​រួម៖ « ធម្មតា​ទេ​គឺ​ជជែក​គ្នា វា​មាន​លក្ខណៈ​ស្ថាបនា។ធម្មតា​ជំហរ​ភាគី​មួយ​ៗ​ការពារ​ផលប្រយោជន៍ ការពារ​ជំហរ​រៀង​ខ្លួន។ជជែក​ទៅ​ក៏​វា​មាន​ការ​តឹងតែង​ខ្លះ ក៏​មាន​ការ​ធូរស្រាល​ខ្លះ។ជា​រឿង​ធម្មតា​ហើយ​គឺ​នៅ​ក្នុង​ប្រពៃណី​គឺ​នៅ​ក្នុង​ការប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។