ប្រធានក្រុមជំនុំជម្រះនៃតុលាការកំពូល សម្រេចភ្លាមៗនៅព្រឹកថ្ងៃទី១១ មីនា មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សមួយរូបទៀត គឺលោក អ៊ុក ពេជ្រសំណាង បាននៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវីទេ។
អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលការប្រកាសសាលដីកាសុំនៅក្រៅឃុំ ចាត់ទុកថា រដ្ឋាភិបាលនៅតែបន្តលូកដៃចូលកិច្ចការរបស់តុលាការ និងជាចំណាត់ការធ្វើឡើងស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាច។
លោក មាជ សុវណ្ណារ៉ា បានសម្រក់ទឹកភ្នែកក្រោយពីដឹងថា បណ្ដឹងសាទុក្ខ សុំនៅក្រៅឃុំ មិនត្រូវបានតុលាការអនុញ្ញាតដូចការស្នើសុំរបស់មេធាវី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានសម្រេចភ្លាមៗ ច្រានចោលការស្នើសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុក ពេជ្រសំណាង តាមរយៈការអានសាលដីកាដោយចៅក្រមលោក អឿង សៀង ក្នុងរយៈពេលមិនដល់ ២០នាទីផង។
ពាក់ព័ន្ធរឿងនេះ ទាំងមេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែបានអះអាងថា ការបដិសេធមិនឲ្យនៅក្រៅឃុំនេះ ធ្វើឡើងដោយតក់ក្រហល់ និងពុំបានបញ្ជាក់ពីមូលហេតុអ្វីពិតប្រាកដឡើយ។
លោក មាជ សុវណ្ណារ៉ា ឲ្យដឹងក្រោយចេញពីបន្ទប់ពីប្រកាសសាលដីការួច កាលពីព្រឹកថ្ងៃទី១១ ខែមីនា ថា លោកពិតជាអស់សង្ឃឹមចំពោះសេចក្ដីសម្រេចរបស់តុលាការនៅពេលនេះ។លោកយល់ឃើញថា ការតស៊ូមតិដើម្បីទាមទារសិទ្ធិសេរីភាពដោយអហិង្សា និងសេចក្ដីថ្លៃថ្នូរ បែរជាត្រូវបានតុលាការចោទប្រកាន់ថា ជាអ្នកដឹកនាំធ្វើកុប្បកម្មទៅវិញ។
លោក មាជ សុវណ្ណារ៉ា បន្តថា៖ «វាអយុត្តិធម៌ ព្រោះយើងជាអ្នកនយោបាយ ហើយទីបំផុតយើងចាញ់ទាំងឧក្រិដ្ឋជនទៅទៀត ដែលឧក្រិដ្ឋជនទីបំផុតមានការលើកលែងទោស ហើយយើងអ្នកនយោបាយ ហើយយើងមានគុណធម៌។ ខ្ញុំនិយាយអ៊ីចេះ អប់រំមនុស្សឲ្យចេះស្រលាញ់គ្នា ឲ្យចេះរួបរួមគ្នា»។
លោក មាជ សុណ្ណារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជនគណបក្ស ១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរក្នុងថ្ងៃបន្តបន្ទាប់។
លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំក្នុងថ្ងៃជាមួយលោក មាជ សុវណ្ណារ៉ា ដែរនោះថ្លែងថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការចោទរបស់តុលាការទេ។ លោកបញ្ជាក់ក្រោយចេញពីបន្ទប់ប្រកាសសាលដីកាថា វាជារឿងអយុត្តិធម៌សម្រាប់រូបលោក និងសកម្មជនដទៃទៀតរបស់គណបក្សសង្គ្រោះជាតិ ដែលតុលាការធ្វើសេចក្ដីសម្រេចមិនផ្អែកលើអង្គហេតុឲ្យបានត្រឹមត្រូវ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការច្រានចោលមិនឲ្យកូនក្ដីរបស់ខ្លួនបាននៅក្រៅដូចការស្នើសុំនេះ គឺជាមន្ទិលសង្ស័យមួយថ្មីទៀត ហើយកាន់តែច្បាស់ថា សំណុំរឿងមួយនេះ គឺកំពុងរងសម្ពាធពីឥទ្ធិពលនយោបាយនៃគណបក្សគ្រប់គ្រងអំណាច៖ «អ៊ីចឹងអំពើល្អរបស់គាត់ធ្វើ បែរជាគាត់ទទួលរងអយុត្តិធម៌តាមរយៈតុលាការទៅវិញ។ អ៊ីចឹងខ្ញុំមានការសោកស្ដាយ»។
ទាក់ទងបញ្ហានេះដែរ អនុប្រធានស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែលឃ្លាំមើលពីនីតិវិធីនេះ យល់ឃើញថា ការសម្រេចនេះ គឺបានផ្ដល់ភាពអយុត្តិធម៌មួយជាន់បន្ថែមទៀត ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ព្រឹត្តិការណ៍ជាក់ស្ដែង អ្នកដែលគួរចាប់ខ្លួន និងចោទប្រកាន់គឺពុំមែនជាសកម្មជនទាំងនេះ ពោលគឺអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋឯណោះទៅវិញទេ៖ «នាំឲ្យមានអំពើហិង្សានៅទីលាននេះគឺ យើងជាអ្នកសង្កេតការណ៍ផ្ទាល់នៅទីលាននោះ យើងមិនបានឃើញលោក មាជ សុណ្ណរ៉ា បញ្ជាឬ ក៏ដឹកនាំឲ្យវ៉ៃប្រហារទៅលើសន្តិសុខទេ។ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺសន្តិសុខទៅវិញ ដែលជាអ្នកវាយទៅលើមហាជននោះ»។
មេធាវីការពារក្ដីឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក ជូង ជូងី អះអាងថា រហូតមកដល់ពេលនេះ គឺពុំមានជម្រើសអ្វីថ្មីទៀតនោះទេ ក្រៅពីត្រូវរង់ចាំជជែកដេញដោលលើអង្គសេចក្ដីដែលត្រូវកំណត់ពេលវេលាជាថ្មីទៀត ដោយសាលាដំបូងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។