អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានជួបប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ដោយលោកជំរុញឲ្យមានការដោះស្រាយទំនាស់ដីធ្លី ឲ្យមានតម្លាភាពរវាងអ្នកវិនិយោគ និងប្រជាពលរដ្ឋ ដើម្បីជៀសវាងមានអំពើរំលោភសិទ្ធិមនុស្ស។
ការលើកឡើងរបស់លោក សុរិយា ស៊ូប៊ែឌី នេះ នៅស្របពេលរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនមួយចំនួនជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លី ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ ត្រូវឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស។
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មានប្រសាសន៍ថា នៅក្នុងជំនួបរវាងលោក និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានោះ លោកបានលើកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរហូតដល់មានការបណ្ដេញចេញពីលំនៅឋាន ពិសេសដូចជាករណី បុរីកីឡា និងនៅតំបន់បឹងកក់ ជាដើម។ លោកបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចចាំបាច់ណាស់ត្រូវអភិវឌ្ឍសិទ្ធិមនុស្សឲ្យដើរទន្ទឹមគ្នាទើបជាការប្រសើរ។ ក្រៅពីនេះទៀត លោកសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែធានានូវកំណើនសេដ្ឋកិច្ច៖ «កម្ពុជា ត្រូវធានាឲ្យបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាត្រូវការថាមពលអគ្គិសនីបន្ថែមទៀតសម្រាប់សហគ្រាស និងសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ កំណើនសេដ្ឋកិច្ច និងការធានាឲ្យមានការគោរពសិទ្ធិមនុស្ស គឺជាប្រធានបទសំខាន់ដែលបានពិភាក្សាគ្នា ជាពិសេសការទទួលនូវយោបល់បែបស្ថាបនាជាច្រើនទៀតរវាងសភាពាណិជ្ជកម្មកម្ពុជា»។
ការថ្លែងរបស់លោក សុរិយា ស៊ូប៊ែឌី នេះ នៅបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដកហូតដីពីក្រុមហ៊ុនចំនួន ៧ ក្នុងចំណោម ១២ក្រុមហ៊ុន លើផ្ទៃដីជិត ១៨ម៉ឺនហិកតារ នៅខេត្តស្ទឹងត្រែង ដែលជាជំហានដំបូង បញ្ឈប់មិនផ្ដល់សិទ្ធិបន្តទៀតឲ្យអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើសម្បទានដីសេដ្ឋកិច្ចមិនបានអនុវត្តតាមកិច្ចព្រមព្រៀង រវាងក្រសួងកសិកម្ម និងម្ចាស់សាមីក្រុមហ៊ុនផ្ទាល់នោះទេ ជាពិសេសនោះក្រុមហ៊ុនទាំងនេះ ថែមទាំងខកខានក្នុងការអនុវត្តតាមច្បាប់ភូមិបាលទៀតផង។
អគ្គនាយកសភាពាណិជ្ជកម្ម លោក ងួន ម៉េងតិច មានប្រសាសន៍ថា ចំពោះក្រុមឈ្មួញមួយចំនួនដែលមិនអនុវត្តតាមគោលការណ៍អភិវឌ្ឍន៍របស់រដ្ឋាភិបាលនេះ មានចំនួនតិចតួចទេ ហើយបញ្ហាសំខាន់ទៅលើអាជ្ញាធរដែនដីក្នុងការតាមដានមើលពីសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងនោះ៖ «ស្ថាប័នសភាពាណិជ្ជកម្មគ្មានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាជម្លោះដីនេះទេ គឺសំខាន់ទៅលើអាជ្ញាធរមូលដ្ឋាន»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប៉ាន់ស្មានថា ជម្លោះដីធ្លីចាប់តាំងពីឆ្នាំ២០០០ មកមាន ប្រជាពលរដ្ឋជាង ៧០ម៉ឺននាក់បានរងផលប៉ះពាល់ដោយសាររដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស ហើយចាប់តាំងពីឆ្នាំ២០០៨ ដល់២០១៣ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនជាង ១លានហិកតារ។
លោក សុរិយា ស៊ូប៊ែឌី អះអាងថា អនុសាសន៍របស់លោកកន្លងមកទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដោយសារតែបញ្ហាជម្លោះដីធ្លីនេះ ឃើញថា រដ្ឋាភិបាលបានទទួលយក និងមានផលវិជ្ជមាន។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ច លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគោរពច្បាប់ និងយុទ្ធសាស្ត្រពិភាក្សា ឬចរចាគ្នារវាងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ពិសេសការផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ហើយលោកសង្ឃឹមថា រដ្ឋាភិបាលនឹងអនុវត្តអនុសាសន៍របស់លោកបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។